សភាជាតិមីយ៉ាន់ម៉ា បានបោះឆ្នោតជ្រើសរើសលោក ធីន ច ( Htin Kyaw) ជាប្រធានាធិបតីថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា។
អ្នកការិយាធិបតេយ្យដែលចូលនិវត្តន៍ មកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) រូបនេះទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៣៦០ សំឡេង ក្នុងចំណោមសំឡេងឆ្នោតសរុបទាំងអស់ ៦៥២ សំឡេង នៅក្នុងសម័យប្រជុំរួមរបស់រដ្ឋសភាមីយ៉ាន់ម៉ា ឬដែលគេធ្លាប់ហៅថា ភូមានោះ។
តំណាងរាស្ត្រថ្មីម្នាក់ខាងគណបក្ស NLD ឈ្មោះ និន តេត (Hnin Htet) ដែលត្រូវជាកូនស្រីរបស់អតីតអ្នកទោសនយោបាយម្នាក់ បាននិយាយទាំងក្តីរំភើបចិត្ត នៅក្រោយពេលបោះឆ្នោតរួចថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់សម្រាប់គាត់ សម្រាប់គណបក្សរបស់យើង សម្រាប់ប្រជាជនរបស់យើង និងសម្រាប់ប្រទេសរបស់យើង»។
លោក ធីន ច មិនមែនជាសមាជិកសភានោះទេ ប៉ុន្តែលោកគឺជាមនុស្សជំនិតម្នាក់របស់ប្រធានគណបក្ស NLD គឺលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ដែលជាមនុស្សដំបូងគេម្នាក់ដែលបានបោះឆ្នោត នៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រនៅថ្ងៃអង្គារនេះ។
លោកស្រី អង់សាន ស៊ូជី មិនបានផ្តល់ការអត្ថាធិប្បាយដល់អ្នកយកព័ត៌មានទេ នៅពេលដែលលោកស្រីចូលនិងចេញពីសភា។
ជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះ គឺជាមនុស្សដែលពលរដ្ឋមីយ៉ាន់ម៉ាភាគច្រើនស្រលាញ់ចូលចិត្តជាងគេយ៉ាងច្បាស់ក្រឡែត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬដែលគេធ្លាប់ហៅថាភូមា។
ប៉ុន្តែ លោកស្រី ត្រូវបានរដ្ឋធម្មនុញ្ញរារាំងមិនឲ្យកាន់តំណែងជាប្រធានាធិបតីរបស់ប្រទេសនេះទេ ដោយសារកូនប្រុសទាំងពីរនាក់របស់លោកស្រី មានសញ្ជាតិបរទេស។
មន្រ្តីក្រសួងការបរទេសអាមេរិកម្នាក់បាននិយាយថា៖ «យើងនៅតែបារម្ភអំពីបញ្ញត្តិមួយចំនួននៅក្នុងរដ្ឋធម្មនុញ្ញភូមា ដែលផ្ទុយនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យជាសារវន្ត ហើយបញ្ញត្តិទាំងនោះរារាំងប្រជាជនភូមា មិនឲ្យបោះឆ្នោតជ្រើសរើសមេដឹកនាំដែលពួកគេចង់បាន»។
មន្ត្រីដដែលបានបន្តទៀតថា៖ «ពលរដ្ឋភូមាគួរតែអាចសម្រេចចិត្តថាតើនឹងត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះឬយ៉ាងណា ហើយនៅពេលណា ដើម្បីកែប្រែបញ្ញត្តិទាំងនេះ»។
លោកស្រី អង់សាន ស៊ូជី បានប្រកាសថា លោកស្រីនឹងរក្សាអំណាចកំពូលលើប្រធានាធិបតី ដែលលោកស្រីជ្រើសរើសដោយផ្ទាល់ ហើយដែលលោកស្រីបានស្គាល់តាំងពីរៀននៅថ្នាក់បឋមសិក្សាជាមួយគ្នាមកម្លេះ។
ក្រុមយោធានឹងនៅតែមានអំណាចនៅក្នុងរដ្ឋាភិបាលថ្មី ដោយសារយោធាទទួលបានអាសនៈសភា១ភាគបីដោយស្វ័យប្រវត្តិ ហើយនឹងគ្រប់គ្រងក្រសួងសំខាន់ៗជាច្រើន៕