លោក Muhammad Yunus ​ត្រឡប់​ទៅ​បង់ក្លាដែស ​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​

ជ័យលាភី​រង្វាន់​ណូបែល​លោក Muhammad Yunus​ បាន​មក​ដល់​វិមាន Bangabhaban ដើម្បី​ស្បថ​ចូលដឹកនាំ​រដ្ឋាភិបាល​បណ្តោះអាសន្ន។

ជ័យលាភី​រង្វាន់​ណូបែល​លោក Muhammad Yunus​ បាន​វិល​ត្រឡប់​មក​ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃព្រហស្បតិ៍ ​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​មួយ ​បន្ទាប់ពី​ការលាលែង​ពី​តំណែង​ និង​ការចាកចេញ​ពី​ប្រទេស​របស់​នាយក​រដ្ឋមន្ត្រី​អ្នកស្រី​ Sheikh Hasina។

លោក Yunus ​អាយុ​៨៤​ ឆ្នាំ​បាន​ចុះចត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ Hazrat Shahjalal ​ទីក្រុង Dhaka​ តាម​ជើង​ហោះហើរ​ពី​ទីក្រុង​ប៉ារីស ​ហើយ​ត្រូវ​បាន​ស្វាគមន៍​ដោយ​ប្រមុខ​យោធា​របស់​ប្រទេស​ គឺ​លោក​នាយ​ឧត្តមសេនីយ៍ Waker-Uz-Zaman ​និង​មន្ត្រី​យោធា​ជាន់ខ្ពស់​ផ្សេង​ទៀត។ លោក​បាន​ទទួល​ភួងផ្កា​ពី​អ្នកគាំទ្រ។

លោក​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​របស់​ប្រទេស​ភ្លាមៗ​បន្ទាប់​ពី​លោក​វិល​ត្រឡប់​មក​វិញ។ ពិធី​សច្ចាប្រណិធាន​របស់​លោក​ត្រូវ​បាន​ធ្វើ​អធិបតីដោយ​លោក​ប្រធានាធិបតី​ Mohammed Shahabuddin ​ដោយ​ប្រកាស​តែងតាំង​លោក​ Yunus ​ជា​ទីប្រឹក្សា​របស់​លោក។ តំណែង​នេះ​ត្រូវ​បាន​គេ​និយាយ​ថា​ស្មើ​នឹង​នាយក​រដ្ឋមន្ត្រី។

លោក ​Yunus ​មាន​ភារកិច្ច​ក្នុង​ការស្តារ​សន្តិភាព​ឡើងវិញ។ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ​លោក Yunus ​បាន​និយាយ​ថា ​លោក​នឹង​ផ្តោត​លើ​ការបង្កើត​សណ្តាប់​ធ្នាប់​ឡើង​វិញ​ ដោយ​ស្នើសុំ​ឱ្យ​បញ្ចប់​អំពើ​ហិង្សា​ទាំងអស់។

លោក​ Yunus ​គឺជា​សេដ្ឋវិទូ ​និង​ជា​ធនាគារិក​ម្នាក់​ដែល​បាន​ឈ្នះ​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ​២០០៦ សម្រាប់​ការងារ​របស់​លោក​នៅ​ផ្នែក​មីក្រូ​ឥណទាន​តាម​រយៈ​ធនាគារ Grameen។ ​លោក​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការកាត់​បន្ថយ​ភាពក្រីក្រ​តាម​រយៈ​ប្រាក់​កម្ចី​ខ្នាត​តូច៕


ព័ត៌មាន​មួយ​ចំនួន​សម្រាប់​របាយការណ៍​នេះ​ត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​AFP, The Associated Press និង Reuters ។