តុលាការ​នាំ​លោក រ៉ុង ឈុន មក​សាកសួរ ខណៈ​កងសន្តិសុខ​បង្ក្រាប​ការប្រមូលផ្តុំ

អ្នកតវ៉ា​លើក​បង្ហាញ​រូប​លោក ​រ៉ុង ឈុន​ មេដឹកនាំ​សហភាព​សហជីព​កម្ពុជា ដែល​ត្រូវ​ចាប់ខ្លួន ក្រោយ​និយាយ​រិះគន់​ពីបញ្ហា​ព្រំដែន​កម្ពុជា​ និង​វៀតណាម។ (ហ៊ុល រស្មី/វីអូអេ)

ការសាកសួរលោក រ៉ុង ឈុន នៅថ្ងៃនេះ ធ្វើឡើង​ក្រោម​ការយាមកាម​យ៉ាងតឹងរ៉ឹង​ពី​កម្លាំង​សន្តិសុខចម្រុះ​ផ្សេងទៀតនៃ​ទីក្រុង​ភ្នំពេញ​រាប់សិបនាក់ រួមមានទាំង​កងអន្តរាគមន៍​ពិសេសនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និងកងកម្លាំង​នគរបាល​ជាតិ ដែល​បាន​ដាក់ពង្រាយ​នៅមុខ​តុលាការ និង​បរិវេណ​នៃ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នាំ​ខ្លួន​លោក ​រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​មក​សាក​សួរ​ពាក់​ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​រឿង​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ ​ដែល​នាំ​ឲ្យ​លោក​ត្រូវ​បាន​ចាប់​ខ្លួន។​

ស្រប​ពេល​ជាមួយ​គ្នា​នោះ កង​កម្លាំង​សន្តិសុខ​ខណ្ឌ​៧​មករា ​ជាង​២០​នាក់​ បាន​បំបែក​យ៉ាង​ចាស់​ដៃ​លើ​ក្រុម​អ្នក​តវ៉ាជាង​៤០​នាក់ ដែល​គាំទ្រ​លោក​ រ៉ុង ឈុន ដោយ​មាន​ទាំង​ការ​រុញ​ច្រាន​ក្រុម​អ្នក​តវ៉ា​ឲ្យ​ចេញ​ពី​មុខ​តុលាការ។ ​ការណ៍​នេះ​ បណ្តាល​ឲ្យ​អ្នក​តវ៉ា​ជាស្ត្រី​មួយ​ចំនួន​ដួល​ទៅ​នឹង​ដី ​ហើយ​យុវតី​ម្នាក់​ទៀត​បាន​រង​របួស​នៅ​ត្រង់​ជើង​ និង​ត្រគាក។​

ការ​សាក​សួរ​លោក ​រ៉ុង ឈុន​ នៅ​ថ្ងៃ​នេះ​ ធ្វើ​ឡើង​ក្រោម​ការ​យាម​កាម​យ៉ាង​តឹង​រ៉ឹង​ពី​កម្លាំង​សន្តិសុខ​ចម្រុះ​ផ្សេង​ទៀត​របស់​ទីក្រុង​ភ្នំពេញ​រាប់​សិប​នាក់​ រួមមាន​មាន​ទាំង​កង​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​កង​កម្លាំង​នគរបាល​ជាតិ​ដែល​បាន​ដាក់​ពង្រាយ​ទាំង​នៅ​មុខ​តុលាការ ​និង​នៅ​បរិវេណ​នៃ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក។​ អ្នក​សារ​ព័ត៌មាន​មិន​ត្រូវ​បាន​មន្ត្រី​នគរបាល​អនុញ្ញាត​ឲ្យ​ទៅ​ចូល​កៀក​នឹង​របង​តុលាការ​ទេ។​

កងសន្តិសុខ​ខណ្ឌ​៧មករា រុញច្រាន​អ្នកតវ៉ា​មិន​ឲ្យ​ចូល​ទៅកាន់​ខាងមុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)

មេធាវី​ការពារ​ក្តី​លោក ​រ៉ុង ឈុន ​គឺ​លោក ​សំ សុគង់​ មាន​ប្រសាសន៍​ថា ​កូនក្តី​របស់​លោក​ត្រូវ​បាន​នាំ​មក​សាក​សួរ​ ពាក់​ព័ន្ធ​នឹង​ដំណើរ​នៃ​ការ​ចុះ​ទៅ​ជួប​អ្នកភូមិ​នៅ​ស្រុក​ពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ក៏​ដូច​ជា​ការ​ផ្តល់​ការ​អធិប្បាយ​ជាមួយ​វិទ្យុ​អាសេរី​ អំពី​បញ្ហា​ព្រំដែន ​ដែល​លោក​ រ៉ុង ឈុន​ អះអាង​ថា​ មាន​ភាព​មិន​ប្រក្រតី។​

ក្រោយ​ការ​សួរ​ដេញ​ដោល​របស់​ចៅក្រម​ស៊ើប​សួរ ​គឺ​លោក ​វ៉ាន់ សែន​ វិសុទ្ធ​ ប្រហែល​ពីរ​ម៉ោង​លោក ​រ៉ុង ឈុន​ បន្ត​ការ​ពារ​ភាព​ស្អាត​ស្អំ​របស់​លោក​ និង​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់។ ​នេះ​បើ​តាម​លោក​មេធាវី ​សំ សុគង់។​

«ជាចុង​ក្រោយ​ នេះ​ គឺ​លោក​គ្រូ រ៉ុង ឈុន ​គាត់​បាន​ស្នើ​សុំ​ទៅ​តុលាការ​ហ្នឹង​ សុំ​ឲ្យ​តុលាការ​ហ្នឹង​លើក​លែង​ការ​ចោទ​ប្រកាន់​ដល់​ខ្លួន​ ហើយ​នឹង​សុំ​ឲ្យ​ដោះលែង​ ឲ្យ​នៅ​ក្រៅ​ឃុំ​ឲ្យ​មាន​សេរីភាព​ ត្រឡប់​ទៅ​ផ្ទះ​វិញ»។​

លោក ​រ៉ុង ឈុន​ ជា​អ្នក​តាម​ដាន​បញ្ហា​ព្រំដែន​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​យប់​ថ្ងៃ​ទី​៣១​ ខែ​កក្កដា​ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ​ ចំពោះ​ការ​អធិប្បាយ​នានា​របស់​លោក​ពាក់ព័ន្ធ​នឹង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម ​នៅ​ខេត្ត​ត្បូងឃ្មុំ។​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​តាម​មាត្រា​៤៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ​ហើយ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៦​ខែ​ ទៅ​២​ឆ្នាំ ​ប្រសិន​បើ​រក​ឃើញ​ថា​មាន​កំហុស។​

នៅ​ខាង​ក្រៅ​តុលាការ​វិញ ​ក្រុម​អ្នក​តវ៉ា​ដែល​ជា​គាំទ្រ​លោក ​រ៉ុង ឈុន ​ដែល​មាន​ខ្លះ​ពាក់​អាវយឺត​មាន​រូប​ថត​លោក​រ៉ុង ឈុន​ និង​ខ្លះ​ទៀត​កាន់​បដា​មាន​រូបថត​មេ​ដឹកនាំ​សហីព​រូបនេះ​បាន​រង​ការ​រុញច្រាន​ផ្ទួនៗ​គ្នា​ពី​កង​សន្តិសុខ​មួយ​ក្រុម​ហើយ​នៅ​ពេល​ខ្លះ​គេ​ឃើញ​ កង​សន្តិសុខ​មួយ​ចំនួន​បាន​រុញ​ច្រាន​យ៉ាង​កម្រោល ​និង​ប៉ុន​ប៉ង​វាយ​តប់​អ្នក​តវ៉ា។​

នៅ​ជ្រុង​ម្ខាង​នៃ​ស្តាត​អូឡាំពិក​ក្រោយ​ការ​រុញច្រាន​របស់​កង​សន្តិសុខ​ ​លោក ​រ៉ុង វ៉ាន់​ អាយុ​២២​ ឆ្នាំ​ក្មួយ​បង្កើត​របស់​លោក ​រ៉ុង ឈុន​ ប្រាប់​វីអូអេ​ថា ​សហគមន៍​ និង​អង្គការ​អន្តរជាតិ ​គួរ​ជួយ​ឃ្លាំមើល​ការ​ប្រមូល​ផ្តុំ​សម្តែង​មតិ​របស់​អ្នក​គាំទ្រ​លោក ​រ៉ុង ឈុន​ ដែល​តែង​តែ​រងការ​បង្រ្កាប​ដោយ​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​៧​មករា។​ លោក​និយាយ​ថា​ កង​សន្តិសុខ ​បាន​ធ្វើ​ផ្ទុយ​ពី​តួនាទី​ក្នុង​ការ​ការពារ​សុវត្ថិភាព​របស់​ពលរដ្ឋ។​

«គាត់​គួរ​ណាស់​តែ​បម្រើ​ប្រជា​ពលរដ្ឋតែ​ផ្ទុយ​ទៅ​វិញ​គឺ​គាត់​មក​ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ រុញៗ​ ទាំង​ដួល​ ហើយ​គាត់​លួច​ទាត់​ធាក់​ទៀត។​ អ៊ីចឹង​គឺ​មាន​ការ​ឈឺចាប់​មែន​ទែន។​ហើយ​ក្នុង​ប្រទេស​យើង​ ប្រជា​ធិបតេយ្យ​ គឺ​គាត់​ធ្វើ​បែប​នេះ​ គឺ​រំលោភ​សិទ្ធិ​មែន​ទែន​ ហើយ​សុំ​ឲ្យ​អង្គការ​នានា​ សុំ​ជួយ​អន្តរាគមន៍​ចំពោះ​ករណី​មួយ​នេះ​ផង»។​

លោក សួង សុភ័ណ្ឌ​ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​ និយាយ​ពីការរុញច្រាន​របស់​កងសន្តិសុខ​មកលើ​ក្រុម​អ្នកតវ៉ា​ដែល​មក​ឃ្លាំមើល​ការ​សាកសួរ​លោក ​រ៉ុង​ ឈុន​ នៅ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)

លោក ​សួង សុភ័ណ្ឌ ​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​ ដែល​តែង​ចេញ​មុខ​ទាមទារ​រក​យុត្តិធម៌​ដល់​លោក ​រ៉ុង ឈុន ​បាន​ចាត់​ទុក​សកម្មភាព​របស់​កង​សន្តិសុខ​ថា​ជា​ការ​បំបិទ​សិទ្ធិ​បំពាន​ពលរដ្ឋ​ មិន​ឲ្យ​តាម​ដាន​ចំណាត់​ការ​របស់​តុលាការ​លើ​លោក ​រ៉ុង ឈុន។​

«ក្រុម​គ្រួសារ​លោក ​រ៉ុង ឈុន​ ហ្នឹង​មាន​សិទ្ធិ​តាម​ដាន​ អ្នក​គាំទ្រ​និង​ មាន​សិទ្ធិ​តាម​ដាន​ ប្រជា​ពលរដ្ឋ​ទូទៅ​មាន​សិទ្ធិ​តាម​ដាន​មើល​តុលាការ​ថា​ តុលាការ​ហ្នឹង​ឯករាជ្យ​ទេ។​ តុលាការ​ដោះស្រាយ​ហ្នឹង​ ត្រឹម​ត្រូវ​ទេ។​ ប៉ុន្តែ​ចំពោះ​បាតុភាព​របស់​សមត្ថកិច្ច​បាតុ​ភាព​របស់​អាជ្ញាធរ​មក​រុញ​ច្រាន​ អ្នក​គាំទ្រ​រុញ​ច្រាន​អ្នក​តាមដាន​ស្ថាន​ការណ៍​ ហ្នឹង​បំពាន​ច្បាប់​ហើយ​ រំលោភ​ច្បាប់​ហើយ»។

