យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារបាននិយាយការពារការបង្ក្រាបរយៈពេល៧សប្តាហ៍របស់ខ្លួនដែលបានធ្វើឱ្យបាតុករប្រជាធិបតេយ្យជាង២៦០នាក់ស្លាប់ ដោយទទូចថាខ្លួននឹងមិនអត់ធ្មត់ចំពោះភាពអនាធិបតេយ្យទេ។
របបយោធានេះបានប្រើអំពើហិង្សាដ៏ប្រល័យនៅពេលរបបនេះជួបការលំបាកក្នុងការបង្ក្រាបបាតុកម្មនៅទូទាំងប្រទេស ដែលប្រឆាំងតវ៉ានឹងការបណ្តេញមេដឹកនាំស៊ីវិលគឺលោកស្រី Aung San Suu Kyi ចេញពីតំណែងកាលពីថ្ងៃទី១ ខែកុម្ភៈ។
នៅក្នុងសន្និសីទកាសែតមួយនៅរដ្ឋធានីណៃពិដោ អ្នកនាំពាក្យយោធាលោកឧត្តមសេនីយ៍ត្រី Zaw Min Tun បាននិយាយបន្ថយចំនួនអ្នកស្លាប់ថាមានចំនួនត្រឹមតែ ១៦៤ នាក់តែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសោកស្តាយណាស់ព្រោះភេរវជនឃោរឃៅ ដែលបានស្លាប់ទាំងនោះគឺជាជនជាតិរបស់យើង»។
តាមដងផ្លូវក្នុងទីប្រជុំជននិងទីក្រុងនានានៅទូទាំងប្រទេសមានភាពច្របូកច្របល់អស់រយៈពេលជាច្រើនសប្តាហ៍នៅពេលដែលកងកម្លាំងសន្តិសុខបានប៉ះទង្គិចជាមួយនឹងក្រុមបាតុករដែលទាមទារឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យ និងការដោះលែងលោកស្រី Aung San Suu Kyi ។
អាជ្ញាធរបានប្រើឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងគ្រាប់កាំភ្លើងពិតដើម្បីបំបែកហ្វូងបាតុករ ដែលជំរុញឱ្យអ្នកជំនាញជាន់ខ្ពស់អង្គការសហប្រជាជាតិព្រមានថា ពួកគេអាចប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ប៉ុន្តែទោះបីជាមានការថ្កោលទោសជាទូទៅក៏ដោយ ក៏លោក Zaw Min Tun បាននិយាយការពារការបង្ក្រាបដោយនិយាយថា កងកម្លាំងសន្តិសុខកំពុងដោះស្រាយជាមួយក្រុមបះបោរដែលប្រដាប់ដោយអាវុធ ហើយប៉ូលិស ៥ នាក់និងទាហាន ៤ នាក់ត្រូវបានសម្លាប់។
លោកនិយាយថា៖ «យើងត្រូវតែបង្ក្រាបភាពអនាធិបតេយ្យ។ តើប្រទេសណានៅលើពិភពលោកដែលទទួលយកភាពអនាធិបតេយ្យបាន?»។
ទោះបីជាមានការបង្ហូរឈាមក៏ដោយ ក៏ក្រុមបាតុករបានធ្វើបាតុកម្មនៅតាមដងផ្លូវម្តងទៀតកាលពីថ្ងៃអង្គារដោយធ្វើបាតុកម្មនៅពេលព្រឹកព្រលឹមនៅផ្នែកខ្លះនៃទីក្រុងរ៉ង់ហ្គូន ដែលជាទីក្រុងពាណិជ្ជកម្ម។
ក្រៅពីការបង្ក្រាបការតវ៉ា យោធាមីយ៉ាន់ម៉ាបានព្យាយាមទប់ស្កាត់ព័ត៌មានអំពីការបង្ក្រាបដោយហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន និងមានការចាប់ខ្លួនអ្នកកាសែតរាប់សិបនាក់ផងដែរ៕