ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះ​មហន្តរាយ​ទឹកជំនន់​នៅ​អាស៊ី ជា​សញ្ញា​ព្រមាន​មួយ​សម្រាប់​អ្នករៀបចំ​ផែនការ​ទីក្រុង


ទឹកជំនន់​នៅភូមា
ទឹកជំនន់​នៅភូមា
ប្រែសម្រួលដោយ ឌី ខាំ​បូលី​
គ្រោះមហន្តរាយ​ទឹកជំនន់​នាពេល​ថ្មីៗ​នេះ នៅតាមរដ្ឋធានី​ទាំងឡាយ​ក្នុង​ទ្វីប​អាស៊ី គឺជា​ការព្រមាន​មួយ​នៃបញ្ហា​ដ៏ធ្ងន់​ធ្ងរ​ឡើង​ ដែលនឹងកើតមាន​សម្រាប់អ្នក​រៀបចំ​ផែនការទីក្រុង។ ធនាគារអភិវឌ្ឍន៍​អាស៊ី (Asian Development Bank) និយាយ​ថា គម្រោង​ប្រែក្លាយ​ឱ្យ​ទៅជា​ទីក្រុងយ៉ាងឆាប់​រហ័ស កំពុង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ហេដ្ឋារចនា​សម្ព័ន្ធ​ទីក្រុង ដែល​នាំ​ទៅដល់​ការបំពុល​បរិស្ថាន​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​នៅទ្វីប​អាស៊ី​ស្ថិត​ក្នុងភាពប្រថុយប្រថាន។
ភ្លៀង​ម៉ូសុង​យ៉ាងខ្លាំង​នៅក្នុង​ខែនេះ បាន​បណ្តាល​ឱ្យជន​លិចមួយភាគបី​នៃ​រដ្ឋធានី ម៉ានីឡា (Manila) របស់​ប្រទេស ហ្វីលីពិន (the Philippine)។
កាល​ពីខែ​កក្កដា រដ្ឋធានី ប៉េកាំង (Beijing) នៃ​ប្រទេស​ចិន ជួប​ប្រទះ​នូវទឹកជំនន់​ដ៏អាក្រក់​បំផុត​នៅក្នុង​រយៈពេល​៦០​ឆ្នាំ​នេះ។
ហើយ​កាលពី​ឆ្នាំ​មុន​ រាជធានីបាងកក នៃ​ប្រទេស​ថៃ ត្រូវបាន​លិចលង់​ដោយផ្នែក ដោយសារ​ទឹកជំនន់​ជាប្រវត្តិសាស្រ្ត ដែល​បាន​សម្លាប់​ប្រជាពលរដ្ឋ​ជាង​៨០០​នាក់។

ទឹកលិច​ជន់​នៅហ្វីលីពីន
ទឹកលិច​ជន់​នៅហ្វីលីពីន
លោក ចាំងយ៉ុង រ៉ី (Changyong Rhee) ប្រធាន​សេដ្ឋវិទូនៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និយាយ​ថា ទោះបីជា​សោកនាដកម្មដែល​ទាក់ទងនឹង​អាកាសធាតុនេះ​ កើត​ឡើង​ជា​ទូទៅ​នៅ​ទ្វីប​អាស៊ី​ក៏ដោយ វា​មិនមែន​មក​ពីសំណាង​អាក្រក់​នោះទេ។
«គ្រោះមហន្តរាយ​ធម្មជាតិ​បែបនេះ ជាពិសេស​គ្រោះ​ទឹកជំនន់​នៅអាស៊ី គឺជាដោយសារការរួមបញ្ចូលគ្នា​នៃ​ការកើនឡើងប្រកប​ដោយគ្រោះថ្នាក់​ ស្តីពី​ការកើន​ឡើង​កំដៅ​ផែនដី និង​ការប្រែប្រួល​អាកាសធាតុ ស្រប​គ្នា​ជាមួយ​នឹង​គម្រោង​ប្រែក្លាយ​ឱ្យទៅជា​ទីក្រុង​យ៉ាង​ធំធេង​និង​យ៉ាង​ឆាប់​រហ័ស​នៅអាស៊ី ដោយ​មិនមាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ»។
លោក រ៉ី កំពុង​និយាយ​ទៅកាន់​ ក្លឹប​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បរទេស​នៃ​ប្រទេស​ថៃ សម្រាប់​ការចេញ​របាយការណ៍​ស្តីពី​សិក្សា​មួយ​របស់​ធនាគារ ADB ដែលមាន​ចំណងជើង​ថា «គម្រោង​ប្រែក្លាយ​ឱ្យទៅជា​ទីក្រុង​ពណ៌​បៃតង​នៅ​អាស៊ី»។ ធនាគារ ADB បាន​ឲ្យ​ដឹងថា ការ​បញ្ចេញ​ឧស្ម័ន​កាបោន ដែល​ត្រូវបានជឿជាក់​ថា​ជា​មូលហេតុ​ចម្បង​មួយ​នៃ​ការប្រែប្រួល​អាកាសធាតុ បាន​កើនឡើង​ចំនួន​៥ដង ដែលមាន​ល្បឿន​លឿន​នៅតាមទីក្រុង​ក្នុង​ទ្វីប​អាស៊ី ដូច​ទៅនឹង​ការកើនឡើង​ជា​មធ្យម​នៅលើ​ពិភពលោកដែរ​ ហើយ​នឹង​កើនឡើង​ដល់ទៅ​បីដងទៀតនៅ​ត្រឹម​ឆ្នាំ​២០៥០។
