ស្របពេលដែលប្រទេសមីយ៉ាន់ម៉ាងើបចេញពីការបំផ្លិចបំផ្លាញដោយទឹកជំនន់ ដែលជាការបំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុតនៅក្នុងមួយទសវត្សរ៍នេះ ការជជែកពិភាក្សាមានការកើនឡើងពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃឈើធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់មនុស្សជាងមួយលាននាក់នៅទូទាំងប្រទេស ហើយបានបន្សល់ទុកនូវតម្លៃស្តារឡើងដែលមានលើសពី ១២៥លានដុល្លារ។ អង្គការសហប្រជាជាតិ និងក្រុមអ្នកបរិស្ថានបានព្រមានថា ការលក់ឈើទៅឲ្យប្រទេសចិនកំពុងបង្កើនការបាត់បង់ព្រៃឈើ។
ទឹកជំនន់មូសុងនៅមីយ៉ាន់ម៉ានៅឆ្នាំនេះបានសម្លាប់មនុស្សច្រើនជាង ១០០ នាក់ និងបង្កការប៉ះពាល់ដល់ប្រជាជនប្រហែល ១.៦ លាននាក់។
ដីកសិកម្មជិត ៤០០.០០០ ហិកតា ដែលភាគច្រើនជាវាលស្រែ ស្រះត្រី និងកសិដ្ឋានសត្វ ត្រូវបានបាត់បង់។ ព្យុះស៊ីក្លូនត្រូពិចបង្កឡើងដោយព្យុះមូសុង បានបក់បោកកម្ទេចផ្ទះ ផ្លូវថ្នល់និងស្ពាន។
លោក Peter Brimble អ្នកឯកទេសធនាគារអភិវឌ្ឍន៍អាស៊ីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា ការកាប់បំផ្លាញព្រៃឈើជាកត្តាមួយ ដែលបង្កអោយមានព្យុះ។
« ...អ្នកក្រឡេកមើលទឹកជំនន់ហើយប្រាកដណាស់ថា ការកាប់បំផ្លាញព្រៃឈើ នៅលើភ្នំ នៅតាមជ្រលងភ្នំ ឬនៅក្នុងតំបន់ព្រៃ បាននាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរពីទឹកជំនន់។ វាដូចជា ច្បាស់ហើយប៉ុណ្ណឹង»។
អង្គការស្បៀង និងកសិកម្មរបស់អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមនឹងវិបត្តិមួយ ដោយសារតែ ជាមធ្យមគំរបព្រៃជាង ៥៤០.០០០ ហិកតា ត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១០ ។
លោក Richard Casagrande គឺជាអ្នកគ្រប់គ្រងប្រតិបត្តិការទឹកជំនន់សម្រាប់សហព័ន្ធអន្តរជាតិនៃកាកបាទក្រហមនៃប្រទេសមីយ៉ាន់ម៉ា ។ លោកនិយាយថា នៅពេលដែលសហគមន៍ងើបឡើងយឺតៗ ការផ្តោតអារម្មណ៍ ត្រូវបានងាកទៅរកផលប៉ះពាល់ពីការកាប់បំផ្លាញព្រៃឈើ។
«មានការពិភាក្សាជាច្រើនដែលថាការកាប់បំផ្លាញព្រៃឈើ ពិសេសនៅក្នុងតំបន់ភ្នំ បានរួមចំណែកធ្វើឲ្យមានទឹកជំនន់ ដែលមានសភាពខ្លាំងជាងមុន។ នេះជាហេតុបង្កនៃទឹកជំនន់ ហើយវាហាក់ដូចជាពិតដូចការគិតអញ្ចឹង។ ប៉ុន្តែខ្ញុំទទួលស្គាល់ថា ខ្ញុំនៅមិនទាន់បានឃើញនូវភស្តុតាងជាក់លាក់ណាមួយទេ ប៉ុន្តែយើងសង្ស័យថាវាជាការពិត ជាពិសេសចំពោះផ្នែកផ្សេងៗ ដែលយើងដឹងថា កាប់បំផ្លាញព្រៃឈើកំពុងកើតមាន»។
ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន ( Environmental Investigation Agency) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានឲ្យដឹងថា ការរកស៊ីឈើខុសច្បាប់ពីប្រទេសមីយ៉ាន់ម៉ាភាគខាងជើងទៅក្នុងប្រទេស បានឈានជិតដល់៩០០.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ។ ចំនួននេះជិតទៅនឹងកម្រិតមួយ ដែលគេមិនដែលជួបប្រទះនៅក្នុងរយៈពេលមួយទសវត្សរ៍មកហើយ បើទោះបីជាមានការហាមឃាត់ពាណិជ្ជកម្មឈើជាផ្លូវការ។
ខណៈពេលដែលអង្គការសហប្រជាជាតិព្រមានថា ការកាប់បំផ្លាញព្រៃឈើ នឹងធ្វើឲ្យប្រទេសមីយ៉ាន់ម៉ាងាយរងគ្រោះទៅនឹងការផ្លាស់ប្តូរអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ អ្នកវិទ្យាសាស្រ្តម្នាក់ពីអង្គការ FAO នៅក្នុងប្រទេសថៃបាននិយាយថា ការស្រាវជ្រាវនាំអោយមានមន្ទិលសង្ស័យ ទៅលើការពាក់ព័ន្ធផ្ទាល់រវាងការកាប់បំផ្លាញព្រៃឈើជាមួយនឹងទឹកជំនន់។
អង្គការ FAO និយាយថា ព្រៃឈើជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនៅតំបន់ដាច់ស្រយាល ដោយធានានូវសន្តិសុខស្បៀង និងផ្គត់ផ្កង់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការពារជីវចម្រុះសំខាន់ៗ៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង