ផែនការ​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​រួម​បញ្ចូល​ទាំង​ការ​បង្កើត​ក្រសួង​កិច្ចការ​ក្រុម​ជនជាតិ​ដើម​ភាគតិច​​

លោកHtin Kyaw (រូប​ឆ្វេង) និង​លោកស្រី អង់សាន ស៊ូជី ស្ថិត​នៅ​ក្នុង​សភា​មីយ៉ាន់ម៉ា​នៅ​ក្នុង​ក្រុង Naypyitaw ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទិ១៥ ខែមីនា ឆ្នាំ២០១៦។

រដ្ឋាភិបាល​ដែល​ទើប​តែ​ចូល​កាន់​តំណែង​ថ្មី​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ចេញ​ផែនការ​ថ្មី​របស់​ខ្លួន​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ ដោយ​រួម​មាន​ទាំង​ការបង្កើត​ក្រសួង​កិច្ចការ​ក្រុម​ជនជាតិ​ដើម​ភាគតិច​សម្រាប់​ប្រទេស​ដែល​មាន​ដិតដាម​ទៅ​ដោយ​ភាព​តានតឹងនៃ​ក្រុម​អ្នក​កាន់​សាសនា​ខុស​គ្នា និង​ការ​គាបសង្កត់​ទៅ​លើ​ក្រុម​ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន​ផង​ដែរ។

លោក​ប្រធានាធិបតី​ថ្មី Htin Kyaw បាន​ដាក់​ស្នើ​សំណើ​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយសភាគ្រោង​នឹង​ប្រជុំ​ពិភាក្សា​ដេញដោល​អំពី​បញ្ហា​នេះ​នៅ​ថ្ងៃ​សុក្រ​នេះ។ ​

ផែនការ​នេះ​រួម​មាន​ទាំង​ការ​បង្កើត​ក្រសួងកិច្ចការ​ក្រុម​ជនជាតិ​ដើម​ភាគតិច​ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​កំណែ​ទម្រង់​សេវាកម្ម​របស់​មន្រ្តី​រាជការ ដែល​មាន​គោលបំណង​បង្កើន​ប្រសិទ្ធភាព​ការិយាធិបតេយ្យ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​យោធា​មិន​យក​ចិត្ត​ទុក​ដាក់។ រដ្ឋាភិបាល​យោធា​បាន​កាន់​អំណាច​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ។ គេ​រំពឹង​ថា គណៈរដ្ឋមន្រ្តី​ដែល​មាន​ក្រសួង​ចំនួន​៣៦​ នឹង​ត្រូវ​កាត់​បន្ថយ​មក​សល់​ត្រឹម​តែ​២១ប៉ុណ្ណោះ។ ​

រដ្ឋាភិបាល​យោធា​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​ បាន​បង្រ្កាប​ក្រុម​ជនជាតិ​ដើម​ភាគតិច​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​រដ្ឋ Rakhine ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​វាយឆ្មក់​កាល​ពី​ឆ្នាំ​២០១២ រវាង​ក្រុម​ជនជាតិ​ដើម​ភាគតិច​រ៉ូហ៊ីងយ៉ាដែល​ភាគច្រើន​កាន់​សាសនា​ឥស្លាម និងអ្នក​រស់​នៅ​ក្នុង​រដ្ឋ Rakhine ដែល​ភាគច្រើន​កាន់​សាសនា​ព្រះពុទ្ធ។ ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រុម​ជនជាតិ​ដើម​ភាគតិច​រ៉ូហ៊ីងយ៉ា​បាន​ចាកចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​តាម​ទូក ទៅ​កាន់​ប្រទេសថៃ​ និង​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ប្រទេស​ជិតខាង។

ប្រទេស​មីយ៉ាន់ម៉ា​មាន​ក្រុម​ជនជាតិ​ដើម​ភាគតិច​ជាច្រើន​ ដោយ​រួម​មាន​ទាំង​ក្រុម​ជនជាតិ​ដើម​ភាគតិច Shan ជនជាតិ​ភាគតិច Bamar និង​ Kachin ផង​ដែរ៕