សវនាការ​មន្រ្តី​អាដហុក​ត្រូវ​លើក​ពេល​ព្រោះ​ខ្វះ​សាក្សី​សំខាន់

អ្នកការពារ​សិទ្ធិ​មនុស្ស​បួន​នាក់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក ​និង​អតីត​បុគ្គលិក​មួយរូប​ទទួល​បាន​រង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ Martin Ennals Prize ​នៅថ្ងៃ​អង្គារ​ ទី១០ ខែ​តុលា ឆ្នាំ​២០១៧។ (រូបថតដកស្រង់ពី Twitter របស់បេសកកម្ម Finland នៃអង្គការសហប្រជាជាតិ)

បន្ទាប់​ពី​ការ​កោះ​ហៅ​​អតីត​មន្រ្តី​អាដ​ហុក​ និង​មន្រ្តី​អាដ​ហុក​​វ័យ​ចំណាស់​ចំនួន​៥​រូប  ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​ថា ​បាន​សូកប៉ាន់ ​និង​សមគំនិត​សូក​ប៉ាន់​សាក្សី ​អំឡុង​ពេល​​​ពួកគេ​បំពេញ​ការងារ​មន្រ្តី​សិទ្ធិ​មនុស្ស​ក្នុង​សំណុំ​រឿង​អាស្រូវ​​ស្នេហា​គួរឲ្យ​មន្ទិល​របស់​លោក​កឹម សុខា​​កាលពី​ដើម​ឆ្នាំ​២០១៦​នោះ​  ​នៅ​ថ្ងៃ​​ចន្ទ​នេះ ​តុលាការ​បាន​សម្រេច​លើក​ពេល​សវនាការ​ បន្ទាប់​ពី​ក្រុម​មេធាវី​អ្នក​​ទាំង​៥​លើក​ឡើង​ពីភាព​មិន​ត្រឹមត្រូវ​ក្នុងការ​កោះ​ហៅ​កូនក្តី ​និង​កង្វះ​ខាត​សាក្សី។

សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ សម្រេច​លើក​ពេល​សវនាការ​លើ​អតីត​មន្ត្រី​អាដ​ហុក ​និង​មន្ត្រី​អាដ​ហុក​បច្ចុប្បន្ន​សរុប​៥​នាក់​ទៅ​ថ្ងៃទី​១៨ ​ខែ​កញ្ញា ​ក្រោយ​មានការ​ស្នើ​ឲ្យសាក្សី​សំខាន់​ដែល​មាន​កញ្ញា​ខុម ចាន់​តារ៉ា​ទី ​ហៅ​ស្រីមុំ និង​មេធាវី ទ្រី ឈួន ​មាន​វត្តមាន​ចូល​រួម​សវនាការ។​

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដែល​មាន​លោក​ឌុច សារិន​ជា​ប្រធាន​ បាន​បើក​សវនាការកោះ​ហៅ​មន្រ្តី​អាដ​ហុក ​និង​អតីត​មន្រ្តី​អាដ​ហុក​សរុប៥​រូប ​ដែល​គេ​ស្គាល់​ថា ​«អាដហុក៥»​ឲ្យ​ចូល​ឆ្លើយ​ដោះសារ​លើសំណុំ​រឿង​សូក​ប៉ាន់​សាក្សី ​និង​សម​គំនិត​សូកប៉ាន់​សាក្សី ​ពាក់ព័ន្ធ​នឹងរឿង​អាស្រូវ​ស្នេហា​គួរ​ឲ្យ​មន្ទិលរវាង​លោក​កឹម សុខា​ ប្រធាន​គណបក្ស​ប្រឆាំង​កាល​ពី​ដើមឆ្នាំ​២០១៦​ ជាមួយ​នារី​កាត់សក់​វ័យក្មេង​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ឈ្មោះ​ខុម ចាន់តារ៉ាទី ​ហៅ​ស្រីមុំ។​

