ម្ចាស់ផ្ទះជួលអាមេរិកម្នាក់ត្រូវបានចោទប្រកាន់ពីបទឃាតកម្មនិងឧក្រិដ្ឋកម្មសម្អប់កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រោយពីបានចាក់សម្លាប់ស្ត្រីនិងក្មេងប្រុសមូស្លីមអាយុ៦ឆ្នាំម្នាក់ជាច្រើនដង នៅក្នុងការវាយប្រហារមួយ ដែលប៉ូលិសបានភ្ជាប់ទៅនឹងសង្គ្រាមដែលកំពុងកើតឡើង រវាងអ៊ីស្រាអែលនិងក្រុមសកម្មហាម៉ាស់ប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ក្មេងប្រុសនេះត្រូវបានចាក់ចំនួន២៦ដង ហើយបានស្លាប់នៅមន្ទីពេទ្យ ប៉ុន្តែស្ត្រីដែលមានវ័យ៣២ឆ្នាំ និងត្រូវគេជឿថាជាម្តាយរបស់ក្មេងប្រុសនោះ ត្រូវគេរំពឹងថា បានរួចផុតពីសេចក្តីស្លាប់ ក្នុងការវាយប្រហារដ៏សាហាវព្រៃផ្សៃមួយកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប៉ូលិសស្រុក Will ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញថា លោកនិងភរិយារបស់លោកមានក្តីរន្ធត់ជាខ្លាំង ពេលបានទទួលដំណឹងនៃការវាយប្រហារឃាតកម្មនេះ។ លោកថ្លែងដូចនេះថា៖ «សកម្មភាពរន្ធត់ឃោរឃៅនៃការស្អប់គុំកួនមិនត្រូវកើតឡើងនៅអាមេរិកឡើយ ហើយវាដើរបញ្ច្រាសនឹងគុណតម្លៃជាមូលដ្ឋានរបស់យើង។ នោះគឺសេរីភាពដែលមិនភ័យខ្លាចចំពោះរបៀបដែលយើងបន់ស្រន់ អ្វីដែលយើងជឿ និងថាយើងជានរណា។ ក្នុងនាមជាពលរដ្ឋអាមេរិកាំង យើងត្រូវរួមគ្នា ហើយបដិសេធនូវការប្រឆាំងសាសនាអ៊ីស្លាម ការប្រកាន់ពូជសាសន៍និងសេចក្តីស្អប់ខ្ពើម។ ខ្ញុំបាននិយាយជាច្រើនលើកច្រើនសារថា ខ្ញុំនឹងមិននៅស្ងៀមទេលើអំពើស្អប់គុំកួន។ យើងត្រូវតែច្បាស់លាស់អំពីរឿងនេះ។ មិនត្រូវមានអំពើស្អប់គុំកួន ប្រឆាំងនឹងនរណាម្នាក់ទេនៅក្នុងសហរដ្ឋអាមេរិក។
ការិយាល័យប៉ូលិសមិនបានផ្តល់ភាពលម្អិតបន្ថែមជុំវិញការចាក់សម្លាប់នេះទេ ឬក៏បង្ហាញពីសញ្ជាតិរបស់ជនរងគ្រោះនោះឡើយ ប៉ុន្តែការិយាល័យក្រុមប្រឹក្សាទំនាក់ទំនងអាមេរិក-អ៊ីស្លាម (CAIR) ក្នុងទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក បានពណ៌នាក្មេងប្រុសនោះថា ជាក្មេងប្រុសប៉ាឡេស្ទីនសញ្ជាតិអាមេរិកកាំង។
អាជ្ញាធរអាមេរិកនិយាយថា ស្ត្រីដែលគេជឿថាជាម្តាយក្មេងប្រុសនោះ បានព្យាយាមបានសម្រេចក្នុងការទូរស័ព្ទទៅលេខ 911 សុំអន្តរាគមន៍បន្ទាន់ពីប៉ូលិស នៅពេលកំពុងប្រតាយប្រតប់ជាមួយម្ចាស់ផ្ទះជួលនោះ ដែលត្រូវប៉ូលិសស្គាល់ឈ្មោះថា Joseph Czuba ដែលមានអាយុ៧១ឆ្នាំ៕