បន្ទាប់ពីជនសកម្មប្រយុទ្ធមកពីក្រុមជនជាតិភាគតិចកាន់សាសនាឥស្លាម Rohingya ដែលរងការធ្វើទុកបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមវាយប្រហារដ៏ប្រល័យទៅលើប៉ុស្តិយាមល្បាតនៅតាមព្រំដែនកាលពីខែតុលាឆ្នាំទៅមក អ្នកកាសែតជាច្រើនបានប្រញាប់ប្រញាល់ទៅកាន់តំបន់ Maungdaw ក្នុងរដ្ឋ Rakhine ភាគខាងជើងដើម្បីរាយការណ៍ពីកិច្ចប្រតិបត្តិការយោធាដែលបានកើតមានឡើងនៅទីនោះ។ ក៏ប៉ុន្តែភ្លាមៗនោះពួកគេបានដឹងថា ពួកគេនឹងត្រូវគេអនុញ្ញាតឲ្យយកព័ត៌មានតែបន្តិចបន្តួច។
ដោយពាក់អាវក្រោះការពារគ្រាប់កាំភ្លើងនិងមួកដែក លោក Kaung Htet អាយុ ៣៤ឆ្នាំជានាយកថតរូបឲ្យកាសែត Myanmar Times បានមកដល់កន្លែងរាំងផ្លូវជាមួយសហការីហើយត្រូវបានគេប្រាប់ឲ្យវិលត្រឡប់ទៅវិញដោយមូលហេតុខាងសន្តិសុខ។
លោកបាននិយាយថា៖ «បញ្ហាគឺថា អស់លោកអ្នកមិនអាចរំពឹងថានឹងបានទទួលការអនុញ្ញាតពីពួកអាជ្ញាធរ ពីរដ្ឋាភិបាល ពីប៉ូលិសឬទាហានទេ។ ការណ៍នេះស្ទើរតែមិនអាចធ្វើទៅរួចទេ។ យើងបានប្រាប់ពួកគេ យើងបានពន្យល់ពួកគេ នេះជាអាជីពរបស់យើង យើងដឹងពីភាពគ្រោះថ្នាក់ទាំងអស់។ ក៏ប៉ុន្តែពួកគេទទូចថា ពួកគេមិនអាចអនុញ្ញាតឲ្យយើងចូលក្នុងតំបន់នោះទេ»។
បន្ថែមពីការព្រួយកង្វល់ខាងសុវត្ថិភាព អ្នកយកព័ត៌មានខាងសង្គ្រាមមីយ៉ាន់ម៉ាត្រូវដោះស្រាយឧបសគ្គជាច្រើននៅក្នុងការរាយការណ៍ពីជម្លោះមួយចំនួនដែលបានកើតឡើងច្រើនទសវត្សរ៍ចាប់តាំងពីបានទទួលឯករាជ្យនៅឆ្នាំ១៩៤៨មក។ឧបសគ្គទាំងនោះរួមមានការមិនអាចចេញចូលក្នុងតំបន់មានជម្លោះ ការព្រួយកង្វល់ពីសាច់រឿងអ្វីដែលគេអនុញ្ញាតឲ្យផ្សាយ ឧបសគ្គខាងភាសានិងបញ្ហានៃភាពទុកចិត្តរវាងអ្នកយកព័តមាននិងក្រុមជនជាតិភាគតិចប្រដាប់អាវុធ ហើយនឹងភាពស្ទាក់ស្ទើររបស់យោធាដើម្បីអនុញ្ញាតឲ្យបណ្តាញព័ត៌មានប្រមូលព័ត៌មានពីការបង្ក្រាបដែលបាននាំឲ្យមានការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សនោះ។
ក៏មានបញ្ហាខាងផ្លូវច្បាប់កើតមានឡើងដែរ។ ការផ្លាស់ប្តូរនៅក្នុងប្រទេសមីយ៉ាន់ម៉ាចេញពីការគ្រប់គ្រងរបស់ពួកយោធានៅឆ្នាំ២០១១បាននាំឲ្យមានការបោះ ឆ្នោតដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអោង សានស៊ូជី បានទទួលជ័យជម្នះ៤ឆ្នាំក្រោយមក។
កាលពីចុងខែមុន អ្នកកាសែត៣នាក់បានត្រូវចាប់ខ្លួនបន្ទាប់ពីបានចូលរួមក្នុងពិធីដុតកំទិចថ្នាំញៀនមួយនៅក្នុងរដ្ឋ Shan ភាគខាងជើងដែលកាន់កាប់ដោយកងទ័ពរំដោះជាតិ Ta’ang។ អ្នកកាសែតទាំងនោះបានរងការចោទប្រកាន់នៅក្រោមច្បាប់ការបង្កើតសមាគមខុសច្បាប់ដែលត្រូវបានប្រើប្រាស់ដោយពួកយោធាដើម្បីកាត់ផ្តាច់ការគាំទ្រដល់ពួកឧទ្ទាមហើយនឹងជាមធ្យោបាយមួយដើម្បីបន្លាចអង្គការសាព័ត៌មានដែលបានប្រតិបត្តិការនៅបរទេសមុនពេលត្រូវបានស្វាគមន៍ឲ្យត្រឡប់ចូលក្នុងប្រទេសវិញដែលជាផ្នែកមួយនៃការផ្លាស់ប្តូរទៅ រកលទ្ធិប្រជាធិបតេយ្យ។
ក្នុងទ្រឹស្តី ការលុបចោលការចាប់ពិរុទ្ធឆ្នាំ២០១២និងការអនុម័តច្បាប់បណ្តាញព័ត៌ មានដែលធានាសិទ្ធិដើម្បីរាយការណ៍ពីជម្លោះដោយគ្មានការចាប់ឃុំឃាំងមានន័យថា អ្នកកាសែតក្នុងស្រុកអាចរាយការណ៍ពីសង្គ្រាមស៊ីវិលក្នុងប្រទេសមី យ៉ានម៉ាដោយគ្មានការភ័យខ្លាចរងការចោទប្រកាន់ពីការជួយឧបត្ថម្ភពួកបះបោរទេ។
