របបយោធាមីយ៉ាន់ម៉ាបានបញ្ជាក់ថា ខ្លួននឹងមិនអាច «ចូលរួម ឬចាត់តាំងអ្នកតំណាងដែលមិនពាក់ព័ន្ធនឹងនយោបាយឱ្យទៅចូលរួមក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន» នៅថ្ងៃទី ១៧ ខែកុម្ភៈ ខាងមុខនេះទេ ដោយសារតែសមាជិកអាស៊ានមួយចំនួនប្រកាន់ខ្ជាប់តាមការសម្រេចរបស់អតីតប្រធានអាស៊ានកាលពីឆ្នាំមុន ដែលការសម្រេចនោះ «ផ្ទុយនឹងគោលការណ៍និងការអនុវត្តនៃតំណាងស្មើភាពគ្នាក្នុងអាស៊ាន»។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសមីយ៉ាន់ម៉ាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។
សេចក្ដីថ្លែងការណ៍នោះបានបន្ថែមថា បើទោះបីជារដ្ឋាភិបាលកម្ពុជាដែលជាប្រធានអាស៊ានប្តូរវេន នៅពេលបច្ចុប្បន្ន និងរដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រឹងប្រែងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងអាស៊ានក៏ដោយ ក៏វាពិតជាគួរឱ្យសោកស្តាយដែល «ការសម្រេចចិត្តដោយឯកតោភាគី» របស់អតីតប្រធានអាស៊ានកាលពីឆ្នាំមុន ដែលអនុញ្ញាតឱ្យតែអ្នកតំណាងមីយ៉ាន់ម៉ាមិនមែននយោបាយចូលរួមក្នុងកិច្ចប្រជុំអាស៊ាននោះគឺ «មិនអាចទទួលយកបាននោះទេ»។
សេចក្តីថ្លែងការណ៍នោះបានលើកឡើងទៀតថា មីយ៉ាន់ម៉ាទទួលស្គាល់ថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២ នេះ បានខិតខំធានាធ្វើយ៉ាងណាឱ្យសមាជិកអាស៊ានទាំងអស់បានចូលរួមក្នុងកិច្ចប្រជុំលើកដំបូងឆ្នាំ ២០២២ នេះនៅប្រទេសកម្ពុជា។
ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ក៏សមាជិកអាស៊ានមួយចំនួននៅតែប្រកាន់ខ្ជាប់តាមការសម្រេចរបស់អតីតប្រធានអាស៊ានកាលពីខែតុលា ឆ្នាំមុនដដែល ដែលការសម្រេចនោះគឺផ្ទុយទៅនឹងគោលការណ៍អធិបតេយ្យភាពជាតិនិងសមភាពដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) គោលការណ៍ទាំងប្រាំនៃការរួមរស់ដោយសន្តិភាព និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសមីយ៉ាន់ម៉ាបានបន្ថែមថា៖ «មីយ៉ាន់ម៉ា ដែលនៅតែប្រកាន់ខ្ជាប់តាមគោលការណ៍សមភាពដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន នឹងបន្តពង្រីកការចូលរួមប្រកបដោយផ្លែផ្កាជាមួយនឹងប្រធានអាស៊ានបច្ចុប្បន្ន ដែលក្នុងនោះរួមទាំងប្រទេសជាសមាជិកអាស៊ានទាំងអស់ផងដែរ»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បានបញ្ជាក់កាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan និងរដ្ឋមន្ត្រីការបរទេសឡាវលោក Saleumxay Kommasith នឹងចូលរួមក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជាពីថ្ងៃទី ១៥ ដល់ទី ១៧ ខែកុម្ភៈ ខាងមុខនេះ។ ចំណែកឯប្រទេសព្រុយណេនិងថៃវិញនឹងចូលរួមតាមអនឡាញ៕