មេដឹកនាំដែលត្រូវបណ្តេញចេញពីអំណាចនៃប្រទេសមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំចំពោះការនាំចូលនិងការមានវិទ្យុទាក់ទងគ្នាខុសច្បាប់និងការរំលោភច្បាប់វីរុសកូរ៉ូណា។
ប្រភពមួយដែលជិតស្និទ្ធនឹងតុលាការនៅក្នុងរដ្ឋធានីណៃពីដោ បានប្រាប់បណ្តាញព័ត៌មានថា លោកស្រី Suu Kyi ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំចំពោះការរំលោភច្បាប់អហរ័ណនិងនីហរ័ណរបស់ភូមាចំពោះការនាំចូលវិទ្យុទាក់ទងដែលគេហៅថា Walkie-Talkies ហើយនឹងទោសជាប់ពន្ធនាគារ២ឆ្នាំទៀតចំពោះការបំពានច្បាប់ចាត់ចែងគ្រោះមហន្តរាយធម្មជាតិពាក់ព័ន្ធនឹងវីរុសកូរ៉ូណា។
ការកាត់ទោសនៅថ្ងៃចន្ទនេះកើតមានឡើងជាង១ខែបន្ទាប់ពីលោកស្រី Suu Kyi បានរងការចោទប្រកាន់ចំពោះការញុះញង់ឲ្យមានចលាចលសាធារណៈនិងការចោទប្រកាន់ដាច់ដោយឡែកមួយទៀតពីការបំពានច្បាប់រៀបចំចាត់ចែងគ្រោះមហន្តរាយធម្មជាតិពាក់ព័ន្ធនឹងការរឹតត្បិតជំងឺកូវីដ១៩ ខណៈពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសភាកាលពីឆ្នាំទៅ។ លោកស្រីកាលពីដំបូងត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ក៏ប៉ុន្តែ មេដឹកនាំយោធាឧត្តមសេនីយ៍ Min Aung Hlaing បានបន្ធូរបន្ថយទោសឲ្យមកនៅត្រឹម២ឆ្នាំវិញ។
លោកស្រី Suu Kyi អាយុ៧៦ឆ្នាំ កំពុងប្រឈមការជាប់ពន្ធនាគារជាង១០០ឆ្នាំ ប្រសិនបើ ត្រូវកាត់ទោសលើបទចោទប្រកាន់នានាប្រឆាំងនឹងលោកស្រីដោយពួកយោធាចាប់តាំងពីលោកស្រីនិងរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី បានត្រូវបណ្តេញចេញពីតំណែងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក។ លោកស្រី ក៏ត្រូវបានរងការចោទប្រកាន់ពីការរំលោភច្បាប់សម្ងាត់ផ្លូវការ ការញុះញង់ឲ្យមានចលាចលសាធារណៈ ការប្រើប្រាស់ដីធ្លីមិនត្រឹមត្រូវសម្រាប់មូលនិធិសប្បុរសធម៌របស់លោកស្រីនិងការទទួលប្រាក់ខុសច្បាប់ចំនួន៦សែនដុល្លារនិងមាសចំនួន១១គីឡូក្រាម។
ពួកអ្នកគាំទ្រលោកស្រី និយាយថា ការចោទប្រកាន់ទាំងអស់នេះ មានគោលបំណងរារាំងលោកស្រីមិនឲ្យធ្វើនយោបាយម្តងទៀត។
គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី Suu Kyi បានឈ្នះការ បោះឆ្នោតជាតិភ្លូកទឹកភ្លូកដីនៅខែវិច្ឆិកា ឆ្នាំ២០២០លើគណបក្សសាមគ្គីភាពនិងការអភិវឌ្ឍន៍សហភាពដែលគាំទ្រដោយពួកយោធា។ ពួកយោធា បានលើកឡើងពីការលួចបន្លំការឆ្នោតយ៉ាងខ្លាំងជាហេតុផលដើម្បីផ្តួលរំលំរដ្ឋាភិបាលស៊ីវិលនិងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ។ គណៈកម្មការរៀបចំការបោះឆ្នោតស៊ីវិល បានច្រានចោលការចោទប្រកាន់ទាំងនេះមុនពេលគណៈកម្មការនោះត្រូវបានរំលាយ។
លោកស្រី Suu Kyi ដែលបានដឹកនាំរដ្ឋាភិបាលដែលត្រូវបានបណ្តេញចេញពីតំណែងក្នុងនាមជាទីប្រឹក្សារដ្ឋ និងលោកប្រធានាធិបតី Win Myint ព្រមទាំងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតត្រូវបានជាប់ពន្ធនាគារចាប់តាំងពីរដ្ឋប្រហារនោះមក៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press, Agence France-Presse និង Reuters។