ខណៈពេល​ដែល​បាន​ជួយ​ប្រជាពលរដ្ឋ​ជាច្រើន​ឱ្យ​រួចផុត​ពី​ភាពក្រីក្រ កំណើន​សេដ្ឋកិច្ច​យ៉ាងខ្លាំង​នៅ​អាស៊ី បាន​បង្កឱ្យ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ផ្លាស់ទៅ​រស់​នៅ​ទីក្រុង ដើម្បី​ស្វែងរក​ការងារ​ល្អ​ជាងមុន។
ធនាគារ ADB បញ្ជាក់ថា ឥឡូវនេះ ទ្វីបអាស៊ី​ ​គឺជា​ទីជម្រក​នៃទីក្រុងដែល​មាន​មនុស្ស​រស់នៅ​ច្រើន​កុះករជាង​ពាក់កណ្តាល​របស់​ពិភពលោក ដែល​ជា​ទីក្រុង​ទាំងឡាយ​ មាន​ប្រជាពលរដ្ឋ​ច្រើនជាង​១០​លាននាក់ និង​ជាទី​ជម្រក​របស់​អ្នកតាំង​ទីលំនៅ​អនាធិបតេយ្យ​ចំនួន៦០​ភាគរយ​នៃ​ពិភពលោកទៀតផង។
នៅឆ្នាំ​១៩៥០ មាន​ទីក្រុង​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​កុះករ​តែ​ពីរ​ប៉ុណ្ណោះ គឺ​ទីក្រុង ញូវយ៉ក (New York) និង​ទីក្រុង តូក្យូ (Tokyo) ប៉ុន្តែ​ឥឡូវនេះ មាន​ចំនួន​ដល់​ទៅ​២៣ ដែលក្នុងនោះ​ចំនួន​១២​ទីក្រុង​ស្ថិត​ក្នុង​ទ្វីប​អាស៊ី។
លោក រ៉ី និយាយ​ថា ក្រុម​អ្នក​រៀបចំ​ផែនការ​ទីក្រុង​កំពុង​ខ្នះខ្នែង​ដោះស្រាយ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ចាំបាច់ ដោយបង្ក​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់អនាធិបតេយ្យ ​មានការកើនឡើង​ និង​ងាយ​ទទួលរងគ្រោះ។
«ព័ត៌មាន​អាក្រក់​គឺថា ភាព​ងាយ​ទទួល​រងគ្រោះទាំងនេះ ទំនង​ជា​អាច​នឹងកាន់តែ​កើនឡើង​ជាមួយនឹង​គម្រោង​ប្រែក្លាយ​ឱ្យទៅ​ជា​ទីក្រុង។ ហេតុអ្វី? ពីព្រោះ​ដោយ​មានគម្រោងប្រែក្លាយ​ឱ្យទៅ​ជា​ទីក្រុង វា​នឹង​មានប្រជាពលរដ្ឋ​កាន់តែ​ច្រើន ដែលនឹង​រស់នៅ​ក្នុង​តំបន់អនាធិបតេយ្យ​នៅ​ទីក្រុង។ ពួកគេ​រស់នៅ​ក្នុង​តំបន់​ដែលមាន​គ្រោះថ្នាក់។ ហើយ ដោយសារ​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ ពួកគេ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​នេះ»។
ធនាគារ ADB និយាយ​ថា ប្រជាពលរដ្ឋ​អាស៊ី​ដែល​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ទឹកជំនន់​នៅតាម​តំបន់​ដីគោក ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ដល់៣៥០​លាននាក់​នៅត្រឹមឆ្នាំ​២០២៥។
អ្នក​ដែល​ងាយ​ទទួល​រងគ្រោះពីទឹក​ជំនន់​នៅ​តាម​តំបន់​មាត់​សមុទ្រ នឹងកើនឡើង​ដល់​ចំនួន​៤០០​លាននាក់។ ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​នេះ ធនាគារ ADB និយាយ​ថា ទីក្រុង​ទាំងឡាយ​ត្រូវតែ​ផ្តោត​ទៅលើ​ការ​កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ផែនការ​និង​បច្ចេកវិជ្ជា​ប្រកបដោយ​ការថែរក្សា​បរិស្ថាន និង​ជំរុញ​ប្រសិទ្ធភាព​នៃ​ថាមពល។
លោក រ៉ី និយាយ​ថា វិធានការ​ដ៏សំខាន់​ជាងគេ​បំផុត គឺ​ការកសាង​ប្រព័ន្ធ​ឆ្លងកាត់​ធំៗ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​កាត់បន្ថយការពឹងផ្អែក​ទៅលើ​ប្រេង​ឥន្ធនៈ​ហ្វូស៊ីល​ដែលសម្បូរ​ទៅ​ដោយ​សារជាតិ​ពុល។ លោក​និយាយ​ថា ការកើតមានឡើង​នូវ​ទីក្រុង​រណបនៅក្បែរ​ទីក្រុង​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​កុះករ​នៅ​ទ្វីប​អាស៊ី បង្កើត​ឱកាសនូវក្នុង​ដាក់បញ្ចូល​ទស្សន​«បៃតង»​តាំង​តែ​ពីដើម​ទៅ​តែ​ម្តង៕
XS
SM
MD
LG