ប្រធានាធិបតីនៃប្រទេសភូមាបានអំពាវនាវឲ្យមានការជម្លៀសប្រជាជាននៅកន្លែងទាបៗក្នុងតំបន់ដីសណ្ត Irrawaddy នៅពេលដែលទឹកទន្លេបានឡើងដល់កម្រិតខ្ពស់បំផុត ហើយបានគំរាមកំហែងមាត់ទន្លេ។
ក្នុងសារមួយដែលបានផ្សាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី Thein Sein បាននិយាយថា តំបន់នានានៅជិត Irrawaddy មានភាពគ្រោះថ្នាក់នៅពេលដែលទឹកទន្លបានឡើងហួសពីកម្រិតគ្រោះថ្នាក់។
មនុស្សប្រហែល៦.២០០.០០០នាក់ដែលមានចំនួន១២ភាគរយនៃប្រជាពលរដ្ឋភូមា រស់នៅក្នុងតំបន់នោះ ជាតំបន់មួយដែលទន្លេ Irrawaddy ហើយនិងដៃទន្លេផ្សេងៗទៀតហូរចូលក្នុងតំបន់ដីសណ្តឆ្ពោះទៅកាន់សមុទ្រ។
ទីក្រុងយ៉ាំងហ្គូនដែលជាទីក្រុងដ៏ធំបង្អស់របស់ភូមា មិនមានទឹកជំនន់ទេ ថ្វីបើនៅជិតតំបន់ដីសណ្តនោះក៏ដោយ។
យោងតាមក្រសួងសង្គមកិច្ច ជួយសង្គ្រោះនិងការតាំងទីលំនៅឡើងវិញ បានប្រាប់ឲ្យដឹងថា ទឹកជំនន់យ៉ាងខ្លាំងដែលបានកើតមានឡើងកាលពីសប្តាហ៍មុនដោយការធ្លាក់ភ្លៀងរដូវមូសុងយ៉ាងខ្លាំងនោះបានសម្លាប់មនុស្ស៨១នាក់។
តំបន់ចំនួន៤បានប្រកាសជាតំបន់មហន្តរាយដោយមានទឹកជំនន់យ៉ាងខ្លាំង។
សហរដ្ឋអាមេរិកបានប្រកាសផ្តល់កម្មវិធីជំនួយដើម្បីជួយជនរងគ្រោះដោយសារទឹកជំនន់នៅក្នុងប្រទេសភូមា នៅពេលដែលកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយអន្តរជាតិបានបង្កើនល្បឿនបន្ទាប់ពីមហន្តរាយបានប៉ះពាល់មនុស្សរាប់សែននាក់នៅទូទាំងប្រទេស៕