លោក U Htin Kyaw ដែលជាជំនួយការជាន់ខ្ពស់ និងជាមិត្តភក្តិយូរអង្វែងរបស់លោកស្រី អង់សាន ស៊ូជី ត្រូវបានជ្រើសតាំងដោយសភាជាន់ទាបដែលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងលោក Henry Van Thio តំណាងរាស្រ្តនៃគណបក្សដដែលនេះ ដែលជាជនជាតិភាគតិច Chin ត្រូវបានជ្រើសតាំងដោយសភាជាន់ខ្ពស់ដើម្បីជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន៣នាក់សម្រាប់តំណែងជាប្រធានាធិបតី។
ប្រធានាធិបតីនឹងត្រូវបានជ្រើសរើសពីបេក្ខជនដែលត្រូវបានជ្រើសតាំង ហើយបេក្ខជនដែលចាញ់ឆ្នោតនឹងក្លាយទៅជាអនុប្រធានាធិបតី។ ប៉ុន្តែពួកយោធានៅមិនទាន់ជ្រើសតាំងបេក្ខជនរបស់ខ្លួននៅឡើយទេ ហើយគេសង្ឃឹមថា ពួកយោធានឹងប្រកាសពីបេក្ខជនរបស់ខ្លួននៅថ្ងៃសុក្រនេះ។
លោក U Hla Htay Win តំណាងរាស្រ្តខាងគណបក្សសហភាពសាមគ្គីភាព និងអភិវឌ្ឍន៍បានមានប្រសាសន៍ថា ពួកគេគ្រាន់តែជ្រើសតាំងបេក្ខជនដើម្បីសហការក្នុងដំណើរការជ្រើសរើសប្រធានាធិបតីតែប៉ុណ្ណោះ។ បេក្ខជនជ្រើសតាំងរបស់ពួកគេមានដូចជា លោក Sai Mauk Kham ដែលជាអនុប្រធានាធិបតីនាពេលបច្ចុប្បន្ន និងលោក U Khin Aung ដែលជាអតីតប្រធានសភាជាន់ខ្ពស់។
លោកស្រី អង់សាន ស៊ូជី ក៏បានចេញផ្សាយលិខិតជាផ្លូវការមួយ ដោយបានពន្យល់ថាស្ថានភាពនេះនឹងមិនអាចបំពេញទៅតាមឆន្ទៈរបស់ប្រជាជននោះទេ ហើយលោកស្រីបានស្នើឲ្យសាធារណជនយោគយល់អំពីស្ថានភាពនេះ។
ស្របពេលជាមួយគ្នានេះដែរ លោកស្រី អង់សាន ស៊ូជី ក៏បានជួបជាមួយក្រុមតំណាងរាស្រ្តខាងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងពន្យល់អំពីមូលហេតុដែលលោកស្រីជ្រើសរើសបេក្ខជនទាំង២រូបនេះ។ លោក U Hla Tun Kyaw តំណាងរាស្រ្តខាងគណបក្សជាតិ Arakan បានថ្លែងប្រាប់ VOA ភាសាភូមាថា ពួកគេចង់ឲ្យមានបេក្ខជនជនជាតិភាគតិចខាងគណបក្សនយោបាយរបស់ក្រុមជនជាតិភាគតិច មិនមែនបេក្ខជនខាងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនោះទេ។ ហើយលោកបានសម្តែងការមិនពេញចិត្តចំពោះការជ្រើសរើសនេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក U Sai Wan Hlaing Kham ខាងគណបក្សសម្ព័ន្ធជាតិShan ដើម្បីលទ្ធិប្រជាធិបតេយ្យបានមានប្រសាសន៍ថា ការជ្រើសរើសបេក្ខជនមកពីក្រុមជនជាតិភាគតិចតែម្នាក់សម្រាប់តំណែងជាអនុប្រធានាធិបតីនឹងមិនមានន័យថា អាចសម្រេចបាននូវការផ្សះផ្សាជាតិក្នុងចំណោមក្រុមជនជាតិដើមភាគតិចផ្សេងៗគ្នានោះទេ៕