យន្ដហោះចម្បាំងរបស់យោធាមីយ៉ាន់ម៉ាបានវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃសៅរ៍ទៅលើភូមិមួយនៅក្បែរព្រំប្រទល់ប្រទេសថៃ នៅក្នុងដែនដីដែលត្រួតត្រាដោយក្រុមប្រដាប់អាវុធជាតិសាសន៍ភាគតិចមួយក្រុម។ នេះបើតាមការបញ្ជាក់របស់សហភាពជាតិ Karen (Karen Natioanl Union)។
ការវាយប្រហារនេះបានធ្វើឡើង ស្របពេលដែលមានការភ័យខ្លាចកើនឡើងថាអាចមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាំងពីពេលដែលយោធាបានធ្វើរដ្ឋប្រហារកាលពីខែមុនមក។
សហភាពជាតិ Karen ដែលជាក្រុមប្រដាប់អាវុធជាតិសាសន៍ភាគតិច ដែលត្រួតត្រាតំបន់ប៉ែកអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា យន្ដហោះចម្បាំងមួយចំនួនបានវាយប្រហារតំបន់ Day Pu No ក្នុងស្រុក Papun ដែលជាតំបន់មួយគ្រប់គ្រងដោយកងកម្លាំងកងពលតូចទី៥ របស់ខ្លួន នៅវេលាម៉ោងប្រមាណ ៨ យប់។ ការវាយប្រហារនេះបានបង្ខំឲ្យអ្នកភូមិជម្លៀសខ្លួនចេញ។
អ្នកនាំពាក្យរបស់អង្គការសង្គមស៊ីវិលមួយដែលមានឈ្មោះថាបណ្ដាញគ្រប់គ្រងសន្ដិភាព Karen (Karen Peace Support Network) បានថ្លែងថា៖ «ពួកគេ [យោធា] បានទម្លាក់គ្រាប់បែកនៅតំបន់នោះ។ ...អ្នកភូមិនៅតំបន់នោះបាននិយាយថា មនុស្សពីរនាក់បានស្លាប់ ហើយពីរនាក់ទៀតរងរបួស»។
អ្នកនាំពាក្យរូបនោះបានថ្លែងទៀតថា ការទំនាក់ទំនងនៅតំបន់នោះមានការលំបាកដោយសារតែតំបន់នោះជាតំបន់ដាច់ស្រយាល ហើយថា អាចនឹងមានជនរងគ្រោះច្រើនជាងនេះទៀត។
អ្នកនាំពាក្យរបស់យោធាមីយ៉ាន់ម៉ាមិនបានលើកទូរស័ព្ទដែលស្នើសុំយោបល់ជុំវិញរឿងនេះនោះទេ។
ការវាយប្រហារតាមផ្លូវអាកាសដែលត្រូវបានរាយការណ៍នេះ គឺជាការវាយប្រហារដ៏ធំបំផុតនៅក្នុងតំបន់នេះក្នុងរយៈពេលរាប់ឆ្នាំកន្លងមកនេះ។
សហភាពជាតិ Karen បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់ប្រយុទ្ធគ្នាកាលពីឆ្នាំ ២០១៥ ប៉ុន្តែភាពតានតឹងបានកើនឡើង បន្ទាប់ពីយោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី Aung San Suu Kyi កាលពីថ្ងៃទី១ ខែកុម្ភៈមក។
កាលពីព្រឹកថ្ងៃសៅរ៍ សហភាពជាតិ Karen បានឲ្យដឹងថា កងកម្លាំងកងពលតូចទី ៥ របស់ខ្លួន បានវាយលុកមូលដ្ឋានយោធាមួយកន្លែង ដោយបានសម្លាប់ទាហានចំនួន ១០ នាក់ ដែលក្នុងនោះរួមមានទាំងវរសេនីយ៍ទោម្នាក់ផងដែរ នៅពេលដែលរបបយោធាបានប្រារព្ធទិវាកងកម្លាំងយោធាប្រចាំឆ្នាំរបស់ខ្លួន ដោយមានការដើរដង្ហែក្បួននៅក្នុងរដ្ឋធានីណៃពិដោ។
សហភាពជាតិ Karen បានបញ្ជាក់ថា ខ្លួនបានផ្ដល់ទីជម្រកដល់មនុស្សរាប់រយនាក់ ដែលបានរត់ភៀសខ្លួនពីតំបន់ភាគកណ្ដាលប្រទេសមីយ៉ាន់ម៉ា ស្របពេលដែលមានការកើនឡើងនូវអំពើហិង្សានៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។
កងកម្លាំងយោធាមីយ៉ាន់ម៉ាបានសម្លាប់មនុស្សអស់រាប់សិបនាក់កាលពីថ្ងៃសៅរ៍ ដែលរួមមានទាំងកុមារផងដែរ ដែលនេះគឺជាថ្ងៃដែលមានការសម្លាប់បាតុករច្រើនបំផុតមួយតាំងពីថ្ងៃធ្វើរដ្ឋប្រហារមក។ នេះបើយោងតាមសេចក្ដីរាយការណ៍ព័ត៌មាន និងសាក្សីនានា៕