វីអូអេ​បាន​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​សន្តិសុខ​មួយ​រូប​ដែល​គេ​ច្រើន​ឃើញ​ដឹកនាំ​កង​សន្តិសុខ​ រៀបចំ​សណ្តាប់​ធា្នប់​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ ដោយ​បាន​ដើរ​ចេញ​ពី​អ្នក​យក​ព័ត៌មាន។​

អភិបាល​ខណ្ឌ​៧​មករា​លោក​ លីម សុភា​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដោយ​ទូរស័ព្ទ​របស់​អ្នក​យក​ព័ត៌មាន​ ត្រូវ​ផ្តាច់​ចោល​វិញ។ ​វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ឃួង ស្រេង​ អភិបាល​សាលា​រាជ​ធានីភ្នំពេញ​បាន​ដែរ។​

កន្លង​ទៅ​សមត្ថកិច្ច​បាន​ចាត់​ទុក​ថា​ ការ​ប្រមូល​ផ្តុំ​ទាមទារ​យុត្តិធម៌​សម្រាប់​លោក ​រ៉ុង ឈុន ​«ខុស​ច្បាប់»​ ដោយសារ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ។​

កញ្ញា ជា គន្ធីន​ វ័យ​១៨​ ឆ្នាំ​ សមាជិក​យុវជន​ខ្មែរ​ថាវរៈ​ រងរបួស​នៅត្រង់​ជើង​ ក្រោយការ​រុញច្រាន​របស់​កងសន្តិសុខ។ (ហ៊ុល រស្មី​/វីអូអេ)

អង្គុយ​នៅ​ផ្ទាល់​នឹង​កម្រាល​បេតុង​ និង​មាន​អ្នក​តវ៉ា​ផ្សេង​ទៀត​ ជួយ​រឹត​ជើង​ដែល​រង​របួស​នោះ​ ​ កញ្ញា ​ជា គន្ធីន​ វ័យ​១៨​ឆ្នាំ​ ជា​យុវតី​នៃ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ និយាយ​ថា​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ បាន​ប្រើ​ច្បាប់ ​ដែល​កញ្ញា​ហៅ​ថា ​«ច្បាប់​ព្រៃ»​ មក​បំពាន​សិទ្ធិ​ប្រជា​ពលរដ្ឋ​ ដែល​គ្រាន់​តែ​ចង់​មក​ឃ្លាំ​មើល​ដំណើរ​រឿង​ក្តី​លោក ​រ៉ុង ឈុន។​

«គាត់​ប្រើ​ ប្រើ​ច្បាប់​ព្រៃ​របស់​គាត់​មក​ ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ឯង​ ដែល​ទាំង​ដែល​ខ្ញុំ​ជា​ក្មេង​ស្រី​ គាត់​បាន​រំលោភ​សិទ្ធិ​ស្ត្រី»។​

