បើគ្មានលទិ្ធប្រជាធិបតេយ្យពិតប្រាកដ និងប្រព័ន្ធប្រឆាំងអំពើពុករលួយដែលស្របច្បាប់ទេ នោះប្រទេសកម្ពុជានឹងឆ្ពោះទៅរកការជាប់បំណុលវណ្ឌក ការងារកំប៉ិកកំប៉ុក ដីធ្លីដែលត្រូវបានគេកេងប្រវ័ញ្ច និងធនធានធម្មជាតិដែលហិនហោច ក្រោមចំណងទាក់ទងជាមួយចិន។ នេះជាការអត្ថាធិប្បាយរបស់អ្នកស្រី មូរ សុខហួរ អតីតមេដឹកនាំនយោបាយជំទាស់ជាន់ខ្ពស់មួយរូបរបស់កម្ពុជា ដែលបានភៀសខ្លួនទៅរស់នៅក្រៅប្រទេស។
ការអត្ថាធិប្បាយនេះធ្វើឡើង នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយកាសែត Asia Times ដែលបានចុះផ្សាយតាមប្រព័ន្ធអ៊ីនធើណិត កាលពីចុងខែកញ្ញា។
បើតាមកាសែត Asia Times ប្រាំពីរឆ្នាំ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូលកម្ពុជា អ្នកស្រី មូរ សុខហួរ ដែលធ្លាប់ជាមេដឹកនាំកំពូលមួយរូបរបស់គណបក្សជំទាស់ដ៏ធំមួយនេះ បានបន្តតតាំងសណ្តាប់ធ្នាប់នយោបាយមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជាដែលបានមកពីការបោះឆ្នោតនាពេលថ្មីៗនេះ ហើយដែលគណបក្សសង្គ្រោះជាតិចាត់ទុកថា មិនសេរី និងត្រឹមត្រូវ។
អ្នកស្រី មូរ សុខហួរ ដែលបច្ចុប្បន្នជាប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប្រាប់កាសែត Asia Times ថា លោកខាងលិចគួរតែពិនិត្យឡើងវិញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចុះហត្ថលេខាកាលពីឆ្នាំ ១៩៩១ ដើម្បីធានាបានអធិបតេយ្យភាព និងការតាំងចិត្តរបស់កម្ពុជាតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្រោយពីការកើតមានសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ដែលបញ្ឆេះដោយការប្រជែងអំណាចក្នុងតំបន់។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយកាសែត Asia Time អ្នកស្រីអះអាងថា ឯករាជ្យភាពរបស់កម្ពុជាស្ថិតក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើងដោយសារការរីកធំនៃអំណាចរបស់ចិន និងឥទ្ធិពលលើគណបក្សគ្រប់គ្រប់ប្រទេសកម្ពុជាគឺគណបក្សប្រជាជនកម្ពុជា។ អ្នកស្រីថ្លែងថា ឥទ្ធិពលចិនបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ព្រោះគេឃើញការកើនឡើងវត្តមានយោធាចិន អំពើឆបោក និងប្រតិបត្តិការជួយដូរមនុស្សចាត់ចែងដោយអង្គការឧក្រិដ្ឋសម្ងាត់ចិន និងការផ្តល់ប្រាក់កម្ចីជាច្រើន តាមគំនិតផ្តួចផ្តើមក្រវ៉ាត់ផ្លូវពាណិជ្ជកម្មចិន (BRI) និងរំហូរចូលនៃការធ្វើអាជីវកម្មរ៉ែរបស់ចិន ក៏ដូចជាក្រុមហ៊ុនសាងសង់របស់ចិន។
សារព័ត៌មាន Asia Times បានរំលេចក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី មូរ សុខហួរនោះ អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានផ្តល់អាទិភាពលើចំណងទាក់ទងជាមួយចិន នៅពេលបញ្ចប់ការដឹកនាំជាច្រើនទសវត្សរ៍របស់លោក ខណៈទំនាក់ទំនងជាមួយលោកខាងលិចមានភាពជូរចត់លើបញ្ហាជាច្រើនពាក់ព័ន្ធនឹងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ហើយក៏គ្មានសញ្ញាណនៃការផ្លាស់ប្តូរក្នុងការផ្ទេរអំណាចបែបសន្តតិវង្ស ឬបន្តត្រកូលទៅកូនប្រុសគាត់ ដែលបានក្លាយជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ ២០២៣។
