ក្រុមប្រដាប់អាវុធជនជាតិភាគតិចនៃប្រទេសមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃពុធថា ពួកគេដណ្តើមយកបានទីក្រុងមួយ នៅតាមបណ្តោយផ្លូវជាតិពាណិជ្ជកម្មយ៉ាងសំខាន់មួយ ឆ្ពោះទៅកាន់ប្រទេសចិន បន្ទាប់ពីការប៉ះទង្គិចគ្នាអស់ពេលប៉ុន្មានថ្ងៃ ជាមួយកងទ័ពរបស់រដ្ឋាភិបាលយោធា។
លោកឧត្តមសេនីយ៍ Tar Bhone Kyaw នៃកងទ័ពរំដោះជាតិ Ta'ang បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ទីក្រុងNaungcho «ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងទាំងស្រុងហើយ»។
កាលពីព្រឹកថ្ងៃពុធ ប្រភពយោធាមួយបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ពួកអ្នកប្រយុទ្ធជនជាតិភាគតិច បានកាន់កាប់ទីក្រុង Naungcho ភាគច្រើន។
រដ្ឋ Shan ដែលស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា បានប្រឈមនឹងការប៉ះទង្គិចគ្នាជាច្រើន ចាប់តាំងពីចុងខែមុន នៅពេលដែលក្រុមប្រដាប់អាវុធជនជាតិភាគតិច បានចាប់ផ្តើមធ្វើការវាយលុក តាមបណ្តោយផ្លូវជាតិដែលភ្ជាប់ទីក្រុង Mandalay ទៅកាន់ខេត្ត Yunnan នៃប្រទេសចិន៕