យោធា​មីយ៉ាន់ម៉ា​គំរាម​ចាប់​ដាក់​ពន្ធនាគារ​ចំពោះ​អ្នក​ដែល​បង្ហាញ​ការ​គាំទ្រ​តាម​អនឡាញ​លើ​ក្រុម​ប្រឆាំង

  • Reuters

រូបឯកសារ៖ ពាក្យ​ស្លោក​មួយ​ត្រូវ​បាន​សរសេរ​នៅ​លើ​ដង​ផ្លូវ​ដើម្បី​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២២។

នៅ​ថ្ងៃ​អង្គារ​នេះ របប​យោធា​មីយ៉ាន់ម៉ា​បាន​ព្រមាន​សាធារណជន​កុំ​ឱ្យ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ក្រុម​ដែល​ប្រឆាំង​នឹង​របប​យោធា ដោយ​បាន​គំរាម​ចាប់​ដាក់​ពន្ធនាគារ​រហូត​ដល់ ១០ ឆ្នាំ​ចំពោះ​ការ​ចុច «Like» ឬ​ក៏​ការ​ចែកចាយ​អត្ថបទ​ឬ​សារ​ណា​មួយ​របស់​ក្រុម​ប្រឆាំង​តាម​បណ្តាញ​សង្គម​អនឡាញ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បាន​ញាំញី​ដោយ​អំពើ​ហិង្សា​តាំងពី​ពេល​ដែល​ក្រុម​យោធា​បាន​ដណ្ដើម​គ្រប់គ្រង​អំណាច​កាលពី​ដើម​ឆ្នាំ​នេះ​មក ដោយ​មាន​ការ​ប៉ះទង្គិច​គ្នា​នៅ​តាម​តំបន់​ជា​ច្រើន​រវាង​កង​កម្លាំង​របស់​របប​យោធា​មីយ៉ាន់ម៉ា​ជាមួយ​នឹង​ក្រុម​ជីវពល​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ឯកភាព​ជាតិ (NUG) ដែល​ជា​រដ្ឋាភិបាល​ស្រមោល​និង​ក្រុម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នានា។

លោក Zaw Min Tin ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​ជា​អ្នក​នាំពាក្យ​របស់​របប​យោធា​មីយ៉ាន់ម៉ា បាន​និយាយ​ថា «ក្រុម​ភេរវករ» ស្វះស្វែង​រក​ប្រាក់​ជំនួយ​ដើម្បី​សម្លាប់​មនុស្ស​ស្លូតត្រង់​នៅ​ក្នុង​យុទ្ធនាការ​របស់​ពួកគេ​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​មាន​អស្ថិរភាព ដូច្នេះ​ការ​គាំទ្រ​ណា​មួយ​លើ​ពួកគេ​នឹង​ត្រូវ​រង​វិធានការ​តឹងតែង។

លោក​បាន​ថ្លែង​ថា ការ​គាំទ្រ​ណា​មួយ​តាម​បណ្តាញ​សង្គម​អនឡាញ​ចំពោះ​រដ្ឋាភិបាល​ស្រមោល ឬ​ចំពោះ​កង​កម្លាំង​ការពារ​ប្រជាជន (PDF) ដែល​ជា​សម្ព័ន្ធមិត្ត​ប្រដាប់​អាវុធ​របស់​ក្រុម​នេះ អាច​នាំ​ឱ្យ​មាន​ទោស​ជាប់​ពន្ធនាគារ​ពី ៣ ឆ្នាំ​ទៅ ១០ ឆ្នាំ ហើយ​អាច​មាន​ទោស​ខ្លាំង​ជាង​នេះ​សម្រាប់​អ្នក​ណា​ដែល​ផ្តល់​ប្រាក់​សូម្បីតែ​បន្តិចបន្តួច​ក៏ដោយ​ដល់​ក្រុម​ប្រឆាំង។

លោក Zaw Min Tin បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ថា៖ «ប្រសិនបើ​អ្នក​ផ្តល់​ប្រាក់​ជំនួយ​ឬ​គាំទ្រ​ពួក​ភេរវករ​ទាំង​នោះ​និង​សកម្មភាព​របស់​ពួកគេ នោះ​អ្នក​នឹង​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ។ យើង​ធ្វើ​ដូច្នេះ​ដើម្បី​ការពារ​ជន​ស៊ីវិល​ស្លូតត្រង់»។

ចាប់​តាំងពី​ពេល​ដែល​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី Aung San Suu Kyi កាលពី​ឆ្នាំ​មុន​មក ក្រុម​ប្រឆាំង​នឹង​របប​យោធា​បាន​ប្រើ​បណ្តាញ​សង្គម​តាម​អនឡាញ​ដើម្បី​ព្យាយាម​ផ្ញើ​សារ​ទំនាក់ទំនង​របស់​ពួកគេ​ឱ្យ​បាន​ទូលំទូលាយ​ជាង​មុន ដោយ​ក្រុម​អ្នក​កាសែត​ពលរដ្ឋ​ជា​រឿយៗ​បាន​បង្ហោះ​រូបភាព​អំពី​បាតុកម្ម​និង​អំពើ​ឃោរឃៅ​នានា​របស់​យោធា​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ៕