អ្នកស្រី មូរ សុខហួរ ត្រូវបានកាសែត Asia Times ដកស្រង់សម្តីតាមអត្ថន័យដើមថា៖ «ប្រទេសកម្ពុជាជាប់បំណុលប្រមាណ ១១ពាន់លានដុល្លារ ហើយ ៤០ភាគរយនៃបំណុលទាំងនោះគឺខ្ចីពីចិន។ នៅពេលយើងនិយាយអំពី BRI គឺលុយនោះមិនមែនឱ្យមកយើងទទេៗទេ។ វាជាប្រាក់កម្ចី ហើយវាគ្មានលក្ខខណ្ឌឱ្យគោរពនីតិរដ្ឋ ប្រជាធិបតេយ្យ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងតុលាការឯករាជ្យនៅកម្ពុជាទេ»។
អ្នកស្រីបានបន្ថែមថា៖ «វាក៏ជាកម្ចីដើម្បីជំរុញការអនុវត្តរបៀបវារៈរបស់ប្រធានាធិបតីចិនលោក Xi Jinping ស៊ី ជិនពីង ដើម្បីបានភាពគ្របដណ្តប់មិនថា តែក្នុងប្រទេសមួយ ឬតំបន់មួយទេ ប៉ុន្តែជាការគ្របដណ្តប់ទូទាំងសាកលលោក»។
អ្នកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ប្រាប់វីអូអេ បន្ថែមតាមប្រព័ន្ធទំនាក់ទំនង WhatsApp ថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យបានប្រឹងប្រែងប្រមូលការណ៍ពិតពាក់ព័ន្ធនឹងប្រទេសចិន ដើម្បីជំរុញឱ្យមានការជួយបន្ថយឥទ្ធិពលរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងលើប្រទេសកម្ពុជា ដោយសំដៅដល់ក្រុមប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
អ្នកស្រីថ្លែងថា៖ «ការធ្វើព័ត៌មានពិតអំពីប្រទេសចិន ដូចជាវត្តមានប្រទេសចិន យោធាចិននៅរាម ហើយនឹងវត្តមានរបស់ចិន គឺចិនម៉ាហ្វីយ៉ា [អង្គការឧក្រិដ្ឋសម្ងាត់ចិន] នៅឯទីក្រុងព្រះសីហនុ និងទីកន្លែងផ្សេងៗទៀត វត្តមានប្រទេសចិននៅក្នុងការឱ្យមានកម្ចីដោយឥតមានតម្លាភាព ប្រជាពលរដ្ឋអត់បានដឹងអ្វីខ្លះសោះ ហើយនឹងបំណុលប្រទេសកម្ពុជាទៅលើប្រទេសចិន»។
ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានកោតសរសើរទំនាក់ទំនងចិន និងកម្ពុជា ដែលបាននាំមកនូវវឌ្ឍនភាពជាច្រើនលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា។
លោកថ្លែងតាមប្រព័ន្ធ WhatsApp ថា៖ «ហើយទំនាក់ទំនងកម្ពុជាចិននេះគឺថា យើងឃើញស្រាប់ហើយមានការអភិវឌ្ឍ មានផលប្រយោជន៍ច្រើនណាស់សម្រាប់ប្រទេសកម្ពុជាយើង។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអ្វីៗគ្រប់បែបយ៉ាង។ យើងឃើញមានការលូតលាស់ខ្លាំងមែនទែនប្រទេសកម្ពុជា ហើយជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ»។
នៅក្នុងដំណើរការប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា លោកថ្លែងថា ប្រទេសកម្ពុជាជាប្រទេសមានលទ្ធិប្រជាធិបតេយ្យពេញលេញ ក្រោមហេតុផលថា មានគណបក្សនយោបាយជាច្រើនបានចុះឈ្មោះ ឈរឈ្មោះបោះឆ្នោត។ លោកបន្ថែមថា ប្រទេសចិនមានគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការប្រទេសដទៃ ដែលជាគោលនយោបាយរដ្ឋាភិបាលកម្ពុជាចង់បាន។
