ស្របពេលដែលប្រទេសមីយ៉ាន់ម៉ាស្ថិតក្នុងភាពស្រឡាំងកាំងនៅក្រោយរដ្ឋប្រហារយោធាកាលពីដើមខែកុម្ភៈ មេដឹកនាំសកម្មជនម្នាក់បានប្ដេជ្ញាធ្វើឲ្យប្រាកដថា អនាគតរបស់ប្រទេសជាតិរបស់លោកនឹងស្ថិតក្នុងដៃរបស់ប្រជាពលរដ្ឋ។
លោក Maung Saungkha គឺជាសកម្មជនជើងចាស់និងជាកវីម្នាក់ ដែលល្បីឈ្មោះនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ បុរសវ័យ ២៨ ឆ្នាំរូបនេះ គឺជាស្ថាបនិកមួយរូបនៃអង្គការ Athan ដែលជាក្រុមសកម្មជនមួយក្រុម ដែលតស៊ូមតិដើម្បីលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ។ ពាក្យថា Athan មានន័យថា «សំឡេង» នៅក្នុងភាសាភូមា។
ប៉ុន្តែអង្គការសិទ្ធិមនុស្សមួយនេះប្រហែលជាមិនល្បីឈ្មោះដូចសព្វថ្ងៃនេះទេ ប្រសិនបើសកម្មជនរូបនេះមិនមានបញ្ហាជាមួយនឹងច្បាប់កាលពីពេលមុន។
កាលពីឆ្នាំ ២០១៦ លោក Saungkha បានជាប់ឃុំឃាំងក្នុងពន្ធនាគារក្រោមបទចោទប្រកាន់បរិហាកេរ្តិ៍ បន្ទាប់ពីលោកបានតែងកំណាព្យមួយ ដែលនៅក្នុងនោះមានឃ្លាមួយដែលនិយាយអំពីសាក់រូបលោកអតីតប្រធានាធិបតី Thein Sein នៅលើប្រដាប់ភេទ។ លោកបានជាប់ពន្ធនាគារ ៦ ខែ។
ប៉ុន្តែ ពេលវេលានៃការជាប់ពន្ធនាគាររបស់លោកបានបំផុសគំនិតលោកឲ្យសហបង្កើតអង្គការ Athan នៅឆ្នាំ ២០១៨។ នាពេលបច្ចុប្បន្ននេះ នៅចំពេលដែលប្រទេសមីយ៉ាន់ម៉ាកំពុងឆ្លងកាត់វិបត្តិនយោបាយ លោក Saungkha និងក្រុមរបស់លោកបានដឹកនាំការតវ៉ាដើម្បីឲ្យប្រទេសវិលទៅរកលទ្ធិប្រជាធិបតេយ្យវិញ។
ក្រុមរបស់លោកបានពណ៌នាខ្លួនឯងនៅលើគេហទំព័ររបស់ខ្លួនថាជា «ប្រភពដ៏ទុកចិត្តសម្រាប់ព័ត៌មានទាន់ហេតុការណ៍អំពីសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
លោក Saungkha បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសតាមរយៈកិច្ចសម្ភាសន៍ជាវីដេអូមួយ ដែលបង្ហោះនៅលើគណនីបណ្ដាញសង្គមតាមអ៊ីនធឺណិតរបស់លោកថា៖ «យើងត្រូវតែបង្អាក់ក្បាលម៉ាស៊ីនចាត់តាំងរបស់រដ្ឋាភិបាលយោធា។ នៅពេលដែលក្បាលម៉ាស៊ីនចាត់តាំងរបស់ពួកគេបែកបាក់ អំណាចរបស់ប្រជាពលរដ្ឋនឹងត្រូវប្រគល់ជូនយើងវិញ។ នេះគឺជាការផ្ដោតជាចម្បងរបស់យើង»។
លោក Saungkha ចង់ឲ្យប្រទេសមីយ៉ាន់ម៉ាលុបចោលរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨។ រដ្ឋធម្មនុញ្ញនេះអនុញ្ញាតឲ្យយោធាអាចកាន់កាប់អាសនៈ ២៥% នៃរដ្ឋសភាបាន។
លោកបានបន្ថែមថា៖ «យើងចាំបាច់ត្រូវសម្រេចគោលដៅចម្បងឲ្យបាន ដែលនោះគឺការលុបចោលទាំងស្រុងនូវរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨។ នេះគឺជាសាររបស់ខ្ញុំទៅកាន់សាធារណជន»។
