រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និង ក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយ នាំគ្នាប្រកាសកាលពីថ្ងៃព្រហស្បតិ៍រៀងៗខ្លួនថា បានកាន់កាប់ទីក្រុងមួយ និងទីបញ្ជាការយោធាតំបន់នៅរដ្ឋShan ដែលស្ថិតនៅភាគខាងជើង ក្រោយពីមានការប៉ះទង្គិចគ្នាអស់ពេលប៉ុន្មានថ្ងៃរួចមក។
ការប្រយុទ្ធគ្នាបានធ្វើឱ្យរង្គោះរង្គើរទីក្រុង Lashio ដែលជាបញ្ជាការដ្ឋានយោធាភាគឦសាន តាំងពីថ្ងៃទី៣ ខែកក្កដាមក នៅពេលដែលកងប្រដាប់អាវុធជនជាតិភាគតិចជាច្រើនក្រុម បានធ្វើការវាយប្រហារឡើងវិញ លើកងទ័ពរដ្ឋាភិបាលយោធា។
កាសែតក្នុងស្រុករបស់កងយោធា បក្សសម័្ពន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) បានរាយការណ៍ថា ក្រុមនេះ «បានដណ្តើមកាន់កាប់ទីស្នាក់ការរបស់បញ្ជាការដ្ឋានយោធាភាគឦសាន ក្នុងទីក្រុង Lashio» កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយថែមទាំងដណ្តើមយកបានក្រុង Lashio ដែលមានមនុស្សជាង១៥០.០០០នាក់រស់នៅផងដែរ។
អ្នកនាំពាក្យបក្សសម័្ពន្ធប្រជាធិបតេយ្យជាតិ លោកLi Jiawen បាននិយាយថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួន ដណ្តើមបានក្រុង Lashio ដោយមិនបានប្រាប់ព័ត៌មានពិស្តារថែមទៀតទេ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលយោធា លោក Zaw Min Tun បានប្រាប់អ្នកកាសែតថា ការអះអាងនេះមិនពិតទេ៕