គណៈកម្មការទន្លេមេគង្គ(Mekong River Commission ឬ MRC)អះអាងថាខ្លួនកំពុងតែធ្វើការជាមួយកម្ពុជា ដើម្បីពន្លឿនការស្នើសុំទិន្នន័យ និងការចែករំលែកព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងការស្ថាបនាព្រែកជីកហ្វូណន ខណៈវៀតណាមបានជំរុញកម្ពុជាចែករំលែកព័ត៌មានលម្អិត និងការសិក្សាផលប៉ះពាល់ឆ្លងដែនរួមគ្នាមួយ។
ឆ្លើយតបទៅនឹងសំណួររបស់វីអូអេ កាលពីសប្តាហ៍មុន គណៈកម្មការទន្លេមេគង្គបញ្ជាក់ក្នុងសារអ៊ីម៉ែលថាលេខាធិការដ្ឋាន MRC នឹងពិនិត្យមើលព័ត៌មានបន្ថែម ឬឯកសារដែលត្រូវផ្តល់ដោយប្រទេសកម្ពុជា ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយបច្ចេកទេស និងការសម្របសម្រួលបន្ថែមទៀតសម្រាប់ការសន្ទនារវាងប្រទេសជាសមាជិក រួមមានថៃ ឡាវ និងវៀតណាម។
បើតាមគណៈកម្មការទន្លេមេគង្គ MRC ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃទន្លេមេគង្គ និងគាំទ្រដល់ប្រទេសសមាជិកក្នុងការធានាថាគម្រោងនេះបានគិតទៅដល់ផលប៉ះពាល់បរិស្ថាន និងសង្គម កាត់បន្ថយកាន់តែតិច និងបន្ធូរបន្ថយផលប៉ះពាល់។
MRC បញ្ជាក់ថាដើម្បីសម្រេចបាននូវចំណុចនេះ វាទាមទារព័ត៌មានបន្ថែម ដើម្បីពិនិត្យបច្ចេកទេសឱ្យបានហ្មត់ចត់ និងផ្តល់អនុសាសន៍។ បើតាម MRC គណៈកម្មាធិការជាតិនៃទន្លេមេគង្គកម្ពុជា និងក្រសួងសាធារណៈការនិងដឹកជញ្ជូនកំពុងតែធ្វើការជាមួយគ្នា ដើម្បីផ្តល់ឯកសារបន្ថែមទៀត។
ជាបន្តបន្ទាប់ ប្រព័ន្ធផ្សព្វផ្សាយវៀតណាមមួយចំនួនបានចុះផ្សាយដោយស្រង់សម្តីមន្ត្រីការទូតវៀតណាមពាក់ព័ន្ធនឹងការដែលវៀតណាមស្នើកម្ពុជាផ្តល់ព័ត៌មាន និងវាយតម្លៃលើផលប៉ះពាល់នៃការស្ថាបនាព្រែកជីក លើធនធានទឹក និងបរិស្ថានអេកូឡូស៊ីនៃតំបន់ដីសណ្តទន្លេមេគង្គ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Doan Khac Viet ត្រូវបានសារព័ត៌មានវៀតណាមនានាស្រង់សម្តីថា៖ «វៀតណាមចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព័ត៌មានអំពីគម្រោងព្រែកជីកហ្វូណនតេជោ។ យើងបានស្នើឱ្យកម្ពុជាសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាម និងគណៈកម្មការទន្លេមេគង្គក្នុងការចែករំលែកព័ត៌មាន និងវាយតម្លៃផលប៉ះពាល់របស់គម្រោងលើធនធានទឹក និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ ដើម្បីធានាបាននូវផលប្រយោជន៍ប្រកបដោយសុខដុមរមនានៃប្រទេសជាប់ទន្លេ និងអ្នកស្រុកក្នុងតំបន់»។
សារព័ត៌មាន Vietnamnet.vn បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី៣ ខែឧសភាថាវៀតណាមបានស្នើឯកសារផ្សេងៗ ដូចជាការស្រាវជ្រាវរួមគ្នាទៅលើផលប៉ះពាល់ និងអនុវត្តតាមគោលការណ៍ណែនាំរបស់ MRC សម្រាប់ការវាយតម្លៃផលប៉ះពាល់ឆ្លងដែន។
