បើតាមកាសែត The New York Times លោក Robert Mueller ស្មាក្តីពិសេសបានសាកសួរសាក្សីថាតើលោក Michael Flynn អតីតទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី Trump បានត្រូវបង់ប្រាក់ជាសម្ងាត់ដោយរដ្ឋាភិបាលតួកគី ឬទេនៅក្នុងពេលប៉ុន្មានខែចុងក្រោយនៃការឃោសនាបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦។
សារព័ត៌មាន The New York Times បានរាយការណ៍ថាកាលពីពេលថ្មីៗនេះលោក Mueller បានសុំដល់អាជ្ញាធរសេតវិមានឱ្យប្រគល់ឯកសារទាក់ទិននឹងលោក Flynn ហើយនេះជាលើកដំបូងហើយដែលក្រុមលោក Mueller សុំឱ្យសេតវិមានប្រគល់ឯកសារឱ្យពួកគេ។ កាសែតនេះបាននិយាយថាការសុំឯកសារមិនមែនជាដីកាកោះសាក្សីជាផ្លូវការទេ។
លោក Flynn បានកាន់តំណែងជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី Donald Trump បានតែ២៤ថ្ងៃ ក៏ប៉ុន្តែលោកបានក្លាយទៅជាមនុស្សម្នាក់ក្នុងបណ្តាជនសំខាន់ៗនៅក្នុងការស៊ើបអង្កេតអំពីលទ្ធភាពនៃការឃុបឃិតគ្នារវាងប្រទេសរុស្សីនិងពួកអ្នកធ្វើការឃោសនាបោះឆ្នោតឱ្យ Trump។
សារព័ត៌មាន The New York Times បានរាយការណ៍ថារដ្ឋអាជ្ញាបានស៊ើបអង្កេតអំពីការទាក់ទងរកស៊ីជំនួញរបស់លោក Flynn ជាមួយអ្នកជំនួញអាមេរិកាំងដើមកំណើត តួកគី ម្នាក់ដែលបានធ្វើការជាមួយលោក Flynn កាលពីឆ្នាំទៅមិញ និងកំពុងខិតខំប្រឹងប្រែងឱ្យបានដឹងថាតើរដ្ឋាភិបាល
តួកគី នៅពីក្រោយការបង់ប្រាក់កាសឱ្យលោក Flynn ឬទេ៕