ដោយ​ឡែក​ នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​ការ​ចាប់​ឃុំ​ខ្លួន​លោក ​រ៉ុង ឈុន ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ កញ្ញា ​ឈឿន ដារ៉ាវី​ សមាជិក​មួយ​រូប​ទៀត​នៃ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ បាន​អះអាង​ថា​កង​សន្តិសុខ​ខណ្ឌ​៧​មករា​ បាន​ឆក់​យក​កាបូប​របស់​គាត់​ ដោយ​មាន​សម្ភារៈ​ ដូច​ជា​កាត​អត្ត​សញ្ញាណ​បណ្ណ​ កាត​ធនាគារ​ និង​លុយ​កាក់​មួយ​ចំនួន។ ​ កញ្ញា​និយាយ​ថា ​ កញ្ញា​បាន​ព្យាយាម​សុំ​ឲ្យ​ប្រធាន​សន្តិសុខ​ខណ្ឌ​៧​មករា​ជួយ​អន្តរាគមន៍​យក​កាបូប​នោះ​មក​ឲ្យ​កញ្ញា​វិញ​ក៏​ប៉ុន្តែ​ខាង​ប្រធាន​កង​សន្តិសុខ​ខណ្ឌ​៧​មករា​មិន​មាន​ចំណាត់​ការ​ទេ។​

កញ្ញា ឈឿន​ ដារ៉ាវី​ សមាជិក​យុវជន​ខ្មែរថាវរៈ​ ដែល​ត្រូវបាន​ឃាត់​ខ្លួន​ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)

គិត​មក​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ ​មាន​សេចក្តី​រាយ​ការណ៍​ពី​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ថា​យុវតី​ ឈឿន ដារ៉ាវី ​ត្រូវ​បាន​ឃាត់​ខ្លួន ​ដោយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច។​

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ​ជិន ម៉ាលីន​មាន​ប្រសាសន៍​ថា ការ​បង្រ្កាប​នេះ ​គឺ​ដោយ​សារ​អ្នក​តវ៉ា បាន​បំពាន​ច្បាប់ ​ព្រោះ​មិន​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ជា​មុន​សម្រាប់​ការ​ប្រមូល​ផ្តុំ។​

«អា​នេះ​ គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច។​ គាត់​ធ្វើ​តាម​តួនាទី​ភារកិច្ច​របស់​គាត់​ បាន​ន័យ​ថា​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​ធ្វើ​ម៉េច​ទប់​ស្កាត់​កុំ​ឲ្យ​មាន​បាតុភាព​ភាព​ចលាចល​កើត​ឡើង»។​

ទាក់​ទិន​នឹង​ការ​ហាម​ឃាត់​មិន​ឲ្យ​អ្នក​សារ​ព័ត៌មាន​ទៅ​យក​ព័ត៌មាន​នៅ​ក្បែរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ ​មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ អះអាង​ថា​ តុលាការ​អាច​ត្រូវ​ការ​ការពារ​ភាព​សម្ងាត់​របស់​ខ្លួន​ ដែល​មិន​អាច​ឲ្យ​អ្នក​កាសែត​រាយ​ការណ៍​បាន​ទេ។

«មិនមែន​ថា​ អ្នក​សារ​ព័ត៌មាន​ត្រូវ​តែ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​គ្រប់​កន្លែង​ ហើយ​ចង់ថត​អី​ចង់​ផ្សាយ​អី​បាន​តាម​ចិត្ត​នោះ​ទេ។​ ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​ ក៏​មាន​ការ​ហាមប្រាម​ផង​ដែរ​បាទ»។​

ប៉ុន្តែ​លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ យល់​ថា ​ក្រុម​អ្នក​តវ៉ា​ និង​កង​កម្លាំង​អាជ្ញាធរ​ពាក់​ព័ន្ធ​ ត្រូវ​រក​យន្តការ​ចរចា​ ដើម្បី​ឲ្យ​មាន​ការ​តវ៉ា​ដោយ​សន្តិវិធី​ ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​ ដែល​អាច​កាន់​តែ​ធ្ងន់​ធ្ងរ​នៅ​ពេល​ខាង​មុខ។​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​ ឲ្យ​ដឹង​ថា​ ការ​ហាម​ឃាត់​មិន​ឲ្យ​អ្នក​សារ​ព័ត៌មាន​ចូល​យក​ព័ត៌មាន​នៅ​ទីកន្លែង​សាធារណៈ​ ជា​ការ​រំលោភ​សេរីភាព​សារ​ព័ត៌មាន៕​