ប្រជាពលរដ្ឋស៊ីមបាវ៉េសង្ឃឹមថានឹងមានដំណោះស្រាយយ៉ាងរលូននិងឆាប់រហ័សចំពោះវិបត្តិនយោបាយដែលកើតឡើងភ្លាមៗនៅក្នុងប្រទេសរបស់ពួកគេ ស្របពេលដែលបុគ្គលគណបក្សប្រឆាំងនានា អង្គការសង្គមស៊ីវិល និងអង្គការសាសនាផ្សេងៗ បានជំរុញឲ្យលោកប្រធានាធិបតី Robert Mugabe ចុះចេញពីតំណែង ក្រោយពីពួកយោធាបានដណ្ដើមគ្រប់គ្រងកាន់កាប់ប្រទេសមក។
ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សេចក្ដីរាយការណ៍នានា បានបញ្ជាក់ថា លោក Mugabe បានរឹងទទឹងមិនព្រមលាលែងពីតំណែង ហើយប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Jacob Zuma បានបញ្ជាក់ប្រាប់រដ្ឋសភាអាហ្វ្រិកខាងត្បូងថា «វាហាក់ដូចជាឆាប់ពេកក្នុងការធ្វើការសម្រេចឲ្យបានម៉ឺងម៉ាត់ណាមួយនាពេលឥឡូវនេះ»។
ពូកយោធាបាននិយាយថា ពួកគេបានពិភាក្សាជាមួយលោក Mugabe។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Mugabe ត្រូវបានបញ្ជូនទៅកាន់វិមានប្រធានាធិបតី ដើម្បីពិភាក្សាជាមួយនឹងពួកយោធា និងអ្នកសម្រុះសម្រួលអាហ្វ្រិកខាងត្បូង។
លោក Donald Yamamoto ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការទ្វីបអាហ្វ្រិក បាននិយាយថា សហរដ្ឋអាមេរិកសង្ឃឹមថា ប្រទេសស៊ីមបាវ៉េនឹងឈានចូលទៅដល់ «ដំណាក់កាលអន្តរកាលនៃយុគសម័យថ្មីមួយ»៕