របបសឹក​ភូមា​ថា​មន្ត្រី​យោធា​ជាន់ខ្ពស់​ត្រូវ​បាន​ចាប់ខ្លួន​ពេល​ពួកឧទ្ទាម​វាយ​បាន​​មូលដ្ឋាន​សំខាន់

  • ​Reuters

រូបឯកសារ៖ ទាហានឈរយាមខណៈមន្ត្រីប៉ូលីសដើរល្បាតក្នុងទីក្រុង Lashio ភាគខាងជើងរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី 29 ឧសភា ឆ្នាំ 2013។

របប​សឹក​មីយ៉ាន់ម៉ា បាន​បាត់​ទំនាក់ទំនង​ជាមួយ​មន្ត្រី​យោធា​ជាន់ខ្ពស់​នៅ​មូលដ្ឋាន​យោធា​សំខាន់​មួយ​ក្បែរ​ព្រំដែន​ចិន ​ដែល​នេះ​ជាការ​ទទួលស្គាល់ដ៏​កម្រ​នូវ​បរាជ័យ​ក្នុង​សមរភូមិ​មួយ​ក្រោយ​ពី​ពួកឧទ្ទាម​បាន​ប្រកាស​ថា​ពួកគេ​បាន​កាន់កាប់​ទីបញ្ជាការ​កងទ័ព​តំបន់​ដ៏​សំខាន់។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters នៅ​ថ្ងៃ​ចន្ទ។

ក្រុមឧទ្ទាម​កងទ័ព​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ជាតិ​មីយ៉ាន់ម៉ា​ (MNDAA -Myanmar National Democratic Alliance Army) ដែល​បាន​និយាយ​កាល​ពី​ថ្ងៃទី២៥​ខែ​កក្កដា​ថា​ខ្លួន​បាន​កាន់កាប់​មូលដ្ឋាន​កងទ័ព​នេះ​តែ​នៅ​តែ​បន្ត​ប្រយុទ្ធ​ដើម្បី​ក្តោបក្តាប់​មូលដ្ឋាន​ទាំងស្រុង បាន​បង្ហោះ​រូបថត​កងកម្លាំង​របស់​ខ្លួន​នៅ​មូលដ្ឋាន​យោធា​នៅ​ក្រុង​ Lashio កាល​ពី​ថ្ងៃ​សៅរ៍។

កងទ័ព​របប​យោធា មិន​អាច​ទាក់ទង​មន្ត្រី​មួយ​ចំនួន​ដែល​គេ​បញ្ជាក់​ច្បាស់​នៅ​ទីបញ្ជាការ​តំបន់​ប៉ែក​ឦសាន​ដែល​ត្រូវ​ឡោមព័ទ្ធ។ នេះបើ​តាម​អ្នក​នាំពាក្យ​របប​យោធា​លោក Zaw Min Tun នៅ​ថ្ងៃ​ចន្ទ ក្រោយ​ពី​ការ​ប្រយុទ្ធ​គ្នា​ដ៏ខ្លាំងក្លា​នៅក្នុង​និង​ជុំវិញ​ទីក្រុងនោះ​អស់រាប់​សប្តាហ៍​មក។

ក្រុម​ឧត្តមសេនីយ៍​គ្រប់គ្រង់​ប្រទេស​មីយ៉ាន់ម៉ា កំពុង​រង​សម្ពាធ​មិន​ធ្លាប់​មាន ​ក្នុង​រយៈពេល​៣​ឆ្នាំ​ក្រោយ​ពី​ការ​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ីវិល​ដោយ​រដ្ឋប្រហារ​ ដោយសារ​ការ​បះបោរ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​ការ​ត្រួតត្រា​របស់​របប​យោធា កាន់តែ​រាលដាល​ក្នុង​ពេល​សេដ្ឋកិច្ច​ប្រទេស​នៅ​ទ្រឹង។

ចលនា​តស៊ូ​ បានកើតឡើង​ដោយសារ​ការ​បង្រ្កាប​ហិង្សា​លើ​បាតុកម្ម​ក្រោយ​រដ្ឋប្រហារ​នៅ​ខែកុម្ភៈ​ឆ្នាំ​២០២១ ពេល​បាតុករ​វ័យក្មេង​រាប់ពាន់​នាក់ បានកាន់​អាវុធ​និង​រួមកម្លាំង​គ្នា​ជាមួយ​ក្រុមឧទ្ទាម​ជាតិ​សាសន៍​ជាច្រើន​ដែល​មាន​ស្រាប់ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ពួកយោធា។

ការបាត់បង់​ទីក្រុង​ Lashio ដែល​ជា​បញ្ជាការ​យោធា​តំបន់​មួយ​ក្នុង​ចំណោម​១៤​ដែល​បាន​ធ្លាក់ក្នុង​កណ្តាប់ដៃ​ពួកឧទ្ទាម កត់សម្គាល់​បរាជ័យ​ដ៏​ធំ​សម្រាប់​របបសឹក ដែល​ឆ្នាំ​មុន បាន​បាត់បង់​ការ​គ្រប់គ្រង​តំបន់​ជាច្រើន​នៅ​ក្នុងរដ្ឋ Shan​ប៉ែក​ខាង​ជើង​ក្បែរ​ព្រំដែន​ចិន។