ប៉ូលិសមីយ៉ាន់ម៉ានៅថ្ងៃអង្គារនេះបានបាញ់ដើម្បីបំបែកហ្វូងបាតុករដែលតវ៉ាប្រឆាំងរដ្ឋប្រហារយោធា នៅពេលដែលរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍បានប្រុងប្រៀបធ្វើការចរចាជាមួយក្រុមយោធា ដើម្បីស្វែងរកដំណោះស្រាយសន្តិវិធីចេញពីវិបត្តិនេះ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការចរចាដែលគ្រោងធ្វើឡើងតាមវីដេអូ កើតមានឡើងពីរថ្ងៃបន្ទាប់ពីការបង្ក្រាបដ៏បង្ហូរឈាមបំផុតនៃចលាចលនៅមីយ៉ាន់ម៉ានេះ ចាប់តាំងពីក្រុមយោធាបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី Aung San Suu Kyi កាលពីថ្ងៃទី១ ខែកុម្ភៈ ដែលបានបណ្តាលឲ្យមានការខឹងសម្បារនិងបាតុកម្មដ៏ធំនៅតាមផ្លូវទូទាំងប្រទេស។
បាតុកររាប់រយនាក់ ភាគច្រើនបានពាក់មួកការពារបានប្រមូលផ្តុំគ្នានៅខាងក្រោយរបាំងនៅតាមទីកន្លែងនានានៃទីក្រុងរ៉ង់ហ្គូន ដើម្បីស្រែកពាក្យស្លោកប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកយោធា។
មិនមានសេចក្តីរាយការណ៍ពីមនុស្សរងរបួសនៅក្នុងទីក្រុងរ៉ង់ហ្គូនទេ ក៏ប៉ុន្តែមនុស្ស ៤ នាក់ បានរងរបួសនៅក្នុងក្រុង Kale ភាគឦសានទីដែលក្រុមប៉ូលិសបានបាញ់គ្រាប់កាំភ្លើងពិតៗ ដើម្បីបំបែកហ្វូងមនុស្ស បន្ទាប់ពីពួកបាតុករ បានចោលរបស់របរដាក់ប៉ូលិស។ នេះបើតាមអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកម្នាក់។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បាននិយាយថា សមភាគីរបស់លោក នៅក្នុងសមាគមអាស៊ាន នឹងនិយាយដោយត្រង់ៗ នៅពេលដែលពួកគេជួបពិភាក្សាតាមវីដេអូនៅថ្ងៃអង្គារនេះ ហើយនឹងប្រាប់អ្នកតំណាងរបស់ក្រុមយោធាមីយ៉ាន់ម៉ាថា ពួកគេមានការរន្ធត់ពីអំពើហិង្សានៅទីនោះ។
នៅក្នុងកិច្ចសម្ភាសន៍តាមទូរទស្សន៍មួយ កាលពីយប់ថ្ងៃច័ន្ទ លោក Balakrishnan បានបញ្ជាក់ថា អាស៊ាន នឹងលើកទឹកចិត្តឲ្យមានការសន្ទនារវាងអ្នកស្រី Suu Kyi និងក្រុមឧត្តមសេនីយ៍មីយ៉ាន់ម៉ា។
រដ្ឋប្រហារនេះបានបញ្ឈប់ដំណើររបស់មីយ៉ាន់ម៉ាឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ ក្រោយការកាន់អំណាចរបស់យោធាអស់ ៥០ ឆ្នាំ ហើយបាននាំឱ្យមានការថ្កោលទោសនិងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកនិងបណ្តាប្រទេសលោកខាងលិច ហើយនឹងការកើនឡើងនូវការព្រួយបារម្ភក្នុងចំណោមប្រទេសជិតខាង៕