ប្រទេសមីយ៉ាន់ម៉ា ដែលគេស្គាល់ថាជាប្រទេសភូមាផងដែរនោះ ត្រូវបានដឹកនាំដោយយោធាចាប់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ២០១១។ នៅឆ្នាំ ២០១១ ការធ្វើកំណែទម្រង់ប្រជាធិបតេយ្យដែលដឹកនាំដោយអ្នកស្រី Aung San Suu Kyi បានបញ្ចប់ការដឹកនាំបែបយោធានេះ។
នៅឆ្នាំ ២០១៥ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី Suu Kyi បានឈ្នះការបោះឆ្នោតបែបប្រជាធិបតេយ្យបើកចំហជាលើកដំបូងបង្អស់របស់ប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងការបោះឆ្នោតថ្នាក់ជាតិក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីខែវិច្ចិកា ឆ្នាំ ២០២០ គណបក្សសាមគ្គីភាពនិងអភិវឌ្ឍន៍សហភាព (USDP) ដែលជាគណបក្សប្រឆាំងដែលគាំទ្រដោយយោធា បានចាញ់ការបោះឆ្នោត ដោយគណបក្ស NLD របស់អ្នកស្រី Suu Kyi បានឈ្នះភ្លូកទឹកភ្លូកដី។ គណបក្សប្រឆាំងបានអះអាងថា ការបោះឆ្នោតមានការលួចបន្លំ។
កាលពីថ្ងៃទី ១ ខែកុម្ភៈ យោធាបានធ្វើរដ្ឋប្រហារដណ្ដើមអំណាច និងបានឃុំខ្លួនអ្នកស្រី Suu Kyi និងលោកប្រធានាធិបតី Win Myint។ យោធាបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលមួយឆ្នាំ ដោយមានលោកអគ្គមេបញ្ជាការយោធា Min Aung Hlaing ជាអ្នកគ្រប់គ្រង ហើយនឹងប្រកាសនៅពេលក្រោយអំពីការរៀបចំការបោះឆ្នោតថ្នាក់ជាតិជាថ្មីដែលមានលក្ខណៈ «សេរីនិងយុត្តិធម៌»។
ចាប់តាំងពីពេលនោះមក ការតវ៉ាជាទូទៅបានធ្វើឡើងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដោយបាតុកររាប់ម៉ឺននាក់បានទាមទារឲ្យមានការបញ្ចប់រដ្ឋប្រហារនេះ។
សម្រាប់លោក Saungkha ភាពសកម្មនិយមរបស់លោកក្នុងរង្វង់ព្រំដែនដ៏តឹងតែងរបស់ប្រទេសមីយ៉ាន់ម៉ា បានធ្វើឲ្យលោកត្រូវប្រឈមមុខនឹងតុលាការកាលពីពេលថ្មីៗនេះ។
កាលពីឆ្នាំមុន លោកបានប្រឈមនឹងការចោទប្រកាន់ថាបានរៀបចំការតវ៉ាខុសច្បាប់មួយ ដែលទាមទារឲ្យមានការបញ្ឈប់ការរាំងខ្ទប់សេវាអ៊ីនធឺណិតនៅក្នុងរដ្ឋ Rakhine និងរដ្ឋ Chin ដែលជារដ្ឋពីរក្នុងចំណោមរដ្ឋក្រីក្របំផុតនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Saungkha បានប្រាប់ VOA ថា ករណីនេះ «ត្រូវបានទម្លាក់ចោលដោយការបង់ពិន័យ» ប៉ុន្តែក្នុងនាមជាអ្នកដឹកនាំការតវ៉ាជារៀងរាល់ថ្ងៃប្រឆាំងនឹងរដ្ឋប្រហារនៅពេលបច្ចុប្បន្ននេះ ការចោទប្រកាន់ណាមួយនៅពេលអនាគតប្រហែលជាអាចធ្ងន់ធ្ងរជាងនេះ។
នៅពេលទាក់ទងលោក Saungkha បានដំបូង លោកបានប្រាប់ VOA ថា លោកនិងក្រុមជាតិសាសន៍ភាគតិចវ័យក្មេងមួយក្រុមទើបតែបានបញ្ចប់ការដើរក្បួនតវ៉ាឆ្ពោះទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងរ៉ង់ហ្គូន។
