ខណៈពួកយោធាមីយ៉ាន់ម៉ាកំពុងជាប់ដៃនៅកន្លែងផ្សេង ពួកមេដឹកនាំជនជាតិភាគតិចកាន់ព្រះពុទ្ធសាសនានៅក្នុងរដ្ឋ Rakhine ភាគខាងលិច កំពុងបង្កើតរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខ ប្រកបដោយប្រសិទ្ធភាពដោយខ្លួនឯងនៅក្នុងរដ្ឋនោះ ហើយកំពុងបញ្ចុះបញ្ចូលយ៉ាងហោចណាស់ក៏ពួកអ្នកកាន់សាសនាអ៊ិស្លាមខ្លះថា ពួកគេជាជម្រើសប្រសើរជាងរបបយោធា។
ក៏ប៉ុន្តែ ព្រឹត្តិការណ៍នេះ កំពុងធ្វើឲ្យអ្នកកាន់សាសនាអ៊ិស្លាមដទៃទៀតព្រួយបារម្ភនៅក្នុងរដ្ឋនេះដែលមានការកាប់សម្លាប់ដ៏ច្រើននៅឆ្នាំ២០០៧ ដោយកងទ័ពរដ្ឋាភិបាលដែលបានធ្វើឲ្យពួកអ្នកកាន់សាសនាអ៊ិស្លាមរាប់ពាន់នាក់ស្លាប់ ហើយបានបង្ខំឲ្យជនជាតិភាគតិច Rohingya កាន់សាសនាអ៊ិស្លាមជាង៧សែននាក់ រត់គេចខ្លួនទៅរកទីសុវត្ថិភាពនៅក្នុងប្រទេសបង់ក្លាដែសដែលជាប្រទេសជិតខាង។
ចំពោះពួកគេ ឧបទ្ទវហេតុនៃការកាប់សម្លាប់ជនជាតិភាគតិចជាបន្តបន្ទាប់នៅពេលថ្មីៗនេះ ដែលរួមមានការធ្វើឃាតមន្ត្រីមូលដ្ឋានម្នាក់ផងនោះ កំពុងធ្វើឲ្យគេនឹកឃើញជម្លោះរវាងសហគមន៍ទាំង២ នៅក្នុងឆ្នាំ២០១២ នៅពេលដែលមនុស្ស ត្រូវបានសម្លាប់ ផ្ទះនិងអាគារសាសនា បានត្រូវគេដុត ហើយមនុស្សជាង៣ម៉ឺននាក់ បានត្រូវគេបង្ខំឲ្យចាកចេញពីផ្ទះសម្បែង។
ប៉ុន្មានខែថ្មីៗនេះ រដ្ឋ Rakhine នៅតែមានភាពស្ងប់ស្ងាត់ ថ្វីបើមានកំណើនអំពើហិង្សានៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈពួកយោធា ត្រូវបានគេហៅថា Tatmadaw កំពុងប្រឈមការតស៊ូពីប្រជាពលរដ្ឋប្រឆាំងការដណ្តើមអំណាចដោយយោធានៅក្នុងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈឆ្នាំ ២០២១។
ការណ៍នេះ បានបើកផ្លូវឲ្យមានការស្វះស្វែងរកអំណាចដោយក្រុមជនជាតិភាគតិចកាន់ព្រះពុទ្ធសាសនាដែលគេហៅថា Rakhines ឬ Arakans ដែលដឹកនាំដោយពួកកងជីវពលប្រដាប់អាវុធដែលគេហៅថា កងទ័ព Arakan ដែលបានប្រយុទ្ធប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ២០០៩ មក ដើម្បីទាមទារការគ្រប់គ្រងជោគវាសនាដោយខ្លួនឯងសម្រាប់ប្រជាពលរដ្ឋ Rakhine។
ចាប់តាំងពីពាក់កណ្តាលឆ្នាំទៅ កងទ័ព Arakan បានបង្កើតរដ្ឋាភិបាលមួយទៀតដោយខ្លួនឯងនៅក្នុងរដ្ឋ Rakhine ដោយបានអញ្ជើញសាធារណជនឲ្យដាក់ពាក្យបណ្តឹង ហើយនឹងដោះស្រាយបញ្ហាខាងផ្លូវច្បាប់នានាដែលរួមមានចោរកម្ម ការលួចប្លន់ និងជម្លោះដីធ្លី៕