មន្ត្រី​ទាំង​៥​រូប​ រួម​មាន ​លោកនី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា ​អ្នក​ស្រី​ លឹម មុនី ​ជា​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ​និង​លោកនី ចរិយា ​អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(គ.ជ.ប.) ​និង​ជា​អតីត​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។​

លោក នី ចរិយា (ឆ្វេង) អតីត​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​ជា​អ្នក​ ដែល​រង​ការជាប់ចោទ​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី ឈរ​ជជែក​ជាមួយ​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ក្រោយ​ចេញ​ពី​សាល​សវនាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨

ក្នុង​សាល​សវនាការ​នោះ​ គេ​ឃើញ​មាន​វត្តមាន​មេធាវី​ចំនួន​៥​រូប​ ដែល​ការពារ​ក្តី​ឲ្យ​អ្នកទាំង​៥ ​តែ​មិន​មាន​ការ​ចូល​រួម​ពី​អ្នកស្រី​លឹម មុនី ​និង​លោកនី សុខា​នោះ​ទេ​ ដោយសហ​មេធាវី​ការពារ​ក្តី​របស់​ពួកគេ​គឺ​លោកឡោ ជុនធី ​អះអាង​ថា ​អ្នកទាំង​ពីរ​មិន​បាន​ទទួល​ដីកា​កោះ​ពី​តុលាការ។ ​ក្នុង​សវនាការ​នោះ​គេ​ឃើញ​មន្រ្តី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​(ACU) ​ជាច្រើន​រូប​ចូលរួម​ក្នុង​នាម​ជា​ដើម​បណ្តឹង​ និង​មានការ​ថត​រូបភាព ​និង​វីដេអូ​ក្នុង​សវនាការ​នោះ​ដោយ​មន្រ្តី​របស់ ​ACU ​ទៀត​ផង។​

លោក ណៃ វ៉ង់ដា មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​រង​ការជាប់ចោទ​ពី​បទ​សូកប៉ាន់​សាក្សី ចេញ​ពី​សាល​សវនាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។

ខណៈ​ចាប់​ផ្តើម​ដំណើ​រ​ការ​សវនាការ ​ លោកសំ សុគង់ ​មេធាវី​មួយ​រូប​ក្នុង​ចំណោមមេធាវី​ទាំង​៥​រូបការពារ​ក្តី​ឲ្យ​មន្រ្តី​អាដហុក​ទាំង​៥​ លើក​ឡើង​ថា ​ការ​ចេញ​ដីកាកោះ​ហៅ​ជន​ត្រូវ​ចោទ​ចូល​រួម​សវនាការ​មាន​រយៈ​ពេល​ខ្លី​ពេក ​និង​ថា​ ជន​ត្រូវ​ចោទ​មួយ​ចំនួន​មិន​បាន​ទទួល​ដីកា​កោះ ​ចំណែកសាក្សី​មួយ​ចំនួន​ក្នុង​ចំណោម​៧​រូប​ក៏​មិន​បាន​ទទួល​ដីកា​កោះ​ដូច​គ្នា។​

ក្រៅពី​លោកសំ សុគង់ ​ក្រុម​មេធាវី​ទាំងនោះ​សុទ្ធ​តែបាន​អះអាង​ស្រដៀង​គ្នា​ថា ​ សាក្សី​សំខាន់​គឺ​កញ្ញា​ខុម ចាន់តារ៉ាទី ​ដែល​បាន​សុំ​ជំនួយ​ពី​មន្រ្តី​អាដហុក​ទាំង​៥ក្នុង​នាម​ជា​ជនរងគ្រោះ​នា​ពេល​នោះ ​ព្រមទាំងអ្នកស្រី​ទ្រី​ឈួន ​ដែល​ជា​អតីត​មេធាវី​សមាគម​អាដ​ហុក​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅការពារ​ក្តី​ឲ្យ​នាង​ខុម ចាន់​តារ៉ាទី​មិន​មាន​វត្តមាន។ ​មេធាវី​ទាំងនោះ​លើក​ឡើង​ថា ​សាក្សី​ទាំង​ពីរ​ជាសាក្សី​សំខាន់​មិនអាច​ខ្វះ​បាន​ក្នុង​សំណុំ​រឿង​នេះ។​

