ពលរដ្ឋមីយ៉ាន់ម៉ាកំពុងបន្តធ្វើបាតុកម្មទាមទារឲ្យអាជ្ញាធរថៃ ដោះលែងកម្មករចំណាកស្រុកមីយ៉ាន់ម៉ាពីរនាក់ ដែលត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសថៃកាលពីសប្តាហ៍មុន ពីបទសម្លាប់អ្នកទេសចរអង់គ្លេសពីរនាក់ ដែលជាប្តីប្រពន្ធនឹងគ្នា។
បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងយ៉ានហ្គូន អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយរួមទាំងការប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតថៃ ប្រចាំនៅមីយ៉ាន់ម៉ាផងដែរ។ បាតុករជាច្រើននាក់ បានលើកបដា ដែលសរសេរថា «ដោះលែងពលរដ្ឋរបស់យើង» ហើយសរសេរទៀតថា «យើងត្រូវការយុត្តិធម៌»។
ស្ថានទូតថៃនៅមីយ៉ាន់ម៉ាបានបង្ខំចិត្តបិទផ្នែកកុងស៊ុលរបស់ខ្លួនអស់រយៈពេលពេញមួយសប្តាហ៍មកហើយ ដោយសារតែអ្វីមួយដែលខ្លួនបានហៅថា «ជាការតវ៉ាដែលអូសបន្លាយពេលដោយមិនបានរំពឹងទុកជាមុន»។ បាតុករខ្លះបានបិទផ្លូវចូលទៅក្នុងស្ថានទូតដែរ។
បាតុកម្មតវ៉ានេះក៏បានផ្ទុះឡើងនៅតាមតំបន់ព្រំដែនថៃ និងមីយ៉ាន់ម៉ាផងដែរ ដោយបានញ៉ាំងឲ្យអាជ្ញាធរនៃប្រទេសទាំងពីរអនុវត្តការរឹតបន្តឹងដល់ការចេញចូលតាមព្រំដែន ដើម្បីការពារសុវត្ថិភាពទាំងសងខាង។
កម្មករមីយ៉ាន់ម៉ា ទាំងពីរនាក់ ឈ្មោះ Zaw Htun និង Zaw Lin ត្រូវបានកាត់ទោសប្រហារជីវិតកាលពីសប្តាហ៍មុន ពីបទសម្លាប់ប្តីប្រពន្ធសញ្ជាតិអង់គ្លេសវ័យក្មេងមួយគូ ដែលទៅលេងកម្សាន្តនៅលើកោះលំហែកាយមួយកាលពីខែកញ្ញា ឆ្នាំ២០១៤។កម្មករចំណាកស្រុកទាំងពីរនាក់នោះនិយាយថា ពួកគេត្រូវបានធ្វើទារុណកម្ម ដើម្បីឲ្យសារភាព។ ប៉ុន្តែប៉ូលិសថៃបានបដិសេធការចោទប្រកាន់នេះ។
មេធាវីការពារក្តីឲ្យកម្មករទាំងពីរនាក់នេះនិយាយថា ភស្តុតាងជាសំណាកឈាម ឬគេហៅថា DNA ដែលត្រូវបានគេចាត់ទុកថាជាភស្តុតាងសំខាន់ ដែលឈានទៅដល់ការកាត់ទោសនោះ គឺមិនត្រឹមត្រូវទេ។
កម្មករទាំងពីរនាក់និយាយថា ពួកគេមានគម្រោងប្តឹងសារទុក្ខជំទាស់នឹងសាលក្រមតុលាការថៃនោះ។ ប៉ុន្តែលទ្ធភាពនៃការប្តឹងឧទ្ធរណ៍នេះមិនបានធ្វើឲ្យបាតុករជាច្រើនពេញចិត្តទេ ដោយអ្នកខ្លះបានអំពាវនាវឲ្យឈប់ប្រើទំនិញថៃថែមទៀតផង។
នៅថ្ងៃអង្គារម្សិលមិញរដ្ឋមន្ត្រីការបរទេសថៃ និងមីយ៉ាន់ម៉ាបាននិយាយគ្នាតាមទូរស័ព្ទ ហើយក្រោយមក ក៏បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនរៀងៗខ្លួន ឲ្យរក្សាភាពស្ងប់ស្ងៀមដោយនិយាយថា ពួកលោកទាំងពីរមិនចង់ឲ្យមានផលប៉ះពាល់ដល់ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai មានប្រសាសន៍ថា សមភាគីមីយ៉ាន់ម៉ារបស់លោក គឺលោក Wunna Maung Lwin បានយល់ថា សាលក្រមនោះមិនមែនជាសាលក្រមចុងក្រោយដែលបិទផ្លូវតវ៉ានោះទេ ហើយថា វាអាចមានការប្រែប្រួល។
ការសម្លាប់ជនជាតិអង់គ្លេសដែលជាប្តីប្រពន្ធពីរនាក់នេះបានធ្វើឲ្យរង្គោះរង្គើរដល់ឧស្សាហកម្មទេសចរណ៍របស់ថៃ ដែលមានលក្ខណៈពិបាកស្រាប់ទៅហើយ បន្ទាប់ពីរដ្ឋប្រហារយោធាចុងក្រោយនៅក្នុងប្រទេសនោះ។ សំណុំរឿងក្តីទាក់ទងនឹងកម្មករជនជាតិមីយ៉ាន់ម៉ានេះ ក៏បានគូសបញ្ជាក់ពីការព្រួយបារម្ភ ដែលមានជាយូរលង់ណាស់មកហើយអំពីការប្រព្រឹត្តទៅលើកម្មករចំណាកស្រុកនៅក្នុងប្រទេសថៃនោះ ដែលជារឿយៗ កម្មករចំណាកស្រុកទាំងនោះត្រូវបានស្តីបន្ទោសដោយខុសឆ្គង ចំពោះឧក្រិដ្ឋកម្មបែបនេះ៕