លោកបន្ថែមថា៖ «ដូចដែលសម្តេចតេជោធ្លាប់មានប្រសាសន៍បញ្ជាក់ច្បាស់ កម្ពុជាមិនយកអធិបតេយ្យភាពជាតិរបស់ខ្លួនទៅប្តូរយកជំនួយ ឬក៏ការអនុគ្រោះណាមួយពីបរទេសទេ បាទ។ សុំបញ្ជាក់ឱ្យច្បាស់កន្លែងត្រង់ហ្នឹង»។
ដោយឡែក អ្នកតាមដានភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី បានកត់សម្គាល់ថា ចិនជាប្រទេសមហាអំណាចមួយ ដែលមិនទាន់បានគិតគូរច្រើនលើការពង្រឹងការគោរពសិទ្ធិមនុស្ស និងច្បាប់ដែលទាក់ទងនឹងជំនួញរបស់ខ្លួន ដែលបានបង្កឱ្យមានបទឧក្រិដ្ឋពាណិជ្ជកម្មផ្សេងៗ ដូចជាការលាងលុយកខ្វក់ និងការបណ្តាក់ទុនដែលគិតតែពីផលចំណេញ ដែលបានបើកដៃឱ្យមេដឹកនាំប្រទេសប្រកាន់អំណាចអាជ្ញានិយមមួយចំនួនយកភាពធូររលុងនេះមកពង្រឹងអំណាចរបស់ផងខ្លួន។
លោកថ្លែងថា៖ «គាត់មិនសូវពង្រឹងគណនេយ្យភាព តម្លាភាពប៉ុន្មានទេ គឺផ្អែកទៅលើប្រទេសនីមួយៗ ក្នុងការចាត់ចែងរឿងផ្ទៃក្នុងខ្លួនឯង។ ក៏ប៉ុន្តែ ការធ្វើអ៊ីចឹង វាធ្វើឱ្យរដ្ឋាភិបាលដែលចូលចិត្ត ឬនិយមប្រើប្រាស់អំណាច ឬក៏អាជ្ញានិយមហ្នឹងគឺតែងតែយកផលប្រយោជន៍ហ្នឹងទៅពង្រឹងអំណាចបន្ថែម ទៅបង្កើនឥទ្ធិពលរបស់ខ្លួន ហើយការបង្កើនឥទ្ធិពលរបស់ខ្លួន អំណាចរបស់ខ្លួននេះ វាជះផលអវិជ្ជមានដល់ការរំលោភ ជះផលអវិជ្ជមានដល់ស្ថានភាពប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងឈានទៅដល់ការរំលោភសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងបណ្តាប្រទេសទាំងនោះផងដែរ»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីស្ថានទូតចិននៅទីក្រុងភ្នំពេញ តាមសារអ៊ីមែលតែគ្មានការឆ្លើយតប។
អ្នកស្រី មូរ សុខហួរ ថ្លែងក្នុងបទសម្ភាសន៍ជាមួយកាសែត Asia Times ទៀតថា នៅក្រោមក្របខណ្ឌ BRI ទីក្រុងប៉េកាំងផ្តល់កម្ចីជាច្រើនដើម្បីជួយកម្ពុជាសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ក្នុងនោះ គឺព្រលានយន្តហោះ ផ្លូវថ្នល់ ទំនប់ និងយុទ្ធសាស្រ្តថ្មីនៃការជីកព្រែក។ បើតាមអ្នកស្រី មូរ សុខហួរ ជាថ្នូរនឹងការទទួលបានផលប្រយោជន៍ទាំងនោះ ប្រទេសចិនត្រូវបានអនុញ្ញាតឱ្យបង្កើនវត្តមានយោធានៅក្នុងប្រទេសកម្ពុជា។
មេដឹកនាំចលនាខ្មែរដើម្បីប្រជាធិបតេយ្យរូបនេះបានឱ្យដឹងទៀតថា ភូមិសាស្ត្រដែលមានលក្ខណៈយុទ្ធសាស្ត្ររបស់កម្ពុជាអាចពង្រឹងជំហររបស់ចិន នៅក្នុងការឈ្លានពានណាមួយលើកោះតៃវ៉ាន់។ អ្នកស្រីថា ដោយការវិលត្រឡប់ទៅកាន់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ប្រទេសកម្ពុជាអាចនឹងមានរដ្ឋាភិបាលប្រជាធិបតេយ្យជាមួយនឹងអំណាចដែលអាចច្រានចោលវត្តមានយោធាចិន និងជួយរារាំងមិនឱ្យមានសង្គ្រាមរោលរាលនៅច្រកសមុទ្រតៃវ៉ាន់៕