តុលាការមីយ៉ាន់ម៉ាបានចោទប្រកាន់បន្ថែមប្រឆាំងនឹងមេដឹកនាំដែលគេបណ្តេញចេញពីតំណែងអ្នកស្រី Aung San Suu Kyi នៅថ្ងៃច័ន្ទនេះ។ នេះតាមការបញ្ជាក់របស់មេធាវីរបស់អ្នកស្រី ខណៈបាតុករបន្តដើរដង្ហែ ជម្នះនឹងការបង្ក្រាបដោយកងកម្លាំងសន្តិសុខដែលបានសម្លាប់មនុស្សយ៉ាងតិច១៨នាក់ដែរ កាលពីអាទិត្យ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកស្រី Suu Kyi ហាក់មានសុខភាពល្អនៅពេលដែលអ្នកស្រីបានចូលរួមក្នុងសវនាការតុលាការតាមវីដេអូនៅក្នុងរដ្ឋធានីណៃពីដោ ថ្វីបើអ្នកស្រីទំនងបានស្រកទម្ងន់ខ្លះក៏ដោយ ហើយអ្នកស្រីបានសុំជួបក្រុមមេធាវីរបស់អ្នកស្រី។ នេះបើការបញ្ជាក់របស់មេធាវី Min Min Soe។
មេដឹកនាំរបស់គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) រូបនេះមិនត្រូវបានគេឃើញនៅកន្លែងសាធារណៈចាប់តាំងពីរដ្ឋាភិបាលរបស់អ្នកស្រីបានត្រូវបណ្តេញចេញពីតំណែងនៅក្នុងរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈមក ហើយអ្នកស្រីត្រូវបានគេឃុំខ្លួនជាមួយមេដឹកនាំផ្សេងទៀតរបស់គណបក្ស។
អ្នកស្រីដំបូងឡើយបានរងការចោទប្រកាន់ពីការនាំចូលខុសច្បាប់វិទ្យុទាក់ទងអៃកូមចំនួន៦គ្រឿង។ ក្រោយមក គេបានបន្ថែមការចោទប្រកាន់ពីការរំលោភច្បាប់គ្រោះធម្មជាតិទៀត។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ កងកម្លាំងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបាញ់លើពួកបាតុករ ដោយបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏១៨នាក់ ហើយនិងធ្វើឲ្យរបួសជាង៣០នាក់ទៀត ដែលជាថ្ងៃបាតុកម្មដ៏ប្រល័យបំផុតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈមក។
សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃអាទិត្យនោះ បានថ្កោលទោសការបង្ក្រាបដ៏ប្រល័យលើបាតុករនេះ ហើយបានបញ្ហាក់ពីការអាចដាក់ទណ្ឌកម្ម៕