អតីតប្រធានាធិបតីអេហ្ស៊ីបហ៊ូស្នី មូបារ៉ាក់ (Hosni Mubarak) ត្រូវបានតុលាការលើកលែងការចោទប្រកាន់ទាំងអស់ ដែលរួមមានការចូលរួមពាក់ព័ន្ធក្នុងការសម្លាប់បាតុករក្នុងពេលបះបោរឆ្នាំ២០១១ដែលបានបណ្តេញរូបលោកចេញពីតំណែង។
ចៅក្រមម្នាក់បានឡើងថ្លែងបន្តិចនៅថ្ងៃសៅរ៍នេះ នៅក្នុងបន្ទប់តុលាការដែលមានមនុស្សកកកុញ មុននឹងប្រកាសថារាល់បទចោទប្រកាន់ទាំងអស់ប្រឆាំងនឹងមេដឹកនាំដែលត្រូវគេទម្លាក់ពីអំណាចរូបនេះត្រូវបានលើកលែងចោល។
អ្នកចូលរួមក្នុងបន្ទប់តុលាការបានផ្ទុះសំឡេងអបអរសប្បាយ នៅពេលដែលសាលក្រមនោះត្រូវបានប្រកាស។ កូនប្រុសរបស់លោកមូបារ៉ាក់ និងជនជាប់ចោទដទៃទៀតបានថើបថ្ងាសរបស់លោកក្នុងពេលដែលលោកស្តាប់សាលក្រមពីគ្រែសែង។
នៅក្នុងសាលក្រមដ៏វែងអន្លាយ ចៅក្រមបានទទូចសុំកុំឱ្យអ្នកសារព័ត៌មានធ្វើអត្ថាធិប្បាយឬវិភាគអ្វីអំពីសំណុំរឿងនេះ រហូតទាល់តែពួកគេអានឯកសាដែលមាន១.៤៣០ទំព័រពន្យល់ពីការសម្រេចចិត្តនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងមន្ត្រីសន្តិសុខជាន់ខ្ពស់៦រូបទៀតដែលរងការចោទប្រកាន់ថាបានបញ្ជាឱ្យមានការបាញ់សម្លាប់បាតុកររាប់រយនាក់ក៏ត្រូវលើកលែងការចោទប្រកាន់ដែរ។ លោកមូបារ៉ាក់និងមន្ត្រីដទៃទៀតត្រូវរងការចោទប្រកាន់ពីបទបញ្ជាឱ្យសម្លាប់បាតុកររាប់រយនាក់។
អតីតមេដឹកនាំដែលមានវ័យ៨៦ឆ្នាំនេះក៏ត្រូវបានលើកលែងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយដែលលោកនិងកូនប្រុសឈ្មោះអាឡា (Alaa) និងហ្កាម៉ាល់ (Gamal)។ ប៉ុន្តែពេលបច្ចុប្បន្ននេះលោកទទួលទោសបីឆ្នាំទាក់ទងនឹង ការចោទប្រកាន់ក្នុងការគៃបន្លំប្រាក់ក្នុងករណីផ្សេងមួយទៀត។
លោកប្រធានាធិបតីដែលបានដឹកនាំប្រទេសអេហ្ស៊ីបជិតបីទសវត្សរ៍ត្រូវបានកាត់ទោសឱ្យជាប់គុកមួយជីវិតក្នុងឆ្នាំ២០១២ទាក់ទងនឹងការសម្លាប់បាតុករ។ សាលក្រមនោះត្រូវបានតុលាការកំពូលបញ្ជូនត្រឡប់ឱ្យមកធ្វើការកាត់ទោសជាថ្មីឡើងវិញបន្ទាប់ពីលោកបានប្តឹងជំទាស់៕