ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ច្បាប់និងបទបញ្ញត្តិថ្មីៗ ដែលត្រូវបានអនុម័តមុននឹងការបោះឆ្នោតជាតិក្នុងប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី០៨ វិច្ឆិកា នេះមកដល់ បង្កឲ្យមានការរឹតត្បិតជាងមុនលើសិទ្ធិរបស់ប្រជាជនក្នុងការចូលរួមការបោះឆ្នោតនេះ។ ក្រុមអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម និងជនជាតិភាគតិច Rakhine ក្នុងរដ្ឋ Rakhine។
អ្នកនាំពាក្យផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិអ្នកស្រី Ravina Shamdasani ប្រាប់វីអូអេថា សេចក្តីសម្រេចដែលបានប្រកាសកាលពីពាក់កណ្តាលខែតុលាដោយគណៈកម្មការរៀបចំការបោះឆ្នោតសហភាពបានដកហូតសិទ្ធិបោះឆ្នោតក្រុមជនជាតិភាគតិចទាំងនោះ។
អ្នកស្រី Shamdasani បានថ្លែងក្នុងសម្ដីដើមថា៖ «ដូច្នេះ ទោះបីជាពួកគេមានសិទ្ធិបោះឆ្នោតក៏ដោយ ក៏ការបោះឆ្នោតនឹងមិនធ្វើឡើងនៅក្នុងទីក្រុងជាច្រើនដែលពួកគេរស់នៅនោះដែរ។ ដូចដែលខ្ញុំបាននិយាយអីចឹង ការបោះឆ្នោតមិនត្រូវបានធ្វើនៅក្នុងទីក្រុងចំនួន ៥៦ នៅទូទាំងប្រទេស។ ហើយក្នុងចំណោមនោះ ពលរដ្ឋនៅក្នុងទីក្រុងចំនួន ៩ ក្នុងរដ្ឋ Rakhine ទាំងមូលមិនអាចបោះឆ្នោតបានទេ»។
កាលពីខែមេសា រដ្ឋាភិបាលបានអនុម័តលើសេចក្តីបង្គាប់មួយរបស់ប្រធានាធិបតីដែលថ្កោលទោសការនិយាយបែបស្អប់ខ្ពើមជាសាធារណៈ។ ទោះយ៉ាងណាទីភ្នាក់ងារអង្គការសហប្រជាជាតិបានឲ្យដឹងថា ការនិយាយបែបស្អប់ខ្ពើមទៅកាន់អ្នកកាន់សាសនាឥស្លាមតាមបណ្តាញសង្គមហ្វេសប៊ុកកំពុងរីកសាយឥតឈប់ឈរនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ការិយាល័យសិទ្ធិមនុស្សនោះរិះគន់ការរឹតត្បិតដែលនៅបន្តទៅលើសិទ្ធិបញ្ចេញមតិ និងការទទួលបានព័ត៌មាន។ ការិយាល័យសិទ្ធិមនុស្សបានកត់សម្គាល់ទៀតថា ការបង្រ្កាបលើប្រព័ន្ធអ៊ីនធឺណិតនៅតែមាននៅក្នុងទីក្រុងចំនួន ៨ ក្នុងរដ្ឋ Rakhine និងរដ្ឋ Chin ដែលបានរឹតត្បិតយ៉ាងធ្ងន់ធ្ងរលើលទ្ធភាពរបស់ប្រជាជនក្នុងការចែករំលែក និងទទួលបានព័ត៌មាន។
អ្នកស្រី Shamdasani និយាយថា រដ្ឋាភិបាលបានយកស្ថានភាពជំងឺកូវីដ១៩ដែលកាន់តែធ្ងន់ធ្ងរក្នុងប្រទេស ដើម្បីចេញបញ្ជាឲ្យប្រជាជនស្នាក់នៅតែក្នុងផ្ទះក្នុងតំបន់មួយចំនួន។
អ្នកស្រីនិយាយថា៖ «នៅក្នុងបរិបទរបស់បទបញ្ជានេះ ឧទាហរណ៍ អ្នកសារព័ត៌មានក៏ត្រូវបានចាត់ទុកថាមិនចាំបាច់ដែរ។ នេះមានន័យថា ការណ៍នេះរារាំងដល់លទ្ធភាពរបស់ពួកគេក្នុងការចេញទៅក្រៅដើម្បីរាយការណ៍ពីការបោះឆ្នោត យុទ្ធនាការប្រឆាំងនឹងការនិយាយបែបស្អប់ខ្ពើម ការដកសិទ្ធិបោះឆ្នោត និងបញ្ហានានាដែលយើងបានពណ៌នានៅទីនេះ។ នេះគឺជារឿងដ៏គួរឲ្យបារម្ភ»។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបានអំពាវនាវឲ្យប្រទេសមីយ៉ាន់ម៉ាថ្កោលទោសការនិយាយបែបស្អប់ខ្ពើម ហើយងាកមកលើកស្ទួយការនិយាយបែបមិនរើសអើង និងអត់ធ្មត់ ដោយមន្ត្រីរដ្ឋាភិបាលនិងបេក្ខជនឈរឈ្មោះវិញ។ ទីភ្នាក់ងារនេះក៏ជំរុញឲ្យរដ្ឋាភិបាលមានវិធានការធានាដល់សិទ្ធិក្នុងការចូលរួមដំណើរការនយោបាយផងដែរ៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