លោក យី សុខសាន្ត មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​រង​ការជាប់ចោទ​ពី​បទ​សូកប៉ាន់​សាក្សី ផ្តល់សម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ក្រោយ​ចេញ​ពី​សាល​សវនាការ នៅ​ខាងក្រៅ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។

ក្រៅពី​ក្រុម​មេធាវី ​លោកយី សុខសាន្ត​ លោកណៃ វ៉ង់ដា ​និង​លោកនី ចរិយា​ សុទ្ធ​តែបាន​ស្នើ​ឲ្យ​តុលាការ​កោះ​ហៅ​នាង​ខុម ចាន់តារ៉ាទី ​និង​អ្នកស្រី​ទ្រី ឈួន​ ចូល​រួម​សវនាការ​ដើម្បីស្វែង​រក​ការណ៍​ពិត។​

បន្ទាប់​ពី​ការ​កត់​សម្គាល់​របស់​ក្រុម​មេ​ធាវី​ការពារ​ក្តី​ឲ្យអ្នក​ទាំង​៥ ​ព្រម​ទាំង​សំណើ​សុំ​របស់​មន្រ្តី​អាដ​ហុក​ទាំង​បី​រូប​នោះ លោក​ចៅ​ក្រម​ឌុច សារិន​ក៏​បាន​សម្រេច​លើកពេល​សវនាការ​ទៅ​ព្រឹកថ្ងៃ​ទី១​៨ ខែ​កញ្ញា​ ឆ្នាំ​២០១៨​វិញ​ និង​ប្រកាស​បិទ​សវនាការ។​

ក្រោយ​ចេញ​ពី​សវនាការ​ លោកយី សុខសាន្ត ​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​មួយ​រូប​ដែល​កំពុង​ជាប់​ចោទ ​បាន​ផ្តល់​សម្ភាសន៍​ទៅ​អ្នក​សារ​ព័ត៌មាន​នៅ​ខាង​ក្រៅ​របង​តុលាការ ពី​មូលហេតុ​នៃ​ការ​ស្នើឲ្យ​មាន​ការ​ចូលរួម​ពី​សាក្សី​សំខាន់​ គឺ​នាង​ ខុម ចាន់តារ៉ាទី ​និង​អ្នកស្រី​ទ្រី ឈួន​យ៉ាង​ដូច្នេះ៖ ​

«ពីព្រោះ​សាក្សី​នោះ​គាត់​ទម្លាក់​កំហុស​មកលើ​ពួក​យើង​ដែល​ធ្វើការងារ​សង្គម​ស៊ីវិល ​ខាង​មនុស្សធម៌ ​ខាង​សិទ្ធិ​មនុស្ស»។​

នៅ​មុន​សវនាការ​ពួកគេ​មួយថ្ងៃ​ពោលគឺ​នៅ​ថ្ងៃ​អាទិត្យ​ អង្គការ​អន្តរជាតិ​ធំៗ​ចំនួន​៥​បាន​អំពាវនាវ​ឲ្យអាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​ជា​បន្ទាន់​នូវ​បទ​ចោទ​ប្រកាន់​ ប្រឆាំង​មន្ត្រី​បច្ចុប្បន្ន ​និង​អតីត​មន្ត្រីសមាគមអាដហុក​ទាំង​៥​រូប ដោយ​ពួកគេ​បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា «​មាន​ចរិត​នយោបាយ»។ ​

អង្គការ​អន្តរជាតិ​ធំៗ​ទាំង​៥​នោះ រួម​មាន ​អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ Human Rights Watch ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ​(ASEAN Parliamentarians for Human Rights)​ សម្ព័ន្ធ​សារព័ត៌មាន​អាស៊ីអាគ្នេយ៍​ (Southeast Asia Press Alliance)​បណ្តាញ​អាស៊ាន​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី ​(Asian Network for Free Elections) ​និង​អង្គការ ​CIVICUS ​ដែល​ជា​សម្ព័ន្ធ​នៃ​អង្គការ​សង្គម​ស៊ីវិល ​និង​សកម្មជន​ដែល​បាន​ប្តេជ្ញា​ដើម្បី​ពង្រឹង​សកម្ម​ភាព​ពលរដ្ឋ ​និង​សង្គម​ស៊ីវិល​នៅ​ទូទាំង​ពិភព​លោក។

