ប្រទេសមីយ៉ាន់ម៉ាកាន់តែប្រឈមនឹងភាពឯកោនៅថ្ងៃព្រហស្បតិ៍នេះដោយសេវាអ៊ីនធឺណិតកាន់តែត្រូវបានកម្រិត ហើយសារព័ត៌មានឯកជនចុងក្រោយបំផុតរបស់ប្រទេសនេះបានផ្អាកការចេញផ្សាយរបស់ខ្លួន។ នេះស្របពេលដែលរបបយោធាកំពុងបង្កើនករណីប្តឹងផ្តល់ទៅលើមេដឹកនាំដែលខ្លួនបានបណ្តេញចេញពីអំណាចគឺអ្នកស្រី Aung San Suu Kyi នោះ។
អាជ្ញាធរមីយ៉ាន់ម៉ាបានរឹតបន្តឹងសេវាអ៊ីនធឺណិតដែលក្រុមអ្នកតវ៉ាបានប្រើប្រាស់ដើម្បីរៀបចំធ្វើបាតុកម្មប្រឆាំងនឹងរបបយោធានោះ។ការប្រើប្រាស់សេវាអីនធឺណិត WiFi តាមទីសាធារណៈត្រូវបានកាត់ផ្តាច់ស្ទើរទាំងស្រុងនៅថ្ងៃព្រហស្បតិ៍នេះ។ ពលរដ្ឋក្នុងទីក្រុងមួយចំនួនដែលក្នុងនោះរួមមានទីក្រុង Dawei នៅភាគខាងត្បូងផងដែរបានរាយការណ៍ថាពួកគេពុំមានអ៊ីនធឺណិតប្រើប្រាស់នោះទេ។
ស្របពេលដែលអាជ្ញាធរបានបញ្ជាឲ្យសារព័ត៌មានមួយចំនួនត្រូវបិទនោះ សារព័ត៌មានមួយចំនួនទៀតបានបង្ខំចិត្តបិទទ្វារដោយខ្លួនឯងដោយហេតុផលលែងអាចដំណើរការបាន។សារព័ត៌មានចុងក្រោយបានបញ្ឈប់ការចេញផ្សាយរបស់ខ្លួនកាលពីថ្ងៃពុធម្សិលមិញ។
ប្រព័ន្ធព័ត៌មានរបស់រដ្ឋនៅដំណើរការជាធម្មតាពុំមានការប៉ះពាល់នោះទេ។
ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាបានផ្សាយនៅយប់ថ្ងៃពុធថាអ្នកស្រី Suu Kyi កំពុងត្រូវបានស៊ើបអង្កេតពីបទពាក់ព័ន្ធនឹងការទទួលសំណូកចំនួន៤លើកពីអ្នកជំនួញដ៏ល្បីម្នាក់ក្នុងទឹកប្រាក់សរុបចំនួន៥៥០.០០០ដុល្លារនោះ៕