មនុស្សប្រហែល៤០០នាក់បានស្លាប់នៅក្នុងអំពើហិង្សានៅក្នុងរដ្ឋ Rakhine នៃប្រទេសមីយ៉ានម៉ាក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ នេះតាមការបញ្ជាក់របស់ពួកមន្រ្តីយោធា ហើយអ្នកស្លាប់ស្ទើរតែទាំងអស់ជាពួកបះបោរឥស្លាម។
គេហទ័ព័រ Facebook របស់យោធាមីយ៉ានម៉ាបានរាយការណ៍ថា ចំនួនមនុស្សស្លាប់ ៣៧០នាក់ជាពួកបះបោរ ហើយ២៩នាក់ទៀតជាប៉ូលិសឬជនស៊ីវិល។
ទោះជាយ៉ាងណាក៏ដោយ សមាជិករបស់សហគមន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កាន់សាសនាឥស្លាម បានរាយការណ៍ពីការវាយប្រហារទៅលើភូមិរបស់ពួកគេដែលបានធ្វើឲ្យមនុស្សជាច្រើនស្លាប់ហើយបានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ទៀតភៀសខ្លួន។
អង្គការសហប្រជាជាតិបានប្រាប់ឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ក៏៣ម៉ឺន៨ពាន់នាក់ដែរបានរត់គេចខ្លួនពីប្រទេសមីយ៉ាន់ម៉ាចូលក្នុងប្រទេសបង់ក្លាដែស ភាគច្រើននៃមនុស្សទាំងនោះជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ ពួកមេដឹកនាំសហគមន៍នៅក្នុងប្រទេសបង់ក្លាដែសបានប្រាប់ VOAថា អ្នកកាន់សាសនាហិណ្ឌូខ្លះ ក៏ជាជនជាតិភាគតិចក្នុងប្រទេសមីយ៉ានម៉ាដែរនោះ បានឆ្លងកាត់ព្រំដែនដែរ។ ប្រភពនៅក្នុងប្រទេសបង់ក្លាដែសបានប្រាប់ VOA ផ្សាយជាភាសាបង់ក្លាថា មនុស្សរហូតដល់៦ម៉ឺននាក់បានឆ្លងកាត់ព្រំដែនក្នុងរយៈពេល៨ថ្ងៃកន្លងមកនេះ។
បន្ថែមពីនោះទៀត មនុស្សរាប់ពាន់ទៀតបានរត់គេចចេញពីភូមិរបស់ខ្លួនហើយបានស្វះស្វែងរកទីជម្រកនៅតាមវិហារព្រះពុទ្ធសាសនា សាលារៀននិងវិហារឥស្លាមក្នុងក្រុងផ្សេងៗនៅរដ្ឋ Rakhine។
លោក U Khin Win អនុប្រធាននៃគណៈកម្មាធិការជួយសង្គ្រោះបន្ទាន់បានប្រាប់ VOA ផ្សាយជាភាសាភូមាតាមទូរស័ព្ទថា មនុស្ស៨០០នាក់កំពុងជ្រកកោននៅទីវត្តអារ៉ាមព្រះពុទ្ធសាសនាក្នុងក្រុង Maundaw៕