សាលារាជធានីភ្នំពេញ បានកំណត់យកផ្លូវសំខាន់ៗចំនួន១១ខ្សែ ធ្វើជាអាទិភាពគំរូសម្រាប់អនុវត្តវិធានការដោះស្រាយបញ្ហាចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ មុននឹងដាក់ការពិន័យនៅទូទាំងរាជធានី។ នេះបើតាមសេចក្ដីណែនាំរបស់សាលារាជធានីភ្នំពេញដែល VOAបានទទួលនៅថ្ងៃពុធនេះ។
សេចក្ដីណែនាំដែលចេញដោយរដ្ឋបាលនៃសាលារាជធានីភ្នំពេញ កាលពីថ្ងៃអង្គារម្សិលមិញហើយចែកចាយឱ្យអ្នកសារព័ត៌មាននាថ្ងៃពុធ បានឱ្យដឹងថា សាលាក្រុងកំពុងធ្វើការដោះស្រាយចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចំនួន១២ចំណុច ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចពាក់ព័ន្ធចូលរួមអនុវត្ត។
សេចក្ដីណែនាំនោះបញ្ជាក់ថា ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួនបាន និងកំពុងប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវមិនទាន់បានសមស្រប និងបំពានលើបទបញ្ញត្តិច្បាប់ និងបទដ្ឋានគតិយុត្តិមួយចំនួនពាក់ព័ន្ធនឹងច្បាប់ស្ដីពីផ្លូវថ្នល់ និងច្បាប់ក្នុងវិស័យនគរូបនីយកម្ម និងសំណង់ជាដើម។
សេចក្ដីណែនាំដដែលបន្ថែមថា ក្នុងអំពើបំពានទាំងនោះមានដូចជាការយកទ្រូងផ្លូវ និងជាយផ្លូវធ្វើជាចំណតយានជំនិះ ការតសំយាប ការហ៊ុំព័ទ្ធយកចិញ្ចើមផ្លូវ ការយកផ្លូវថ្មើរជើង ឬចិញ្ចើមផ្លូវធ្វើទីតាំងការដ្ឋានទុកដាក់សម្ភារៈ ឬដាក់តាំងបង្ហាញទំនិញ ឬប្រកបអាជីវកម្មផ្សេងៗ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ និងជះឥទ្ធិពលអវិជ្ជមានដល់សណ្ដាប់ធ្នាប់សាធារណៈ និងសោភណភាពរាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញប្រាប់ VOA នារសៀលថ្ងៃពុធនេះថា សាលារាជធានីបាននិងកំពុងចាប់ផ្ដើមអនុវត្តសេចក្ដីណែនាំនេះនៅតាមផ្លូវសំខាន់ៗចំនួន១១ មុននឹងឈានទៅអនុវត្តទូទាំងរាជធានី ដោយធ្វើយ៉ាងណារៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលបណ្ដាលមកពីការប្រើប្រាស់ចិញ្ចើមផ្លូវមិនត្រឹមត្រូវ។
លោក ម៉េត មាសភក្តី មានប្រសាសន៍ថា៖
«ខ្ញុំលើកជាឧទាហរណ៍មួយ។ ភោជនីយដ្ឋាន ឬក៏អាជីវកម្មណាដែលគាត់នៅតែយកទ្រូងផ្លូវសាធារណៈធ្វើជាចំណតសម្រាប់អតិថិជនរបស់គាត់ ហើយយើងបានធ្វើការណែនាំ ផ្សព្វផ្សាយ ជម្រាបជូន ឬក៏អាចឈានទៅដល់ធ្វើកិច្ចសន្យាជាមួយគាត់ ឲ្យគាត់បញ្ឈប់សកម្មភាពទាំងអស់ហ្នឹង ហើយនឹងរៀបចំកិច្ចការទាំងអស់ហ្នឹងឲ្យល្អប្រសើរជាងមុន។ តែបើមិនស្ដាប់ទេ យើងអាចរៀបចំរថយន្តស្ទូច វិធានការបង្ខំ ចតអត់របៀប អត់ស្ដាប់តាមការណែនាំ យកចេញ បញ្ជូនទៅស្នងការដ្ឋាននគរបាល ឬអធិការដ្ឋាននគរបាលនៅជិតហ្នឹង។ នេះជាវិធានការក្ដៅ បន្ទាប់ពីការអប់រំ ការណែនាំ ការពន្យល់ ការស្នើសុំហ្នឹង អស់លទ្ធភាព»។
លោក ម៉េត មាសភក្តី បន្ថែមថា សាលារាជធានីបានលើកទឹកចិត្តឲ្យមានការវិនិយោគលើចំណតឯកជន និងរំពឹងថា ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មនឹងសហការអនុវត្តឲ្យបានគ្រប់គ្នា តាមរយៈការកាត់បន្ថយការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនជាដើម។