លោក អំ សំអាត មន្រ្តី​ជាន់ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ផ្តល់​បទម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ ក្រោយចេញ​ពី​ឃ្លាំមើល​ដំណើរការ​សវនាការ​លើ​មន្រ្តី​អាដហុក​ចំនួន​៥រូប នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។

លោក អំ សំអាត ​មន្រ្តី​ជាន់ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ដែល​បា​ន​ចូលរួម​ឃ្លាំ​មើល​ដំណើរ​ការ​សវនាការនេះ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ មន្រ្តី​អាដ​ហុក​ទាំង​៥​រូប​នឹង​ទទួលបាន​យុត្តិធម៌​ ប្រសិន​បើ​សវនាការ​ទាំង​មូល​មាន​ការ​ចូលរួម​ដេញ​ដោល​ពី​សាក្សី​ពាក់ព័ន្ធ​សំខាន់ៗ។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើសិន​ជា​នៅ​តែ​អវត្តមាន​សាក្សី​សំខាន់ ​អីចឹង​សវនាការ​នេះ​វាអត់​បាន​គ្រប់​ជ្រុង​ជ្រោយ បាន​ន័យ​ថា​ភាព​ដេញ​ដោល​វាគ្មាន បាន​តែ​អាន​ចម្លើយ​អីចឹង​ វា​មិន​ដូច​ការ​ដេញ​ដោល​នៅក្នុង​សវនាការ​ទេ​ គឺ​ជា​ការ​ដេញ​ដោល ​ហើយ​និង​ជាការ​តទល់​គ្នា​ផង»។​

មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​មន្រ្តី​អាដហុក​ទាំង​៥​យក​ទៅ​ឃុំខ្លួន​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០១៦​គឺ​ផ្តើម​ចេញ​ពី​ការ​ផ្តល់​សេវា​ផ្លូវ​ច្បាប់​ដល់​នាង​ខុម ចាន់តារ៉ាទី​ ហៅ​ស្រី​មុំ ដែល​ពេល​នោះនាង​បាន​រង​វាយ​ប្រហារ​តាម​រយៈការបង្ហោះ​ផ្សព្វផ្សាយ​ខ្សែអាត់​សំឡេង​មួយ​ចំនួន​ ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ព្យាយាម​បង្ហាញ​ថា ​នាង​មានទំនាក់​ទំនង​ស្នេហា​ជាមួយ​លោកកឹម សុខា។​

ក្រោយ​ទទួ​លបាន​ជំនួយ​ជា​មេធាវី​ ដោយ​មាន​អ្នកស្រី​ទ្រី ឈូន​ជា​អ្នក​ការពារ​ក្តី​ចាត់​តាំង​ដោយ​អាដហុក​ នា​ពេល​នោះ ​រួម​និង​ទឹក​ប្រាក់​ប្រមាណ​ជា​២០០​ដុល្លារ ពី​មន្រ្តី​អាដ​ហុកទាំង​៥​ ដូច​ដែល​តែង​ជួយ​ជន​រងគ្រោះ​ផ្សេងៗ​នា​ពេល​កន្លង​ទៅនាង​ខុម ចាន់តារ៉ាទី ​ហៅ​ស្រីមុំ ​បាន​ធ្វើ​ឲ្យ​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ជា​ស្រ្តី​ និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​មាន​ការ​ភ្ញាក់​ផ្អើល​ និង​សោក​ស្តាយ​ បន្ទាប់​ពីនាង​បាន​ចោទ​ក្រុម​មន្រ្តី​អាដហុក​ទាំង​នោះថា ​បាន​ធ្វើ​សកម្មភាព​បង្គាប់​មិន​ឲ្យ​នាង​ទទួល​ស្គាល់​ខ្សែ​អាត់​សំឡេង​ ដែល​គេ​សង្ស័យ​ថា​ ជា​សំឡេង​របស់​នាង​ និង​សំឡេង​របស់​លោកកឹម​ សុខា ​នោះ។

