មានមនុស្សយ៉ាងតិចណាស់១៤នាក់បានស្លាប់ និង៧៤នាក់ទៀតបានត្រូវរបួសនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅក្នុងផ្សារមួយមានមនុស្សកកកុញនៅក្នុងរដ្ឋធានីយ៉ាមេណា (N'Djamena) នៃប្រទេសឆាដ (Chad) ក្នុងទ្វីប អាហ្រ្វិកកាលពីថ្ងៃសៅរ៍។
ឧបទ្ទវហេតុនេះបានកើតមានឡើងតែប៉ុន្មានម៉ោងក្រោយពីមានអ្នកស្រុកយ៉ាងតិចណាស់១០នាក់ត្រូវបានសម្លាប់នៅក្នុងប៉ែកឦសាននៃប្រទេសនីហ្សេរីយ៉ា (Nigeria) នៅពេលដែលកងកុម្ម៉ង់ដូធំមួយនៃពួកអ៊ីស្លាមជ្រុលនិយម Boko Haram បានវាយប្រហារលើកន្លែងតាំងលំនៅដ្ឋានរបស់ពួកគេហើយបានកាន់កាប់មហាវិថីធំមួយនៅក្នុងតំបន់នោះ។
គ្មានក្រុមណាមួយទាមទារការទទួលខុសត្រូវដល់ការវាយប្រហារក្នុងប្រទេសឆាដទេ ក៏ប៉ុន្តែអាជ្ញាធរបានបន្ទោសពួកជនសកម្មប្រយុទ្ធមានមូលដ្ឋានក្នុងប្រទេសនីហ្សេរីយ៉ាថា បានបំផ្ទុះគ្រាប់បែកមួយចំនួន និងបានបាញ់កាំភ្លើងនៅក្នុងប្រទេសនេះក្នុងភាគកណ្តាលទ្វីបអាហ្រ្វិកកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោក Paul Manga អ្នកនាំពាក្យប៉ូលិសបាននិយាយថា «ការរាប់របស់យើងនៅពេលនេះបង្ហាញថាមានមនុស្ស១៥នាក់ស្លាប់។ ចំនួននេះរួមមានទាំងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតផងដែរ ដែលជាបុរសម្នាក់ស្លៀកសម្លៀកបំពាក់ដែលមានស្បៃមុខរបស់ស្ត្រីដើម្បីក្លែងបន្លំ។
លោក Manga បានថ្លែងថា អ្នកធ្វើការវាយប្រហារនេះបានប៉ុនប៉ងចូលទៅក្នុងផ្សារមួយ ហើយបន្ទាប់មកបានបំផ្ទុះគ្រាប់បែកគាត់នៅពេលក្រុមប៉ូលិសយោធាខិតខំព្យាយាមបញ្ឈប់វា៕