មេដឹកនាំយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ាគឺឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing បានរៀបរាប់លម្អិតអំពីផែនការសម្រាប់ការបោះឆ្នោតនៅចុងឆ្នាំនេះ ហើយបានអំពាវនាវឱ្យមានឯកភាពជាតិនៅក្នុងសុន្ទរកថាកាលពីថ្ងៃពុធ ខណៈដែលលោកបានដឹកនាំពិធីរំលឹកខួបលើកទី ៧៥ នៃការទទួលបានឯករាជ្យពីចក្រភពអង់គ្លេស។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោកបានជំរុញឱ្យប្រទេសផ្សេងទៀត និងអង្គការអន្តរជាតិ ក៏ដូចជាប្រជាជននៃប្រទេសរបស់លោក គាំទ្រ «ប្រព័ន្ធប្រជាធិបតេយ្យពហុបក្សរីកចម្រើនខាងវិន័យពិតប្រាកដ» ដែលជាគោលគំនិតរបស់ក្រុមយោធាកំពុងកាន់អំណាចដែលបានកំណត់ថា ជាគោលដៅរបស់ខ្លួនចាប់តាំងពីក្រុមយោធា បានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សានស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ ២០២១។
លោក Min Aung Hlaing ក៏បានប្រកាសលើកលែងទោសដល់អ្នកទោសចំនួន ៧.០១២ នាក់ ដើម្បីបង្ហាញឲ្យដឹងក្នុងពេលប្រារព្ធពិធីនេះ រួមជាមួយនឹងការបន្ធូរបន្ថយផ្នែកខ្លះនៃទោសទណ្ឌិតផ្សេងទៀត ដែលមិនត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ។ អ្នកជាប់ឃុំផ្នែកនយោបាយមួយចំនួនស្ថិតក្នុងចំណោមអ្នកដែលត្រូវបានដោះលែងដែរ ប៉ុន្តែមិនមានសញ្ញាណាមួយដែលថាកាយវិការនេះនឹងរួមបញ្ចូលលោកស្រី ស៊ូជី ដែលត្រូវពួកយោធាចាប់ឃុំខ្លួនដាក់ឲ្យនៅដាច់ពីគេ ចាប់តាំងពីក្រុមយោធាបានដណ្តើមអំណាចនោះទេ។
លោកស្រី ស៊ូជី វ័យ ៧៧ ឆ្នាំ កំពុងជាប់ពន្ធនាគាររយ:ពេល ៣៣ ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោសពីបទចោទពាក់ព័ន្ធនឹងហេតុផលនយោបាយជាបន្តបន្ទាប់ ដែលក្រុមយោធាប្រឌិតឡើង។ ក្នុងនោះរួមទាំងការនាំចូល និងកាន់កាប់វិទ្យុទាក់ទង walkie-talkies ខុសច្បាប់ ការរំលោភបំពានបម្រាមកូវីដ ការរំលោភលើច្បាប់សម្ងាត់ជាផ្លូវការរបស់ប្រទេស ការបះបោរជាប់បទចោទពីការក្លែងបន្លំ និងអំពើពុករលួយ។ លោកស្រីត្រូវបានឃុំខ្លួនតាំងពីខែមិថុនា នៅក្នុងបឹងហ្គាឡូដែលសាងសង់តាមទំនៀមទម្លាប់ប្រទេសនៅពន្ធនាគារធំ ក្នុងរដ្ឋធានីណៃពិដោ ដែលមានឆ្មាំស្ត្រីបីនាក់នៅយាមកាម ប៉ុន្តែនៅឃុំដាច់ដោយឡែកពីអ្នកទោសផ្សេងទៀត។