ក្រោយពី​នាង​ ខុម ចាន់តារ៉ាទី​បាន​ផ្តល់​ចម្លើយ​នៅ​អគ្គនាយក​ដ្ឋាន​ប្រឆាំង​ភេរវ​កម្ម ​និង​បទល្មើស​ឆ្លង​ដែន​នៃ​ក្រសួង​មហា​ផ្ទៃ ​និង​នៅ​តុលាការ​ខុស​ពី​ចម្លើយ​នៅ​សមាគមអាដហុក​ ​នាង​មិន​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍ផ្ទាល់​ជា​មួយ​អ្នក​យក​ព័ត៌មាន​ទេ។​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ ​វត្តមាន​របស់​នាង​ក៏កំពុង​ស្ងាត់​ឈឹង​ ដោយ​មិន​មាន​ដំណឹង​ណា​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ពី​នាង​នោះ​ឡើយ។

ការ​ចាប់​ខ្លួន​មន្ត្រី​អាដ​ហុក​ទាំង​៥​ឃុំ​ខ្លួននា​ពេល​កន្លង​ទៅ​ត្រូវ​បាន​សហគមន៍​អន្តរ​ជាតិ ​និង​អង្គការ​សហ​ប្រជាជាតិ​បាន​ចាត់​ទុក​ថា​ វា​គ្រាន់តែ​ជា​លេស​ដើម្បី​គាប​សង្កត់ ​និង​រារាំង​ការ​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​សម្ដែង​មតិ ​និង​ដើម្បី​បំបិទ​សំឡេង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ ​ក៏ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​តែង​ច្រាន​ចោល​ការ​លើក​ឡើង​ទាំង​នេះ ​ដោយ​អះអាង​ថា ​វា​ជា​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ។​

មន្រ្តី​អាដហុក​ទាំង​៥​រូប ​ដែលជាប់​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី ​និង​សមគំនិត​សូក​ប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហាគួរ​ឲ្យ​មន្ទិល​របស់អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​នេះ ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ឆ្នាំចុង​ខែ​មិថុនា​ ឆ្នាំ​២០១៧​កន្លងទៅ​ បន្ទាប់ពីតុលាការ​ឃុំ​ខ្លួន​ពួកគេក្នុង​ពន្ធនាគារអស់​រយៈពេល​ជាង​១​ឆ្នាំ។

អ្នកការពារ​សិទ្ធិ​មនុស្ស​បួន​នាក់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក ​និង​អតីត​បុគ្គលិក​មួយរូប​ទទួល​បាន​រង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ Martin Ennals Prize ​នៅថ្ងៃ​អង្គារ​ ទី១០ ខែ​តុលា ឆ្នាំ​២០១៧។ (រូបថតដកស្រង់ពី Twitter របស់បេសកកម្ម Finland នៃអង្គការសហប្រជាជាតិ)

ក្រោយ​ការ​ទទួល​បាន​សេរីភាព​វិញ​នៅ​ឆ្នាំ​២០១៧​ អតីត​អ្នក​ការពារ​សិទ្ធិ​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បច្ចុប្បន្ននៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​ទាំង​ប្រាំនាក់ ​ទទួល​បាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ Martin Ennals Prize។​

រង្វាន់​ Martin Ennals ​សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​គឺ​ជា​រង្វាន់​សហការ​ផ្តល់​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​ដ៏​ធំ​លើ​ពិភព​លោក​ចំនួន​១០ ​ដែល​មាន​ដូចជា​អង្គការ ​Amnesty International និង​ Human Rights Watch​ ដើម្បី​ផ្តល់​ជា​ការ​ការពារ​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភព​លោក៕