ការប្រកួតប្រជែងបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យឆ្នាំ ២០២០ នេះ បានចាប់ផ្ដើមដំណើរការយ៉ាងលឿន ទោះបីជាមានភាពស្រពិចស្រពិលក៏ដោយ ដោយកន្លងមក សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont លោក Bernie Sanders និងអតីតអភិបាលក្រុង South Bend រដ្ឋ Indiana លោក Pete Buttigieg ជាអ្នកនាំមុខគេ។
លោក Sanders ដែលជាបេក្ខជនប្រកាន់ទស្សនៈវិវឌ្ឍនិយម កំពុងប្រឈមនឹងការប្រជែងខ្លាំងក្លាពីគូប្រជែងមួយចំនួនដែលប្រកាន់ទស្សនៈកណ្ដាលនិយម នៅក្នុងការប្រកួតមួយដែលអ្នកជំនាញនានាជឿថាអាចជាការប្រកួតប្រជែងដ៏វែងអន្លាយមួយរហូតដល់ពេលសន្និបាតតែងតាំងបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យចូលមកដល់នៅខែកក្កដាខាងមុខនេះ។
លោក Sanders នាំមុខនៅក្នុងការបោះឆ្នោតបេក្ខភាពប្រធានាធិបតីគណបក្សប្រជាធិបតេយ្យនៅរដ្ឋ New Hampshire។
លោកថ្លែងដូច្នេះថា៖ «ជោគជ័យនៅទីនេះគឺជាការចាប់ផ្ដើមនៃការបញ្ចប់របស់លោក Donald Trump»។
លោក Sanders ពឹងលើអ្នកបោះឆ្នោតវិវឌ្ឍនិយមដូចជាអ្នកស្រី Pat Delzell ជាដើម។
អ្នកស្រី Pat Delzell បញ្ជាក់ដូច្នេះថា៖ «លោក Bernie Sanders ស្ថិតក្នុងបេះដូង និងដួងព្រលឹងខ្ញុំជាងបេក្ខជនណាៗទាំងអស់»។
លោក Pete Buttigieg និងអ្នកស្រី Amy Klobuchar ដែលស្ថិតពីក្រោយលោក Sanders ក្នុងការបោះឆ្នោតនៅរដ្ឋ New Hampshire ទាក់ទាញអ្នកបោះឆ្នោតកណ្ដាលនិយមដូចជាលោក Seth Window ជាដើម។ លោក Seth Window និយាយថា៖ «ខ្ញុំចង់បានបេក្ខជនណាដែលមានថាមពលក្លៀវក្លាក្នុងការតទល់នឹងលោក Trump ហើយខ្ញុំគិតថា អ្នកស្រី Klobuchar អាចធ្វើបាន»។
អ្នកស្រី Julie Pace នៃកាសែត Associated Press បានបញ្ជាក់ថា គំនិតផ្ទុយគ្នានេះនឹងលេចឡើងនៅក្នុងការបោះឆ្នោតខាងមុខរបស់បក្សប្រជាធិបតេយ្យ។
អ្នកស្រី Julie Pace លើកឡើងដូច្នេះថា៖ «អ្នកស្រី Klobuchar និងលោក Buttigieg ជាអ្នកកណ្ដាលនិយម ហើយមានអ្នកបោះឆ្នោតជាច្រើនដែលចាប់អារម្មណ៍លើបេក្ខជនដែលមានទស្សនៈកណ្ដាលនិយម»។
អតីតអភិបាលក្រុង New York លោក Mike Bloomberg មានការគាំទ្រកើនឡើងនៅក្នុងការស្ទង់មតិ ហើយលោកគ្រោងចូលរួមក្នុងការបោះឆ្នោតបេក្ខភាពប្រធានាធិបតីនៅខែក្រោយ។
លោកថ្លែងដូច្នេះថា៖ «ខ្ញុំជាអ្នកដែលអាចផ្ដួលលោក Trump បាន ហើយរឿងសំខាន់សម្រាប់សហរដ្ឋអាមេរិកគឺការផ្លាស់ប្ដូរប្រធានាធិបតី»។
ប៉ុន្តែលោក Sanders បានរិះគន់លោក Bloomberg និងទ្រព្យសម្បត្តិរបស់លោក។
លោក Sanders បញ្ចាក់ថា៖ «មកដល់ពេលនេះ ពួកយើងកំពុងប្រជែងជាមួយនឹងមហាសេដ្ឋី និងបេក្ខជនណាដែលឧបត្ថម្ភដោយមហាសេដ្ឋី»។
លោក Sanders និងលោក Buttigieg ធ្វើបានល្អនៅក្នុងការប្រកួតកាលពីលើកមុនៗ ប៉ុន្តែទិដ្ឋភាពពិតប្រាកដនៅមិនទាន់ដឹងនៅឡើយទេ។
លោក Jim Kessler នៃអង្គការ Third Way ថ្លែងដូច្នេះថា៖ «នេះគឺជាការប្រកួតដែលនឹងបន្តទៅមុខប៉ុន្មានសប្ដាហ៍ទៀត យ៉ាងហោចណាស់ដល់ការបោះឆ្នោតថ្ងៃទី ៣ ខែមិនាខាងមុខ»។
រដ្ឋចំនួន ១៤ នឹងធ្វើការបោះឆ្នោតនៅថ្ងៃទី ៣ ខែមិនា ប៉ុន្តែលោក Allan Lichtman នៃសាកលវិទ្យាល័យ American University ថា ការប្រកួតនេះអាចបន្តយូរជាងនេះ។
លោក Allan Lichtman បញ្ជាក់ដូច្នេះថា៖ «ការប្រកួតនេះអាចជាការប្រកួតដ៏យូរមួយដោយបេក្ខជនផ្សេងៗគ្នាអាចឈ្នះការបោះឆ្នោតបឋមនេះផ្សេងគ្នា ដោយគ្មានបេក្ខជនណាម្នាក់នាំមុខដាច់គេនៅពេលសន្និបាតតែងតាំងបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យចូលមកដល់។ ហើយដល់ពេលនោះ គណៈប្រតិភូអាចជ្រើសរើសបេក្ខជនប្រធានាធិបតីតែម្ដង»។
ទោះជាយ៉ាងនេះក្ដី ឥឡូវនេះ បេក្ខជនទាំងនេះកំពុងផ្ដោតលើការបោះឆ្នោតបេក្ខភាពប្រធានាធិបតីនៅរដ្ឋ Nevada និងរដ្ឋ South Carolina នៅចុងខែនេះ៕
ប្រែសម្រួលដោយ ភី សុភាដា