ពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា ឬភូមាដែលនៅក្នុងប្រទេសថៃ កំពុងតាមដានការបង្កើតរដ្ឋាភិបាលថ្មី របស់ប្រទេសមីយ៉ាន់ម៉ាយ៉ាងដិតដល់ បន្ទាប់ពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ឬហៅកាត់ថា NLD មានសន្ទុះយ៉ាងខ្លាំងក្នុងការបោះឆ្នោតនាចុងសប្ដាហ៍នេះ។ ប៉ុន្តែ តំណាងសហគមន៍សំខាន់ៗថា កម្មករចំណាកស្រុកជាច្រើនមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នថា រដ្ឋាភិបាលថ្មីនឹងអាចផ្ដល់នូវការគាំទ្រ ដែលពួកគេត្រូវការ ដើម្បីឱ្យជីវិតរបស់ពួកគេប្រសើរឡើង។
មានតែមនុស្សមួយភាគតូចប៉ុណ្ណោះនៃចំនួនពលករចំណាកស្រុក និងជនភៀសខ្លួនមីយ៉ាន់ម៉ាជាងពីរលាននាក់ដែលរស់នៅក្នុងប្រទេសថៃមានសិទ្ធបោះឆ្នោតនៅក្នុងការបោះឆ្នោតជាតិរបស់ប្រទេសមីយ៉ាន់ម៉ា។
ប៉ុន្តែសម្រាប់មនុស្សភាគច្រើន សេចក្ដីសង្ឃឹមរបស់ពួកគេស្ថិតនៅលើការផ្លាស់ប្ដូរ របស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យឬហៅកាត់ថា NLD ដែលមេដឹកនាំគណបក្សប្រឆាំងនេះ គឺលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) បាននាំមុខក្នុងការរាប់សន្លឹកឆ្នោត។
លោក Min Oo អ្នកសម្របសម្រួលមូលនិធិសម្រាប់ការអប់រំ និងអភិវឌ្ឍន៍នៅខេត្ត Phang Na ភាគខាងត្បូងប្រទេសថៃ ដែលជួយពលករចំណាកស្រុកនៅក្នុងវិស័យកសិកម្ម និងនេសាទបានឱ្យដឹងថា មានមនុស្សជាច្រើនកំពុងសម្លឹងមើលរួចហើយលើការបង្កើតរដ្ឋាភិបាលថ្មីនេះ។
«ឥឡូវនេះពួកគេមានអារម្មណ៍ថា ពួកគេបានអ្វីដែលពួកខ្លួនចង់បាន គឺដើម្បីទទួលបានរដ្ឋាភិបាលថ្មីមួយ។ ពួកគេចង់ឱ្យគណបក្ស NLD ឈ្នះ។ ប៉ុន្តែសម្រាប់កម្មករវិញ ពួកគេចង់ដឹងពីផែនការនាពេលអនាគតរបស់រដ្ឋាភិបាលថ្មីនេះ។ តើអ្វីដែលរដ្ឋាភិបាលថ្មីនឹងធ្វើសម្រាប់ពួកគេ? ហើយនេះគឺជាបញ្ហាដែលពួកគេត្រូវតែគិត»។
ប្រទេសថៃបានក្លាយជាជម្រកសុវត្ថិភាពសម្រាប់ជនភៀសខ្លួន ដែលភៀសខ្លួនចេញពីទំនាស់ពូជសាសន៍ក្នុងប្រទេសមីយ៉ាន់ម៉ាដែរ។ នៅក្នុងក្រុង Mae Sot ភាគពាយ័ព្យនៃប្រទេសថៃវេជ្ជបណ្ឌិតជនជាតិភាគតិច Karen គឺ នាង Cynthia Muang ទទួលខុសត្រូវគ្លីនិកសេវាថែទាំ សម្រាប់អ្នកជំងឺជាង១សែន៣ម៉ឺននាក់ក្នុងមួយឆ្នាំ។ នាង Muangបាននិយាយថា ស្ថានការណ៍នយោបាយក្នុងប្រទេសមីយ៉ាន់ម៉ាបានលាតត្រដាងហើយ វាចាំបាច់ត្រូវតែមើលយ៉ាងដិតដល់។
«យើងនៅតែបន្តត្រួតពិនិត្យស្ថានភាពក្រោយការបោះឆ្នោតបន្តទៀតក្នុងរយៈពេលប៉ុន្មានបីទៅបួនខែខាងមុខ ដោយសារតែការទំនាក់ទំនងជាមួយយោធា និងរដ្ឋាភិបាលស៊ីវិល ឬរដ្ឋាភិបាលថ្មី និងយោធា។ គួរបញ្ជាក់ផងដែរថា បញ្ហាប្រឈមដែលរដ្ឋាភិបាលថ្មីមាន ដូចជាក្នុងការដោះស្រាយជាមួយនឹងបទឈប់បាញ់នៅក្នុងតំបន់ទាំងអស់នេះជាបញ្ហាដែលយើងត្រូវការត្រួតពិនិត្យយ៉ាងដិតដល់»។
នាង Muang បាននិយាយថា នាងសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងនាំផ្លូវទៅរកការធ្វើកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធសុខភាព និងការធ្វើឱ្យប្រសើរឡើងផ្នែកវេជ្ជសាស្ត្រ ដើម្បីឲ្យប្រជាជនលែងឆ្លងព្រំដែនចូលទៅក្នុងប្រទេសថៃដើម្បីរកសេវាគ្លីនិកថែទាំសុខភាពនៅទីនោះ។
មនុស្សជាច្រើនបានរំឭកឡើងវិញ នូវជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្ស NLD ក្នុងការបោះឆ្នោតឆ្នាំ១៩៩០ ដែលលទ្ធផលបានទុក្ខជាមោឃៈដោយយោធាកាន់អំណាច។
លោក Min Oo បាននិយាយថា លោកនៅតែមានមន្ទិលសង្ស័យ។
«ទោះបីជាឥឡូវនេះ យើងបានបញ្ជាក់ថាគណបក្ស NLD បានឈ្នះ ប៉ុន្តែខ្ញុំនៅតែមានការសង្ស័យថាពួកយោធាមិនចង់ប្រគល់អំណាចឲ្យគណបក្ស NLD ទេ» ។
កាលពីថ្ងៃពុធនេះ លោកស្រី អង់សាន ស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានអំពាវនាវឲ្យមានការពិភាក្សា «ផ្សះផ្សាជាតិ» ជាមួយមេដឹកនាំមីយ៉ាន់ម៉ាបច្ចុប្បន្ន ខណៈពេលដែលការទទួលជ័យជម្នះរបស់គណបក្ស NLD ស្ទើរតែប្រាកដទៅហើយ៕
ប្រែសម្រួលដោយ មាន ឥស្សរាយស