ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានអះអាងថាមានជនជាតិអាមេរិកាំងជាច្រើននាក់បានស្លាប់នៅក្នុងឧប្បទ្ទវហេតុឡានក្រុងមួយក្រឡាប់ក្នុងប្រទេសម៉ិកស៊ិក កាលពីព្រឹកថ្ងៃពុធម្សិលមិញ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Heather Nauert បានសរសេរនៅលើ Twitter ថា៖ «យើងអាចបញ្ជាក់បានថា មានពលរដ្ឋអាមេរិកាំងច្រើននាក់បានស្លាប់នៅក្នុងឧប្បទ្ទវហេតុមួយក្នុងប្រទេសម៉ិកស៊ិក ហើយមានមនុស្សជាច្រើនផ្សេងទៀតបានរងរបួស»។ លោកស្រីក៏បានផ្ញើសារចូលរួមរំលែកទុក្ខទៅជនរងគ្រោះទាំងនោះផងដែរ។
លោកស្រីបានសរសេរបន្ថែមទៀតថា «យើងកំពុងសហការជាមួយអាជ្ញាធរក្នុងស្រុក និងបញ្ជូនបុគ្គលិករបស់យើងទៅជួយនៅកន្លែងកើតហេតុដោយផ្ទាល់ ហើយយើងនឹងបន្តតាមដានស្ថានភាពនេះតទៅទៀត»។
យោងតាមសារព៌មាន AP បានរាយការណ៍ថា ក្រុមមន្ត្រីរបស់ប្រទេសម៉ិកស៊ិកបានថ្លែងថា ក្នុងចំណោមជនរងគ្រោះដែលបានបាត់បង់ជីវិតទាំង១២នាក់នោះ មានជនជាតិអាមេរិកាំងចំនួន៨នាក់ ជនជាតិស៊ុយអែត២នាក់ និងកាណាដា១នាក់។ គេនៅមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យមានឧប្បទ្ទវហេតុនេះនៅឡើយទេ៕