សភា​ភូមា​ចាប់​ផ្តើម​ជជែក​ដេញ​ដោល​ទៅ​លើ​ច្បាប់​សាសនា​ដ៏​ចម្រូងចម្រាស

ជនជាតិ​អ៊ីស្លាម​ភូមា​ដែល​ហៅ​ខ្លួន​ឯង​ថា​ ជនជាតិ​អ៊ីស្លាម Rohingya ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ជំរុំ​ភាស​ខ្លួន​មួយ​នៅ​ក្នុង​ទីក្រុង Sittwe រដ្ឋ​ Rakhine ប្រទេស​ភូមា​ភាគ​ខាង​លិច៕

សភា​ជាន់​ខ្ពស់​នៅ​ក្នុងប្រទេស​ភូមា​បាន​ចាប់​ផ្តើម​ជជែក​ដេញដោល​សេចក្តី​ព្រាង​ច្បាប់​អន្តរ​សាសនាដ៏​ចម្រូង​ចម្រាស់​២ដែលក្រុម​អ្នក​រិះគន់​និយាយ​ថា​អាច​ធ្វើ​ឲ្យ​មាន​ជម្លោះ​រវាង​ក្រុម​សាសនា។

​សេចក្តី​ព្រាង​ច្បាប់​ដែល​បាន​ដាក់​ស្នើ​ដោយ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Thein Sein ​នឹង​តម្រូវ​ឲ្យ​ពលរដ្ឋ​ទទួល​បាន​ការ​អនុញ្ញាតពី​ក្រុម​រដ្ឋ​អំណាច​មូលដ្ឋាន​មុន​ពេល​ប្តូរ​ទៅ​សាសនា​ថ្មី។​ វិធានការ​ទាំងនោះ​ក៏​នឹង​អនុញ្ញាតឲ្យ​រដ្ឋ​អំណាច​នៅ​ក្នុង​តំបន់​ជន​ជាតិ​ភាគតិច​ធ្វើ​ការ​ត្រួតត្រា​គោល​នយោបាយ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែរ។ នេះ​រួម​មាន​ទាំង​ច្បាប់​ដែល​ហាម​ឃាត់​មិន​ឲ្យ​មាន​កូន​លើស​ពី​ម្នាក់​ក្នុងមួយ​គ្រួសារ។

​លោក Khat Htain Nan​ សមាជិក​សភា​នៃ​គណបក្ស​សាមគ្គីភាព​និង​ប្រជាធិបតេយ្យ​បាន​និយាយ​ថា​ឥឡូវនេះ​ជា​ការ​អាក្រក់​មួយ​សម្រាប់​សេចក្តី​ព្រាង​ច្បាប់​ទាំង​នោះ។

​លោក​និយាយ​ថា «ខ្ញុំ​គិត​ថា​សេចក្តី​ព្រាង​ច្បាប់នោះ​មិនចាំបាច់​នៅពេល​នេះ​ទេ ​ជាពិសេស​ក្នុង​អំឡុងពេល​អន្តរកាល​នៃលទ្ធិ​ប្រជាធិបតេយ្យដែល​ក្នុង​នោះ​សេរីភាព​បាន​ត្រូវ​អនុញ្ញាត​។ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ហើយ​និង​ការ​លំបាកកាន់​តែ​ខ្លាំង​ឡើង‍ៗ»។

ប៉ុន្តែ ​ព្រះ​សង្ឃ​មួយ​ក្រុមដែល​បាន​ប្រមូល​ហត្ថលេខា​ជាង​១​លាន​បាន​គាំទ្រ សេច​ក្តីព្រាង​ច្បាប់ ​ដោយ​មាន​សង្ឃដីកា​ថា​វិធានការ​នេះ​ជា​ការ​ចាំបាច់​ដើម្បី​បញ្ចៀសហិង្សា​ខាងសាសនា​ហើយ​និង​រារាំង​ការ​កើនឡើង​នូវ​ចំនួន​ពលរដ្ឋ​កាន់​សាសនា​អ៊ី​ស្លាម​នៅ​ក្នុង​ប្រទេស។

​អំពើ​ហិង្សា​រវាង​អ្នក​កាន់ព្រះពុទ្ធ​សាសនា​ភាគ​ច្រើន​និង​អ្នកកាន់​សាសនា​អ៊ីស្លាម​ភាគ​តិច​នៅ​ក្នុង​ប្រទេស​ភូមា​បាន​សម្លាប់​មនុស្ស​ជាង​២៤០​នាក់​ហើយ​បាន​បង្ខំមនុស្ស​ជាង​១​សែន​៤ម៉ឺន​នាក់​ឲ្យ​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១២មក។​ អ្នកស្លាប់​និង​អ្នក​គ្មាន​ទី​លំនៅ​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដែល​ហៅ​ខ្លួនឯង​ថាRohingya ​នៅ​ក្នុង​រដ្ឋ Rakhine ភាគ​ខាង​លិច។ រដ្ឋាភិបាល​និយាយ​ថា ​ខ្លួន​មិន​ទទួល​ស្គាល់ជនជាតិ Rohingya ​ថាជា​ជនជាតិ​ភាគតិច​ហើយ​បាន​ចាត់​ទុក​ពួកគេ​ថា​ជា​ជនជាតិ Bengali៕