ក្រុមយុវជននៃមាតាធម្មជាតិដែលធ្លាប់ជាប់ពន្ធនាគារបានបន្តប្តេជ្ញាការពារធនធានធម្មជាតិ បើទោះបីជាពួកគេនៅរងការបំភិតបំភ័យ ការរឹតត្បិតសិទ្ធិសេរីភាពក៏ដោយ។
ការប្តេជ្ញាចិត្តរបស់ពួកគេធ្វើឡើងក្នុងពិធីអបអរសាទរដែលក្រុមយុវជនទាំងនេះទទួលបានពានរង្វាន់ Right Livelihood ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអ៊ែត។ ពួកគេគ្រោងនឹងចេញទៅទទួលពានរង្វាន់នេះនៅខែវិច្ឆិកាខាងមុខ ប្រសិនបើតុលាការកម្ពុជាអនុញ្ញាតឱ្យពួកគេចេញក្រៅប្រទេស ដោយសារបទចោទប្រកាន់លើពួកគេមិនទាន់ត្រូវបានទម្លាក់ចោល។
ក្រុមយុវជនបានរៀបចំពិធីអបអរសាទរមួយ នៅក្នុងហាងមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកញ្ញា ដោយមានយុវជនប្រមាណ ៣០ នាក់ចូលរួម។
កញ្ញា ឡុង គន្ធា អាយុ២៥ឆ្នាំ ដែលជាយុវតីម្នាក់នៃចលនាមាតាធម្មជាតិ និងធ្លាប់ជាប់ពន្ធនាគារ នៅតែចាត់ទុកសកម្មភាពនិងយុទ្ធនាការរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ មិនខុសច្បាប់ ដូចតុលាការចោទប្រកាន់នោះទេ។ កញ្ញាបន្តថា បើទោះបីជាក្រុមរបស់កញ្ញា ដែលរួមមានលោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុធ ជាដើម បន្តរងការចោទប្រកាន់យ៉ាងណាក៏ដោយ ក៏ក្រុមមួយនេះនៅតែបន្តសកម្មភាពដដែល ដោយមិនរាថយក្នុងការការពារធនធានធម្មជាតិ និងការពារសិទ្ធិមនុស្ស។

កញ្ញា ឡុង គន្ធា ជាយុវតីម្នាក់នៃចលនាមាតាធម្មជាតិ ថ្លែងក្នុងពិធីមួយក្រោយទទួលបានពានរង្វាន់ Right Livelihood 2023 រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
កញ្ញាលើកឡើងថា៖ «នៅពេលដែលថ្មីៗនេះ បន្ទាប់ពីការចាប់ដាក់ពន្ធនាគារលើកទី ៤ ពួកយើងបានចេញត្រឡប់មកវិញ ហើយបច្ចុប្បន្ន ពួកយើងទាំង ៤ នាក់ គឺគ្រាន់តែនៅក្រៅឃុំបណ្តោះអាសន្នទេ គឺយើងកំពុងតែនៅជាប់បទចោទមួយទៀត បទរួមគំនិតក្បត់ គឺយើងនៅរងចាំការជំនុំជម្រះ។ ហើយអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ»។
បើតាមកញ្ញា ឡុង គន្ធា ការបំផ្លាញធនធានធម្មជាតិ និងការកាត់ដីឧទ្យានជាតិ នៅតែមាន ខណៈរដ្ឋាភិបាលមិនទាន់ដាក់កោះកុងក្រៅក្នុងខេត្តកោះកុងជាតំបន់ការពារនៅឡើយ។ ចំណែកបទល្មើសព្រៃឈើក៏នៅតែកើតមាន បូករួមការគោរពសិទ្ធិមនុស្សដែលរដ្ឋមិនទាន់ផ្តល់ឱ្យបានពេញលេញនៅឡើយ។ កញ្ញាស្នើទៅរដ្ឋាភិបាលអាណត្តិទី ៧ គិតគូរអំពីបរិស្ថាន ការគោរពសិទ្ធិមនុស្ស និងការពារធនធានធម្មជាតិ។
កញ្ញា ឡុង គន្ធា សង្កត់ធ្ងន់ថា ក្រុមយុវជនចលនាមាតាធម្មជាតិ មិនបានបម្រើនិន្នាការបរទេស ឬបម្រើគណបក្សនយោបាយណាមួយឡើយ។ កញ្ញាបន្ថែមថា បើទោះបីជារដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សណាក៏ដោយ បើមិនគោរពសិទ្ធិមនុស្ស និងការពារធនធានធម្មជាតិទេ នោះក្រុមចលនាមាតាធម្មជាតិនៅតែបន្តលើកឡើងពីភាពអសកម្មទាំងនោះ ដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយ។
កញ្ញាថ្លែងថា៖ «រដ្ឋាភិបាលតែងតែចោទថា យើងយកលុយបរទេស បម្រើឱ្យឆន្ទៈបរទេស ។ ខ្ញុំអត់ដឹងថា តើបរទេសណាទេ។ ហើយបើថា យើងនិយាយថា ការយកលុយបរទេស គឺរដ្ឋាភិបាលយកលុយបរទេសច្រើនមែនទែន។ មួយឆ្នាំៗ គឺរដ្ឋាភិបាលយកជំនួយបរទេសច្រើនណាស់ ទាក់ទងទៅនឹងគម្រោងផ្សេងៗ ការការពារព្រៃឈើផង អីផង ប៉ុន្តែសួរថា តើកម្រិតនៃការការពារបានប៉ុណ្ណា? ហើយបើនិយាយថា ពួកយើងធ្វើការរាល់ថ្ងៃ ធ្វើការដើម្បីបម្រើឆន្ទៈបរទេស បម្រើប្រយោជន៍បរទេស។ សួរថាការពារធនធានធម្មជាតិដើម្បីបរទេស ឬដើម្បីខ្មែរ? ការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា តើប្រទេសកម្ពុជាជារបស់បរទេស ឬក៏ជារបស់ខ្មែរ?»