យើងតាមសេចក្ដីណែនាំដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ បានបញ្ជាក់ថា ផ្លូវសំខាន់ៗចំនួន១១ដែលសាលារាជធានីកំពុងអនុវត្ត មានដូចជាមហាវិថីសហព័ន្ធរុស្សី មហាវិថីព្រះមុនីវង្ស មហាវិថីកម្ពុជាក្រោម មហាវិថីម៉ៅសេទុង មហាវិថីព្រះសីហនុ និងមហាវិថីនេរុហ៍ មហាវិថីព្រះនរោត្តម មហាវិថីសម្ដេចមុនីរ៉េត ផ្លូវឧកញ៉ាទេពផន មហាវិថីហ្សាលឌឺហ្គោល មហាវិថីយោធពលខេមរភូមិន្ទ ផ្លូវឧកញ៉ាឃ្លាំងមឿង និងតីរវិថីព្រះស៊ីសុវត្ថិ ជាដើម។
សេចក្ដីណែនាំដែលមាន១២ ចំណុចរបស់សាលារាជធានីភ្នំពេញដដែល ក៏បានផ្ដោតសំខាន់លើការហាមចតយានយន្តគ្រប់ប្រភេទលើទ្រូងផ្លូវ ហាមហ៊ុមព័ទ្ធការដ្ឋានលើចិញ្ចើមផ្លូវលើសពីមួយភាគបី ឬប្រើប្រាស់ទ្រូងផ្លូវទុកដាក់សម្ភារៈ រថយន្តធំៗ ត្រូវចេញចូលតាមការកំណត់របស់សាលារាជធានី និងជៀសវាងការប្រើទ្រូងផ្លូវក្នុងការលើកដាក់ទំនិញ និងបាញ់បេតុងផ្សេងៗ ខុសពីចន្លោះម៉ោង ៩យប់ ដល់ម៉ោង ៦ព្រឹក។ រាល់ការប្រើប្រាស់ចិញ្ចើមផ្លូវ ជាទីតាំងផ្ញើកង់ម៉ូតូ មិនត្រូវឲ្យលើសពី១ភាគបីនៃផ្លូវឡើយ។ នេះបើយោងតាមសេចក្ដីណែនាំដដែល។
គេមើលឃើញថា ការចតយានយន្ត ព្រមទាំងការធ្វើអាជីវកម្មលើចិញ្ចើមផ្លូវ មិនមែនជាបញ្ហាដែលទើបតែកើតមាននោះទេ។ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជាពិសេសតាមមហាវិថីធំៗដែលសម្បូរអាជីវកម្មបែបភោជនីយដ្ឋាន ឬផ្សារលក់ទំនិញផ្សេងៗ តែងមានស្ថានភាពកកស្ទះចរាចរណ៍មិនលោះពេល ដោយសារការចតយានយន្តលើចិញ្ចើមផ្លូវ ហើយកន្លែងខ្លះទៀតមានទាំងការចតលើទ្រូងផ្លូវក៏មាន។
នៅរាជធានីភ្នំពេញចំនួនរថយន្ត និងម៉ូតូបានកើនឡើងដល់ជាង ២លានគ្រឿង នៅឆ្នាំ ២០១៦។ ការកកស្ទះចរាចរណ៍ បាននាំឱ្យមានការខាតបង់ប្រាក់តម្លៃ ៦លានដុល្លារ ជារៀងរាល់ខែ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែល VOA បានទទួលនាពេលកន្លងមក។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលើកឡើងថា ការរំលោភលើចិញ្ចើមផ្លូវរបស់ម្ចាស់អាជីវកម្ម ឬក៏ប្រជាពលរដ្ឋ បានកើតមានឡើងតៗគ្នាជាយូរមកហើយ រហូតដល់ក្លាយទៅជាបញ្ហាដែលពិបាកដោះស្រាយ។
លោកបន្ថែមថា ការចេញសេចក្ដីណែនាំបង្ខំឲ្យអនុវត្ត ដោយមិនមានរៀបចំដំណោះស្រាយជាមុនបែបនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋដែលធ្លាប់តែប្រើប្រាស់ចិញ្ចើមផ្លូវ និងម្ចាស់អាជីវកម្មប្រឈមនឹងផលលំបាក និងការខាតបង់ផ្សេងៗ។
លោកសន ជ័យ បញ្ជាក់ថា៖
«ខ្ញុំនៅតែមើលឃើញអំពីផលវិបាកពីរ ទី១ផលវិបាករបស់អ្នកធ្វើដំណើរនៅក្នុងក្រុងភ្នំពេញ។ ទី២ ផលវិបាកនៃអាជីវកម្មដែលពួកគេបាននិងកំពុងដំណើរការការងាររបស់ពួកគេ ដូចជាភោជនីយដ្ឋាន ដូចជាហាងសំខាន់ៗជាដើមហ្នឹង។ អញ្ចឹងការកំណត់នូវសូចនាករធំពេក ឬក្តីរំពឹងទុកធំពេករបស់សាលារាជធានីភ្នំពេញ ទៅលើការដណ្ដើមយកចិញ្ចើមថ្នល់មកគ្រប់គ្រងវិញនេះ វាអាចជួបប្រទះបញ្ហាបរាជ័យ»។
តាមរយៈយន្តការរបស់សាលារាជធានីភ្នំពេញនេះ លោក សន ជ័យ ក៏បារម្ភពីការអនុវត្តមិនស្មើភាពរវាងអ្នកប្រកបអាជីវកម្មតូចតាច ឬអ្នកប្រកបអាជីវកម្មដែលមិនមានខ្នងបង្អែក ជាមួយអ្នកប្រកបអាជីវកម្មដែលមានខ្នងជាអ្នកមានអំណាចផងដែរ៕