មីយ៉ាន់ម៉ា​បញ្ឈប់​គម្រោង​បញ្ជាក់​សញ្ជាតិ​សម្រាប់​ជន​ភាគ​តិច​ឥស្លាម

រូបថតឯកសារ៖ អ្នកស្ម័គ្រចិត្ត​និង​ក្រុម​ប៉ូលីស​​ឡើង​ជិះ​រថ​យន្ត​​មុន​ពេល​បន្ត​ដំណើរ​ទៅ​កាន់​ជំរុំជន​ភៀសខ្លួន​ Rohingya​ ដើម្បី​ប្រមូល​ទិន្នន័យ​ធ្វើ​ជំរឿន​នៅ​ទីក្រុង​ Sittwe ​កាល​ពីថ្ងៃទី​៣១ ខែ​មីនា​ ឆ្នាំ២០១៤។

ប្រទេស​មីយ៉ាន់ម៉ា​ ដែល​ត្រូវ​បាន​ហៅ​ម្យ៉ាង​ទៀតថា​ភូមា​ បាន​បញ្ឈប់​គម្រោង​សាកល្បង​ថ្នាក់​ជាតិ​របស់​ខ្លួន​ក្នុង​ការ​បញ្ជាក់​សញ្ជាតិ​របស់​ក្រុម​ឥស្លាម​ភាគ​តិច​នៅ​ក្នុង​ខេត្ត​ Rakhine ​ភាគ​ខាង​លិច។

អភិបាល​រដ្ឋ​ Rakhine​ លោក​ Maung Maung Ohn ​បាន​ប្រាប់​វីអូអេ​ផ្នែក​ភាសា​ភូមា​ថា​ ចាប់​តាំង​ពី​កម្មវិធី​នេះ​បាន​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ​មុនមក​ មាន​តែ​ជន​ឥស្លាម​៤០​នាក់គត់​ត្រូវ​បាន​ផ្តល់​ជូន​សញ្ជាតិ​ ហើយ​ជនឥស្លាម​ជាង​ពីរ​រយ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ផ្តល់​ត្រឹម​តែ​សញ្ជាតិ​បណ្ណោះ​អាសន្ន​ប៉ុណ្ណោះ ​ពីព្រោះ​មាន​តែ​អ្នក​ដែល​បង្ហាញ​ថា​ខ្លួន​ជា​ជន​ Bengali ​ប៉ុណ្ណោះ​ដែល​ត្រូវ​គេ​ទទួល​យក។

លោក​មាន​ប្រសាសន៍​ថា៖ «ស្ថានភាព​នៅ​ខេត្ត​ Rakhine ​មាន​សភាព​ស្មុគស្មាញ​ណាស់។ ដំណើរ​ការ​បញ្ជាក់​សញ្ជាតិ​មាន​ការ​ពិបាក​ពីព្រោះ​ដោយសារ​តែ​អ្នក​ដាក់​ពាក្យ​ស្នើសុំ​បាន​ប្រើ​ប្រាស់​អត្តសញ្ញាណ​ដែល​មិន​មាន​នៅ​ក្នុង​ប្រទេស​នេះ»។

ជន​ឥស្លាម​ភាគ​ច្រើន​នៅ​ក្នុង​ខេត្ត​នេះ​ ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​ក្រុម​ Rohingya ជា​ឈ្មោះ​ដែល​រដ្ឋាភិបាល​បាន​បដិសេធ​មិន​ទទួល​យក​ ដោយ​យល់​ថា ​ជន​ Rohingya ​គឺ​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​មក​ពី​ប្រទេស​បង់ក្លាដេស​ ហើយ​បាន​ហៅ​ពួក​គេ​ថា​ជាក្រុម​ Bengaliជំនួស​វិញ។ ក្រុម​មន្រ្តី​បាន​និយាយ​ថា​ ដំណើរ​ការបញ្ជាក់​សញ្ជាតិត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រើ​ច្បាប់​ដែល​បាន​អនុម័ត​កាល​ពី​ឆ្នាំ​១៩៨២​ ដែល​នៅ​ក្នុង​ច្បាប់​នោះ​ គេបាន​ហាម​ប្រាម​មិន​ឲ្យ​មាន​ការ​ចុះ​សញ្ជាតិជនដែល​ប្រើ​សញ្ជាតិ​ Rohingya ​ជំនួស​ Bengali។

លោក​ Shwe Maung​ សមាជិក​សភា​ឥស្លាមមក​ពី​ភាគ​ខាង​លិច​នៃ​ខេត្ត​ Rakhine ​មាន​ប្រសាសន៍​ថា​ ប្រហែល​ជា​មាន​ដំណោះ​ស្រាយ​ជុំវិញ​បញ្ហានេះ។

លោក​បាន​បន្ត​ថា៖​ «ខ្ញុំ​ចង់​ចង្អុល​បង្ហាញ​ថា​ យើង​គួរ​តែ​សម្លឹង​មើល​ជំនាន់​មនុស្ស​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​បណ្តោះ​អាសន្ន។ បញ្ហា​នេះអាច​ត្រូវ​បាន​ដោះ​ស្រាយ​តែ​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​បើសិន​ជា​អ្នក​កាន់អត្តសញ្ញាណប័ណ្ណ​បណ្តោះ​អាសន្ន​ហើយ​ឪពុក​ម្តាយ​របស់​ពួក​គេ​កាន់​អត្តសញ្ញាណប័ណ្ណ​បណ្តោះ​អាសន្ន​ដូចគ្នា​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដាក់​ពាក្យ​ស្នើ​សុំ​សញ្ជាតិ​ដោយ​គ្រាន់​តែប្រើ​នីតិ​វិធី​ធម្មតា​ ជា​ជាង​ប្រើ​ប្រាស់​គម្រោង​មួយ​ជាក់​លាក់»។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ក្រុម​ការ​ពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​រិះគន់​គោល​នយោបាយ​របស់​រដ្ឋា​ភិបាល​ដែល​បដិសេធ​នសញ្ជាតិ​របស់​ក្រុម​ Rohingya ​ព្រម​ទាំង​រឹត​បណ្តឹង​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ។

អំពើ​ហិង្សា​រវាង​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ភាគច្រើន​ជាមួយ​ជន​ភាគ​តិច​កាន់​សាសនា​ឥស្លាម​ បាន​សម្លាប់​មនុស្ស​២៤០​នាក់​ ហើយ​បាន​បង្ខំ​មនុស្ស​ប្រហែល​១៤​ម៉ឺន​នាក់​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក។ ភាគ​ច្រើន​នៃ​អ្នកស្លាប់​និង​អ្នក​បាត់បង់​ទី​ជម្រក​ គឺជា​ជន​មូស្លីម​ Rohingya​ នៅ​ខេត្ត​ Rakhine ភាគ​ខាង​លិច៕

រាយការណ៍​ដោយ​មាន​កិច្ច​សហការ​ជា​មួយ​ការ​ផ្សាយ​នៃ​វីអូអេ​ផ្នែក​ភាសា​ភូមា។

ប្រែសម្រួល​ដោយ​ នៀម ឆេង