លោក ថុន រដ្ឋា អាយុ៣១ឆ្នាំ ជាយុវជនចលនាមាតាធម្មជាតិម្នាក់ទៀត យល់ថា រដ្ឋាភិបាល គួរតែមានមោទនភាពដែលយុវជនកម្ពុជាទទួលបានពានរង្វាន់ការពារបរិស្ថានមួយនេះ។
លោកថ្លែងថា៖ «ឥឡូវយើងទទួលបានពានសកលដ៏ធំមួយទៀត អ៊ីចឹងយើងជឿជាក់ថា រដ្ឋាភិបាលក៏គួរមានមោទកភាពជាមួយនិង កូនខ្មែរក៏គួរមានមោទនភាពជាមួយក្រុមយុវជន ដែលសុទ្ធសឹងតែជាយុវជន ប៉ុន្តែបានធ្វើរឿងដ៏អស្ចារ្យសម្រាប់ពិភពលោក។ យើងសង្ឃឹមថា បទចោទទាំងអស់លើសកម្មជនមាតាធម្មជាតិនឹងទម្លាក់ចោល»។
លោក ថុន រដ្ឋា ជាយុវជនម្នាក់នៃចលនាមាតាធម្មជាតិ ថ្លែងក្នុងពិធីមួយក្រោយទទួលបានពានរង្វាន់ Right Livelihood 2023 រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក ថុន រដ្ឋា លើកឡើងថា ពានរង្វាន់ Right Livelihood ដែលក្រុមយុវជនទទួលបាននេះ មិនមែនសម្រាប់ក្រុមចលនាមាតាធម្មជាតិទេ តែជារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។
បើទោះប្រឈមការរឹតត្បិត ក្រុមចលនាមាតាធម្មជាតិ ដែលរួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក លី ចាន់ដារ៉ាវុធ នៅតែប្តេជ្ញាបន្តសកម្មភាពរបស់ពួកគេក្នុងការការពារធនធានធម្មជាតិ។ នេះបើតាមការបញ្ជាក់របស់ពួកគេ កាលពីថ្ងៃទី ២៨ ខែកញ្ញា ក្នុងពិធីអបអរសាទរទទួលពានរង្វាន់ថ្មី។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់វីអូអេថា រដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់ចំពោះការអភិវឌ្ឍអ្វីមួយ ដើម្បីទាញយកផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលត្រូវការទាញយក[ផលប្រយោជន៍] ឧទាហរណ៍អគ្គិសនី ទាញយកទេសចរណ៍ ទាញយកផលប្រយោជន៍ផ្សេងៗពីតំបន់ណាដែលគេគិតថា ទទួលបានផលប្រយោជន៍ គួរតែអភិវឌ្ឍ។ ប៉ុន្តែមានសកម្មជនដែលតាំងខ្លួនជាសកម្មជនយល់ឃើញផ្ទុយ តាមចិត្តដែលខ្លួនចង់ឃើញទៅជាថា ការអភិវឌ្ឍទៅជាប៉ះពាល់បរិស្ថានអី។ អាហ្នឹងជាការយល់ឃើញរបស់គាត់ ប៉ុន្តែត្រូវយល់ថា រាជរដ្ឋាភិបាលក៏មានគោលការណ៍ គោលនយោបាយច្បាស់លាស់ ធ្វើសកម្មភាពអភិវឌ្ឍប្រទេសដើម្បីទាញយកផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជនដែរ»។
បើតាមអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ពលរដ្ឋម្នាក់ៗមានសិទ្ធិសេរីភាពបញ្ចេញមតិ និងធ្វើសកម្មភាពផ្សេងៗស្របតាមច្បាប់ ប៉ុន្តែមិនអាចរំលោភបំពានសិទ្ធិអ្នកដទៃ ធ្វើឱ្យប៉ះពាល់ទំនៀមទម្លាប់ប្រពៃណីជាតិ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។
ចាប់តាំងពីឆ្នាំ ២០១៣ មក ក្រុមចលនាមាតាធម្មជាតិបានធ្វើសកម្មភាពជាច្រើន ដោយរួមមាន យុទ្ធនាការបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង យុទ្ធនាការបញ្ឈប់ការបូមខ្សាច់នៅខេត្តកោះកុង យុទ្ធនាការប្រឆាំងនឹងការបង្ហូរទឹកកង្វក់នៅខេត្តព្រះសីហនុ បញ្ហាសំរាម ការសាងសង់អគាររំលោភលើឆ្នេរសមុទ្រ និងការលុបបឹងនានាក្នុងរាជធានីភ្នំពេញជាដើម។ នេះបើតាមការលើកឡើងរបស់ក្រុមយុវជននៃចលនាមាតាធម្មជាតិ។
សកម្មជនបរិស្ថានទាំងនោះ ក៏កំពុងប្រឈមនឹងបទចោទរបស់តុលាការ ក្នុងសំណុំរឿង «រួមគំនិតក្បត់» ដែលពួកគេមិនត្រូវបានអនុញ្ញាតឱ្យចេញទៅក្រៅប្រទេសឡើយ។ នេះបើយោងតាមសកម្មជន៕