អ្នក​ការទូត​មីយ៉ាន់ម៉ា​​កាន់​តែ​ច្រើន​ប្រឆាំង​​នឹង​យោធា​​ បន្ទាប់​ពី​ការ​បង្ក្រាប​ដោយ​ហិង្សា

  • ​Reuters

លោក​ Kyaw Moe Tun ឯកអគ្គរដ្ឋ​ទូត​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លើក​​ម្រាម​ដៃ​បី​ក្រោយ​ថ្លែង​នៅ New York កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ប្រែ​ក្រឡាស់​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ប្រទេស​លោក។

ក្រុមយោធា​មីយ៉ាន់ម៉ា​បាន​ចាញ់​ក្នុង​ជម្លោះអំពី​ការ​តែងតាំងមេដឹកនាំ​នៅ​បេសកកម្មខ្លួន​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង ​New York ​ហើយ​សហរដ្ឋ​អាមេរិក​បាន​បញ្ចេញ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ដៅ​លើ​ក្រុម​យោធា​បន្ទាប់​ពី​ការ​ស្លាប់​ជន​ស៊ីវិល​រាប់​សិប​នាក់ ​ដែល​បានប្រឆាំង​នឹង​រដ្ឋប្រហារ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

ស្រប​នឹងជម្លោះអំពី​ភាព​ស្មោះ​ត្រង់​របស់​អ្នក​ការទូត​នៅ​បរទេស ក្រុម​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ធ្វើ​បាតុកម្ម​កាន់តែ​ច្រើន​ឡើង​ទៀត ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ជំទាស់នឹង​ការ​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី Aung San Suu Kyi កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ។

ហ្វូង​មនុស្ស​ដ៏​ធំ​មួយ​បាន​ដើរ​ដោយ​សន្តិវិធី​កាត់​តាម​ទី​ក្រុង Mandalay ដែល​ជា​ទីក្រុង​ធំ​ទី ២ ដោយ​ស្រែក​ថា៖ «យុគសម័យ​ថ្ម​បាន​ចប់​ហើយ។ យើង​មិន​ភ័យ​ខ្លាច​ ពីព្រោះ​តែ​អ្នក​ឯង​គំរាម​កំហែង​យើង​នោះ​ទេ»។

​ក្នុងបណ្តា​ប្រទេស​ជិត​ខាង​របស់​មីយ៉ាន់ម៉ា ប្រទេស​សិង្ហបុរីជា​អ្នក​រិះគន់​ខ្លាំង​ជាង​គេ​ ហើយ​រដ្ឋមន្ត្រី​ការបរទេស​របស់​សិង្ហបុរីលោក Vivian Balakrishnan បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា វា​ជា«ភាព​អាម៉ាស់​របស់​ជាតិ» ដែលកងកម្លាំង​ប្រើ​អាវុធ​ប្រឆាំង​នឹង​ពលរដ្ឋ​ខ្លួន។

ការ​ប៉ះទង្គិច​គ្នា​អំពី​ថា ​តើ​នរណា​តំណាង​ឲ្យ​មីយ៉ាន់ម៉ា​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង New York ត្រូវ​បាន​បញ្ចៀស​សិន​នៅ​ពេល​នេះ បន្ទាប់​ពីអ្នក​ជំនួស​តែងតាំង​ដោយ​ក្រុម​យោធា​បាន​លាលែង​ ហើយ​បេសកកម្ម​របស់​មីយ៉ាន់ម៉ា​នៅ​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា លោក​ឯកអគ្គរដ្ឋ​ទូត Kyaw Moe Tun នៅ​តែ​រក្សា​ការងារ។

ក្រុមយោធា​បាន​បណ្តេញ​លោក Kyaw Moe Tun កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន បន្ទាប់​ពី​លោក​បាន​ជំរុញ​ឲ្យ​ប្រទេស​នានា​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ប្រើ​ «មធ្យោបាយ​គ្រប់​យ៉ាង» ​ដើម្បី​ប្រែក្រឡាស់​រដ្ឋប្រហារ​នេះ។

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា ​ស្ថានទូត​មីយ៉ាន់ម៉ា​នៅ​តែ​តំណាង​ឲ្យ​ក្រុមយោធា​ដែរ​ឬ​ទេ បន្ទាប់​ពី​ខ្លួន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​បាន​រិះគន់​ការ​ស្លាប់​របស់​បាតុករ​ស៊ីវិល ​ហើយ​បាន​អំពាវនាវ​ដល់​ក្រុម​អាជ្ញាធរ​ឲ្យ​ «អនុវត្ត​នូវ​ការ​អត់ធ្មត់​ដ៏​ខ្លាំង​បំផុត»៕