ក្នុងឆ្នាំ២០១៥ ពួកយោធាបានព្រមានថា បណ្តាញព័ត៌មានមិនអាចផ្សាយសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយក្រុមសម្ព័ន្ធភាពកងទ័ពប្រជាធិបតេយ្យជាតិមីយ៉ានម៉ាដែលជាក្រុមឧទ្ទាមមួយផ្សេងទៀតបានទេ បើពុំដូច្នេះទេ ពួកគេនឹង«ប្រឈមមុខចំណាត់ការនៅក្រោមច្បាប់»។ នៅឆ្នាំ២០១៤ លោក Ko Par Gyi ជាអ្នកកាសែត បានរាយការណ៍ពីជម្លោះនៅក្នុងរដ្ឋនៅពេលដែលលោកបានត្រូវចាប់ខ្លួនហើយនឹងសម្លាប់ចោលខណៈដែលស្ថិតនៅក្នុងការឃុំឃាំងរបស់ពួកយោធា។
លោក Shawn Crispin តំណាងគណៈកម្មាធិការនៅតំបន់អាស៊ីអាគ្នេយ៍ បាននិយាយនៅក្នុងសារតាម E-mail ថា «ពួកអ្នកយកព័ត៌មានដែលរាយការណ៍ពីជម្លោះប្រដាប់អាវុធរបស់ក្រុមជនជាតិភាគតិចជាច្រើននៅក្នុងប្រទេសមីយ៉ានម៉ា ប្រឈមគ្រោះថ្នាក់យ៉ាងខ្លាំង។ភាពគ្រោះថ្នាក់ខ្លះនៃភាពគ្រោះថ្នាក់ទាំងនោះអាចលប់ចោលដោយការធ្វើកំណែទម្រង់ផ្លូវច្បាប់បន្តិចបន្តួច។ពួកយោធាបន្តគំរាមកំហែងពួកអ្នកកាសែតដែលរាយការណ៍ពីតំបន់នានាដែលត្រួតត្រាដោយក្រុមឧទ្ទាមជាមួយការចោទប្រកាន់នៅក្រោមច្បាប់បង្កើតសមាគមខុសច្បាប់ដែលជាច្បាប់ហួសសម័យតាំងពីអាណានិគមដែលត្រូវតែដកចេញភ្លាមៗពីក្រមព្រហ្ម ទ័ណ្ឌ។
អ្នកកាសែត៣នាក់ដែលត្រូវបានចាប់ខ្លួនកាលពីខែមុនមានលោកLawi Weng មកពីកាសែត Irrawaddy និងលោក Aye Naing និងលោក Pyae Bone Naing មកពីកាសែតសំឡេងប្រជាធិបតេយ្យភូមា អាចជាប់ពន្ធនាគារ៣ឆ្នាំ ប្រសិនបើកាត់ឲ្យជាប់ទោស។
ការប្រយុទ្ធបានកើនឡើងចាប់តាំងពីការបរាជ័យនៃការឈប់បាញ់គ្នារវាងពួកយោធាហើយនឹងក្រុមកងទ័ពឯករាជ្យ Kachin ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានអំណាចមួយនៅក្នុងឆ្នាំ២០១១។នៅពេលដែលការប៉ះទង្គិចកើនឡើង ការចេញចូលក្នុងតំបន់នោះត្រូវបានបន្ថយ។
លោក David Baulk អ្នកឯកទេសសម្រាប់អង្គការមិនមែនរដ្ឋាភិបាល NGO Fortify Rights របស់មីយ៉ានម៉ា បាននិយាយថា៖«អ្វីដែលយើងបានឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះនៅក្នុងប្រទេសមីយ៉ានម៉ាគឺការកើនឡើងនូវការរឹតត្បិតលើអ្នកឃ្លាំមើលសិទ្ធិមនុស្ស អ្នកកាសែត អង្គការអន្តរជាតិនិងមនុស្សធ៌មជាតិដែលកំពុងព្យាយាមផ្តល់ជំនួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះ។ហើយ ការណ៍នេះមានន័យថា នៅពេលដែលអស់លោក អ្នក ព្យាយាមទទួលព័ត៌មានពីតំបន់ទាំងនោះ លោក អ្នក នឹងជួបប្រទះនូវភាពគ្រោះថ្នាក់យ៉ាងខ្លាំង»។
ប៉ុន្មានខែក្រោយពីការវាយប្រហារកាលពីខែតុលានៅក្នុងរដ្ឋ Rakhineដោយមានការលើកលែងដ៏កម្រមួយ រដ្ឋាភិបាលបានដាក់តំបន់ភាគខាងជើងជាតំបន់មិនអនុញ្ញាតិឲ្យបណ្តាញព័ត៌មានចូល ហើយកាលពីខែមុន រដ្ឋាភិបាលបាននិ យាយថា ខ្លួនបានបដិសេធមិនផ្តល់ទិដ្ឋាការដល់អ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិដែលស៊ើបអង្កេតការចោទប្រកាន់ពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលកើតមានឡើងក្នុងអំឡុងនៃកិច្ចប្រតិបត្តិការយោធា៕
ប្រែសម្រួលដោយជឹង ប៉ូជីន