លោក Saungkha បានបញ្ជាក់ប្រាប់ VOA ដូច្នេះថា៖ «ការងាររបស់ខ្ញុំគឺដឹកនាំការតវ៉ាទាំងនោះ»។ លោកបានបន្ថែមថា៖ «ខ្ញុំដឹកនាំការតវ៉ា និងការដើរក្បួនតវ៉ាទាំងនេះ»។
ទីក្រុងរ៉ង់ហ្គូនមិនទាន់ឃើញការបង្ក្រាបហិង្សាដូចរដ្ឋផ្សេងៗនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅឡើយទេ។ យោធាបានឆ្លើយតបចំពោះការតវ៉ាទាំងនេះដោយការបាញ់គ្រាប់កាំភ្លើងពិត ក៏ដូចជាការប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកផងដែរ។ ស្ត្រីម្នាក់ត្រូវបានបាញ់ចំក្បាលក្នុងអំឡុងពេលតវ៉ានៅក្នុងរដ្ឋធានីណៃពិដោ ហើយត្រូវបានព្យាបាលក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោក Saungkha ដឹងថា ការប្រឹងប្រែងរបស់លោកកំពុងរងការគំរាមកំហែង។
លោកបាននិយាយថា៖ «ប៉ូលិសបានឆ្មក់ចូលផ្ទះរបស់ខ្ញុំតាំងពីថ្ងៃដំបូងនៃការធ្វើរដ្ឋប្រហារមក និងបានតាមស្វែងរកខ្ញុំ។ លទ្ធិប្រជាធិបតេយ្យនិងសេរីភាពនៃការបញ្ចេញមតិមិនត្រូវបានធានាទៀតទេនៅក្រោមរដ្ឋប្រហារយោធា។ គ្មាននរណាម្នាក់ដែលពាក់ព័ន្ធនឹងការតវ៉ាទាំងនេះមានសុវត្ថិភាពនោះឡើយ»។
លោក Saungkha បានទទួលស្គាល់ថា៖ «ខ្ញុំព្យាយាមធ្វើយ៉ាងណាឲ្យមានជីវិតរស់នៅតាមតែអាចធ្វើបាន គឺធ្វើយ៉ាងណាមិនឲ្យគេចាប់ខ្លួនខ្ញុំ ដោយហេតុថា ប្រសិនបើគេចាប់ខ្លួនខ្ញុំ ខ្ញុំមិនអាចធ្វើអ្វីទៀតបាននោះទេ»។
ប្រទេសមីយ៉ាន់ម៉ាធ្លាប់បានឆ្លងកាត់ការបះបោរគួរឲ្យកត់សម្គាល់កាលពីពេលមុន។ នៅក្នុងបដិវត្តន៍ ៨-៨-៨៨ កាលពីឆ្នាំ ១៩៨៨ គេឃើញមានការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទូទាំងប្រទេសប្រឆាំងនឹងរដ្ឋឯកបក្សផ្ដាច់ការរបស់ប្រទេស។
បដិវត្តន៍នេះបានបណ្ដាលឲ្យមានការបង្ក្រាបហិង្សា ដោយធ្វើឲ្យមនុស្សរាប់ពាន់នាក់ស្លាប់បាត់បង់ជីវិត។ នេះគឺជាបដិវត្តន៍ដែលបណ្ដាលឲ្យមានការលេចឡើងនូវអ្នកស្រី Suu Kyi និងគណបក្សរបស់អ្នកស្រី។
ជាងនេះទៀត កាលពីឆ្នាំ ២០០៧ ក្នុងអំឡុងពេលការតវ៉ាដែលគេស្គាល់ថា «បដិវត្តន៍ស្បង់ចីពរ» ការធ្វើបាតុកម្មរឿងសេដ្ឋកិច្ចនិងនយោបាយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ជាង ១០ នាក់ស្លាប់ និងរាប់ពាន់នាក់ទៀតត្រូវចាប់ឃុំខ្លួន។ លទ្ធផលនៃការតវ៉ានេះគឺធ្វើឲ្យមានកំណែទម្រង់នយោបាយ និងការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មី។
លោក Saungkha ជឿថា ការបះបោរនៅពេលនេះគឺខុសពីមុន។
លោកនិយាយដូច្នេះថា៖ «ការបះបោរនាពេលបច្ចុប្បន្ននេះគឺដឹកនាំដោយយុវជន។ ជាជាងគ្រាន់តែការតវ៉ាតាមដងផ្លូវ វិធីតវ៉ាថ្មីកំពុងលេចឡើង។ យុវជនអាចធ្វើឲ្យយោធាពិបាកនៅក្នុងការធ្វើអ្វីមួយ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