នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha ដែលពីមុនលោកធ្លាប់ដណ្តើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារយោធានោះ បានបញ្ជាក់នៅថ្ងៃពុធម្សិលមិញថា លោកបានទទួលលិខិតមួយច្បាប់ពីមេដឹកនាំនៃរបបយោធាថ្មីក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសុំលោកឲ្យជួយគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Prayuth Chan-ocha បានទម្លាក់នាយករដ្ឋមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីការបោះឆ្នោតក្នុងឆ្នាំ ២០១៤ និងបានបន្ដកាន់តំណែងជានាយករដ្ឋមន្ត្រី នៅក្រោយការបោះឆ្នោតឆ្នាំ ២០១៩ដែលគូប្រជែងរបស់លោកនិយាយថា ជាការបោះឆ្នោតដែលមានការលួចបន្លំ។
លោក Prayuth Chan-ocha បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងបាងកកថា លោកតែងតែគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសជិតខាងខ្លួន។
អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing បានទម្លាក់មេដឹកនាំស៊ីវិលអ្នកស្រីAung San Suu Kyi នៅថ្ងៃទី១ ខែកុម្ភៈកន្លងទៅ និងបានចាប់ឃុំខ្លួនអ្នកស្រី ដោយចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោត កាលពីខែវិច្ឆិកាឆ្នាំទៅ ដែលគណបក្សរបស់អ្នកស្រីបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី។ គណៈកម្មការរៀបចំការបោះឆ្នោតបានច្រានចោលការអះអាងរបស់យោធា ដែលថាមានការលួចបន្លំនៅក្នុងការបោះឆ្នោត។
នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បានថ្លែងយ៉ាងដូច្នេះថា៖ «យើងគាំទ្រនូវដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែអ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការថែរក្សានូវទំនាក់ទំនងល្អជាមួយប្រទេសមីយ៉ាន់ម៉ា ពីព្រោះវាប៉ះពាល់ដល់ប្រជាពលរដ្ឋ ដល់សេដ្ឋកិច្ច និងដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន ជាពិសេសនៅពេលនេះ»។
លោកថ្លែងបន្តទៀតថា៖ «ប្រទេសថៃគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា។ក្រៅពីនេះ គឺអាស្រ័យទៅលើលោកដែលជាមេដឹកនាំយោធាក្នុងការសម្រេចចិត្តថា តើត្រូវធ្វើរបៀបណាបន្ដទៅទៀតនោះ»។
យោធារបស់ប្រទេសថៃនិងមីយ៉ាន់ម៉ាបានសហការគ្នាយ៉ាងជិតស្និទ្ធ នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បើទោះបីជាមានប្រវត្តិយូរលង់នៃភាពអមិត្តខ្លះៗរវាងប្រទេសទាំងពីរយ៉ាងណាក៏ដោយ៕