ក្រុមមេដឹកនាំយោធានៃប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃច័ន្ទនេះ បានប្រកាសដាក់ច្បាប់អាជ្ញាសឹកនៅក្នុងសង្កាត់ចំនួន៦នៃទីក្រុងធំជាងគេ នៅពេលដែលកងកម្លាំងសន្តិសុខបានសម្លាប់បាតុកររាប់សិបនាក់កាលពីចុងសប្តាហ៍នៅក្នុងការបង្ក្រាបកាន់តែប្រល័យលើការតស៊ូប្រឆាំងនឹងរដ្ឋប្រហារកាលពីខែមុន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ទូរទស្សន៍រដ្ឋ MRTV បានផ្សាយនៅថ្ងៃច័ន្ទនេះថា សង្កាត់ North Dagonសង្កាត់ South Dagonសង្កាត់ Dagon Seikkan និង សង្កាត់ North Okkalapa ក្នុងក្រុងរ៉ង់ហ្គូន បានត្រូវដាក់ឲ្យស្ថិតនៅក្រោមច្បាប់អាជ្ញាសឹក។ ការប្រកាសដំបូងបានត្រូវធ្វើឡើងកាលពីយប់ថ្ងៃអាទិត្យ ដោយបានបញ្ជាក់ថា សង្កាត់២គឺ Hlanin Tha Yar និង Shwepyitha បានត្រូវដាក់ឲ្យស្ថិតនៅក្រោមច្បាប់អាជ្ញាសឹក។
សមាគមជួយអ្នកទោសនយោបាយឬ AAPP បានបញ្ជាក់ថា មនុស្សយ៉ាងតិចណាស់ក៏ ៣៨នាក់ដែរបានត្រូវសម្លាប់កាលពីថ្ងៃអាទិត្យ ហើយរាប់សិបនាក់ទៀតបានរងរបួសក្នុងថ្ងៃបង្ក្រាបដ៏ប្រល័យបំផុតមួយលើក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារ។ ប្រភពជាច្រើនទៀតបានប៉ាន់ស្មានចំនួនមនុស្សស្លាប់និងរបួសមានច្រើនជាងនេះ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ការបង្ហូរឈាមដ៏អាក្រក់បំផុតកាលពីថ្ងៃអាទិត្យបានកើតមានឡើងនៅសង្កាត់ Hlaingthaya ជាយក្រុងរ៉ង់ហ្គូនដែលទីនោះកងកម្លាំងសន្តិសុខបានសម្លាប់បាតុករយ៉ាងតិចក៏៣៧នាក់ដែរ បន្ទាប់ពីមានការវាយប្រហារដុតបំផ្លាញរោងចក្ររបស់ជនជាតិចិន។
Reuters បានដកស្រង់កាសែត Global Times របស់ចិនមកចុះផ្សាយថា រោងចក្រដែលវិនិយោគដោយជនជាតិចិនចំនួន ៣២ បាន«ត្រូវបំផ្លាញនៅក្នុងការវាយប្រហារនេះ» ដែលបានបណ្តាលឲ្យខូចខាតមានតម្លៃជាប្រាក់៣៧លានដុល្លារ ហើយបុគ្គលិកជនជាតិចិន២នាក់ទៀតបានរងរបួស។
ការវាយប្រហារដុតបំផ្លាញកាលពីថ្ងៃអាទិត្យបាននាំឱ្យមានប្រតិកម្មខ្លាំងបំផុតពីប្រទេសចិនអំពីភាពចលាចលនៅក្នុងប្រទេសជិតខាងរបស់ខ្លួនមួយនេះ ដែលនៅទីនោះពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនមើលឃើញចិនថាជាអ្នកគាំទ្ររដ្ឋប្រហារ។
ស្ថានទូតចិនបានជំរុញឲ្យក្រុមឧត្តមសេនីយ៍មីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សាហើយនិងធ្វើឲ្យប្រាកដថា ពលរដ្ឋនិងទ្រព្យសម្បត្តិមានសុវត្ថិភាព៕