ក្រោយមានភាពចម្រូងចម្រាសនានាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ដែលទទួលបន្ទុកកិច្ចការព្រែកជីកនេះ លោក ស៊ុន ចាន់ថុល លើកឡើងថាកម្ពុជាបានជូនដំណឹងទៅគណៈកម្មការទន្លេមេគង្គ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ អំពីការស្ថាបនាព្រែកជីកនេះ។ លោកបន្ថែមថាកម្ពុជាមិនមានកាតព្វកិច្ចផ្តល់ព័ត៌មានឱ្យប្រទេសណាផ្សេង ក្រៅពីគណៈកម្មការទន្លេមេគង្គឡើយ។
លោកបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីសប្តាហ៍មុនថា៖ «អ៊ីចឹងគ្មានកាតព្វកិច្ចកម្ពុជាបញ្ជូនដំណឹងទៅ តិចថាក្រសួងធនធានទឹកនៅថៃ នៅឡាវ កម្ពុជាសូមបញ្ជូនព័ត៌មានឱ្យយើងខ្ញុំ សុំទោស ចង់បានព័ត៌មាន ទៅយកពីគណៈកម្មការទន្លេមេគង្គ។ កម្ពុជាគ្មានកាតព្វកិច្ច ភារកិច្ចបញ្ជូនព័ត៌មានឱ្យអ្នកណាទាំងអស់ ក្រៅពីបញ្ជូនទៅគណៈកម្មការទន្លេមេគង្គអន្តរជាតិ។ តែប៉ុណ្ណឹងទេ សូមបញ្ជាក់ឱ្យច្បាស់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីលោក ស៊ុន ចាន់ថុល បាននៅឡើយទេ។ វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សូ សុភ័ទ្ទ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានដែរ។
ចំណែកអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ផន រឹម បដិសេធមិនផ្តល់ការអត្ថាធិប្បាយបន្ថែម ពាក់ព័ន្ធនឹងការចង់បានរបស់វៀតណាមទៅលើការសិក្សារួមគ្នាអំពីផលប៉ះពាល់ឆ្លងដែន។
គម្រោងព្រែកជីកហ្វូណនតេជោនេះជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម(Belt and Road Initiative ឬ BRI) របស់រដ្ឋាភិបាលចិនដែលមានចំណងមិត្តភាពដែកថែបជាមួយកម្ពុជា។ គម្រោងដ៏មានមហិច្ឆតារបស់កម្ពុជាមួយនេះក៏កំពុងត្រូវបានសារព័ត៌មានអន្តរជាតិមួយចំនួនរាយការណ៍ថាវាអាចបង្កជាក្តីបារម្ភផ្នែកសន្តិសុខដល់រដ្ឋាភិបាលទីក្រុងហាណូយ ពាក់ព័ន្ធនឹងការពង្រីកឥទ្ធិពលរបស់ចិន ប្រសិនបើផ្លូវទឹកមួយនេះត្រូវបានរដ្ឋាភិបាលទីក្រុងភ្នំពេញប្រើប្រាស់លើសពីក្របខណ្ឌពាណិជ្ជកម្ម។
គម្រោងព្រែកជីកនេះមានប្រវែង១៨០គីឡូម៉ែត្រ និងមានតម្លៃប្រមាណ ១.៧០០ លានដុល្លារអាមេរិក។ បើតាមគម្រោង ព្រែកជីកនេះនឹងចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ក្នុងតំបន់កំពង់ផែស្វយ័តស្រុកកៀនស្វាយ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។ រដ្ឋាភិបាលអះអាងថា ប្រជាជនសរុបប្រមាណ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកមួយនេះ ហើយព្រែកជីកមួយនេះនឹងបង្កើតការងារសម្រាប់ពួកគេផងដែរ។ ក្រុមហ៊ុនចិនជាអ្នកវិនិយោគលើគម្រោងព្រែកជីកនេះ តាមទម្រង់ BOT (Build Operate and Transfer) ឬហៅថាសាងសង់ ប្រតិបត្តិការ និងផ្ទេរ។ នេះមានន័យថាក្រុមហ៊ុនចិននឹងគ្រប់គ្រងផ្លូវទឹកនេះ ក្នុងរយៈពេលកំណត់ណាមួយ អាចដល់៥០ឆ្នាំ មុននឹងប្រគល់មកឱ្យកម្ពុជាគ្រប់គ្រងវិញ៕