មនុស្សជាង ៨០០នាក់ ដែលត្រូវបានសង្ស័យថាជាមេខ្យល់បោកប្រាស់នាំមនុស្សឆ្លង កាត់ព្រំដែន ត្រូវបានចាប់ខ្លួនដោយប្រតិបត្តិការរួមរវាងកងកម្លាំងប៉ូលិសមីយ៉ាន់ម៉ានិងចិន។ នេះបើតាមការឱ្យដឹងរបស់ស្ថានទូតចិនក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះ ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
គេឃើញមានសមាសភាពនៃក្រុមបោកប្រាស់ជាច្រើនកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា ដោយមានជនជាតិចិននិងជនជាតិនៃប្រទេសផ្សេងទៀតចូលរួមផងដែរ ដោយពួកគេត្រូវបានបង្ខំឱ្យធ្វើការបោកប្រាស់ដល់ពលរដ្ឋរបស់ខ្លួននៅក្នុងមុខរបរមួយនេះ ដោយក្រុមអ្នកវិភាគនិយាយថា មានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។
រដ្ឋាភិបាលក្រុងប៉េកាំងដែលជាសម្ព័ន្ធមិត្ត និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់មួយដល់របបសឹកយោធាមីយ៉ាន់ម៉ាដែលឯកកោនោះបានស្នើរបបសឹកមីយ៉ាន់ម៉ាឱ្យបង្ក្រាបប្រតិបត្តិការបោកប្រាស់នេះជាច្រើនលើកច្រើនសារ។
ក្រុមប៉ូលិសចិនបានផ្តល់តម្រុយដល់ប៉ូលិសមីយ៉ាន់ម៉ា ដោយបានវាយឆ្មក់ឆែកឆេរក្នុងទីក្រុង Muse ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅក្នុងរដ្ឋ Shan ភាគខាងជើងប្រទសមីយ៉ាន់ម៉ា។ នេះបើតាមស្ថានទូតចិនក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានិយាយលើបណ្តាញសង្គមចិន WeChat។
ស្ថានទូតចិនបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថាក្រុមប៉ូលិសមីយ៉ាន់ម៉ាបានចាប់ខ្លួនមនុស្សចំនួន ៨០៧នាក់ ដែលធ្វើសកម្មភាពឧក្រិដ្ឋឆ្លងព្រំដែននិងរឹបអូសបានកុំព្យូទ័រ ទូរស័ព្ទដៃនិងឯកសារក្លែងក្លាយមួយចំនួនផងដែរ។
សេចក្តីថ្លែងការណ៍ដដែលនេះបន្តទៀតថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ មានជនជាតិចិនចំនួន ៣៥២នាក់ ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសចិនកាលពីថ្ងៃអាទិត្យ ហើយក្រៅពីនោះជាជនជាតិមីយ៉ាន់ម៉ា។
របបយោធាមីយ៉ាន់ម៉ាមិនបានធ្វើអត្ថាធិប្បាយលើការវាយឆ្មក់ឆែកឆេរនោះឡើយ។
កាលពីឆ្នាំទៅ ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនិយាយថាមានមនុស្សយ៉ាងតិចចំនួន ១សែន ២ម៉ឺននាក់ បានជាប់ផុងខ្លួននៅក្នុងអំពើបោកប្រាស់ក្នុងប្រទេសមីយ៉ាន់ម៉ា។
បើតាមប្រព័ន្ធឃោសនារដ្ឋចិនបានផ្សព្វផ្សាយថាមនុស្សជាង ៤ម៉ឺននាក់ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអំពើបោកប្រាស់តាមអ៊ីនធឺណិតក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានប្រគល់ខ្លួនទៅឱ្យប្រទេសចិនកាលពីឆ្នាំទៅ៕