អ្នកគាំទ្ររបស់លោកស្រី ស៊ូជី និងអ្នកវិភាគឯករាជ្យនិយាយថា ករណីប្រឆាំងនឹងលោកស្រី គឺជាការប៉ុនប៉ងធ្វើឱ្យខូចកិត្តិយសលោកស្រី និងធ្វើឱ្យមានភាពស្របច្បាប់ដល់ការដណ្តើមអំណាចរបស់ក្រុមយោធា ខណៈដែលរារាំងលោកស្រីមិនឱ្យចូលរួមក្នុងការបោះឆ្នោតដែលយោធាបាននិយាយថានឹងធ្វើឡើងនៅខែសីហាឆ្នាំនេះ។
ដំណើរការពិតប្រាកដដំបូងឆ្ពោះទៅកាន់ការបោះឆ្នោតអាចកើតឡើងនៅចុងខែនេះ នៅពេលដែលការបន្ថែមរយៈ ពេលប្រាំមួយខែចុងក្រោយនៃស្ថានភាពអាសន្នត្រូវបញ្ចប់។ ភាពអាសន្នត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឱ្យយោធាគ្រប់គ្រង បន្ទាប់ពីពួកយោធាបានដណ្តើមអំណាចក្នុងអំពើរដ្ឋប្រហារនៅឆ្នាំ ២០២១ ។
ការដណ្តើមអំណាចរបស់យោធាបានធ្វើឲ្យមានការដើរត្រឡប់ថយក្រោយនូវការរីកចម្រើនជិតមួយទសវត្សរ៍ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីរយៈពេលប្រាំទសវត្សរ៍នៃការគ្រប់គ្រងដោយយោធា។ យោធាបាននិយាយថា ខ្លួនបានធ្វើសកម្មភាពដូច្នេះ ដោយសារតែការលួចបន្លំសន្លឹកឆ្នោតដ៏ធំនៅក្នុងការបោះឆ្នោត ទោះបីជាអ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យមិនបានរកឃើញភាពមិនប្រក្រតីធំណាមួយក៏ដោយ។
លោក Min Aung Hlaing បានប្រកាសនៅក្នុងសុន្ទរកថារបស់លោក ក្នុងរដ្ឋធានីណៃពិដោ ជាកន្លែងដែលលោកបានធ្វើជាអធិបតីក្នុងក្បួនដង្ហែទ្រង់ទ្រាយធំផងដែរថា៖
«នៅពេលសម្រេចបាននូវបទប្បញ្ញត្តិនៃស្ថានភាពអាសន្ន ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនឹងប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ហើយការងារបន្ថែមទៀតនឹងត្រូវអនុវត្តដើម្បីប្រគល់ភារកិច្ចរដ្ឋទៅឱ្យគណបក្សឈ្នះឆ្នោតស្របតាមស្តង់ដាប្រជាធិបតេយ្យ»។
អង្គភាពយោធា និងមន្ត្រីរាជការ បានដើរដង្ហែក្បួនដែលរៀបចំឡើងនៅកៀកនឹងបណ្តុំអគារសភាដ៏ធំសម្បើម ខណៈដែលយន្តហោះចម្បាំងយន្តហោះទម្លាក់គ្រាប់បែក និងឧទ្ធម្ភាគចក្របានហោះពីលើ។ ផែនការសម្រាប់ការបោះឆ្នោតសកលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការប៉ុនប៉ងធ្វើឱ្យមានប្រក្រតីភាពនៃការដណ្តើមអំណាចរបស់យោធាតាមរយៈប្រអប់ឆ្នោត និងដើម្បីផ្តល់លទ្ធផលដែលធានាឱ្យឧត្តមសេនីយ៍យោធារក្សាការគ្រប់គ្រងអំណាច។ យោធានឹងគ្រប់គ្រងដំណើរការទាំងមូល ហើយបានចំណាយពេលពីរឆ្នាំកន្លងមកនេះ ដើម្បីធ្វើឲ្យចុះខ្សោយក្រុមប្រឆាំងដែលគួរឱ្យទុកចិត្តណាមួយ។
