ទស្សនកិច្ចរបស់ក្រុមមន្ត្រីមីយ៉ាន់ម៉ាទៅកាន់ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែស បានបរាជ័យក្នុងការបញ្ចុះបញ្ចូលសមាជិកនៃក្រុមជនជាតិភាគតិចកាន់សាសនាឥស្លាមនេះថា ពួកគេអាចត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពបាន។ ការណ៍នេះបង្ហាញពីកង្វះដំណើរការទៅមុខក្នុងការដោះស្រាយវិបត្តិជនភៀសខ្លួនដ៏ធំបំផុតនៅក្នុងពិភពលោក។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង៧សែននាក់បានរត់ភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីមានការបង្ក្រាបយោធាយ៉ាងសាហាវឃោរឃៅក្នុងឆ្នាំ២០១៧។
ដោយប្រឈមនឹងសម្ពាធពីអន្តរជាតិ មីយ៉ាន់ម៉ាបានឲ្យដឹងអស់រយៈពេលរាប់ខែមកហើយថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាអាចត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញបាន។ ក៏ប៉ុន្តែអង្គការសហប្រជាជាតិនិងជនភៀសខ្លួនរ៉ូហ៊ីងយ៉ានិយាយថា ប្រទេសមីយ៉ាន់ម៉ាមិនបានធ្វើការគ្រប់គ្រាន់ដើម្បីបង្កើតមាគ៌ាដ៏មានសុវត្ថិភាពមួយសម្រាប់មាតុភូមិនិវត្តន៍នោះទេ។
ក្រុមមន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ាបានជួបជាមួយនឹងមេដឹកនាំសហគមន៍រ៉ូហ៊ីងយ៉ារាប់សិបនាក់កាលពីចុងសប្តាហ៍ ដើម្បីព្យាយាមបញ្ចុះបញ្ចូលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាឲ្យត្រឡប់ទៅមីយ៉ាន់ម៉ាវិញ។ ទស្សនកិច្ចរបស់ក្រុមមន្ត្រីទាំងនោះត្រូវបានធ្វើឡើងជិតពីរសប្តាហ៍ បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មធ្វើដំណើរទៅមេយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing និងឧត្ដមសេនីយ៍កំពូលៗដទៃទៀត ដោយនិយាយថា យោធាមិនបានទទួលខុសត្រូវចំពោះអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ហៅថាជាការបោសសម្អាតជាតិពន្ធុនោះទេ៕