ទោះបីជាមិនត្រូវបានដាក់ឲ្យនៅក្រៅច្បាប់ជាផ្លូវការក៏ដោយ ក៏គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលជាអតីតគណបក្សកាន់អំណាចដ៏មានប្រជាប្រិយ បានបែកបាក់គ្នាយ៉ាងពិតប្រាកដ ដោយមានថ្នាក់ដឹកនាំ និងសមាជិកជាច្រើននាក់ ជាប់គុក ឬលាក់ខ្លួន។ រាល់ទម្រង់នៃការប្រឆាំងបច្ចុប្បន្នត្រូវបានបង្ក្រាប ដោយកងកម្លាំងសន្តិសុខ ពេលខ្លះដោយក្រុមសម្លាប់មនុស្ស។
គណបក្ស NLD ដឹកនាំដោយលោកស្រី ស៊ូជី បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីជាលើកទី ២ ក្នុងការបោះឆ្នោត ជាសកលឆ្នាំ ២០២០ ដែលជាលទ្ធផលបង្កឱ្យមានការផ្តួលរំលំដោយយោធានៅឆ្នាំបន្ទាប់។ ការដណ្តើមអំណាចរបស់ក្រុមយោធាបាននាំឱ្យមានការតវ៉ាទូទាំងប្រទេសដោយសន្តិវិធី ដែលកងកម្លាំងសន្តិសុខបានបង្ក្រាបផ្តាច់ផ្តិលជីវិត។ កាណ៍នេះ បានបង្កឱ្យមានការតស៊ូប្រដាប់អាវុធ ដែលអ្នកជំនាញមួយចំនួនរបស់អង្គការសហប្រជាជាតិ ចាត់ទុកថាជាសង្គ្រាមស៊ីវិល។
ប្រវត្តិសាស្ត្ររបស់មីយ៉ាន់ម៉ា សូម្បីតែមុនពេលការកាន់កាប់ ឆ្នាំ ២០២១ ត្រូវបានគេកត់សម្គាល់ដោយជម្លោះប្រដាប់អាវុធជាច្រើនទសវត្សរ៍រវាងរដ្ឋាភិបាលកណ្តាល និងជនជាតិដើមភាគតិចដែលស្វែងរកស្វ័យភាពកាន់តែច្រើន ដែលភាគច្រើននៅក្នុងតំបន់ព្រំដែន។
ជម្លោះប្រដាប់អាវុធនៅតែរាលដាលពេញប្រទេស ហើយលោក Min Aung Hlaing បានសង្កត់ធ្ងន់ថា៖ «ការបញ្ចប់ជម្លោះប្រដាប់អាវុធផ្ទៃក្នុង ដើម្បីធានាបាននូវសាមគ្គីភាពជាតិ និងសន្តិភាព ដែលជាកត្តាចាំបាច់សម្រាប់ប្រទេសជាតិយើង ហើយការខិតខំប្រឹងប្រែងយ៉ាងខ្លាំងកំពុងត្រូវបានធ្វើឡើងហើយដើម្បីឆ្ពោះទៅកាន់គោលបំណងនេះ»។
ការណ៍ដែលលោក Min Aung Hlaing ផ្តួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យ និងការគាបសង្កត់យ៉ាងខ្លាំងក្លាលើក្រុមប្រឆាំងទាំងអស់ ក៏បានធ្វើឱ្យប្រទេសនេះក្លាយជារដ្ឋឯកោក្នុងចំណោមប្រទេសជាច្រើនទៀត ដែលត្រូវរងការដាក់ទណ្ឌកម្មផ្នែកនយោបាយ និងសេដ្ឋកិច្ចប្រឆាំងនឹងក្រុមឧត្តមសេនីយ៍ដែលកំពុងកាន់អំណាច។
លោកបានបន្ថែមថា៖ «គេមើលឃើញថា អង្គការ និងប្រទេសមួយចំនួនបានជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។ ទោះជាយ៉ាងណាក៏ដោយ ក៏យើងបានសម្រេចចិត្តឈរយ៉ាងម៉ឺងម៉ាត់ជាសកល ខណៈពេលដែលប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសរបស់យើង ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍របស់ប្រទេសជាតិយើង»៕
ប្រែសម្រួលដោយលោក សុខ ខេមរា