ពលរដ្ឋអាមេរិកាំងភាគច្រើនជឿថា ប្រទេសចិនប្រើប្រាស់បណ្ដាញសង្គមអនឡាញ TikTok ដើម្បីផ្លាស់ប្តូរទស្សនៈសាធារណជនអាមេរិកាំង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើការស្ទង់មតិរបស់ Reuters/Ipsos ស្របពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកខិតកាន់តែជិតទៅដល់ការដាក់បម្រាមលើការប្រើប្រាស់ TikTok នេះ។
នៅក្នុងការស្ទង់មតិរយៈពេល ២ ថ្ងៃ ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី ៣០ ខែមេសាកន្លងទៅនេះ អ្នកចូលរួមឆ្លើយសំណួរប្រមាណ ៥៨% បានយល់ស្របជាមួយនឹងការលើកឡើងដែលថារដ្ឋាភិបាលចិនបានប្រើ TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance របស់ចិន ដើម្បី «ជះឥទ្ធិពលលើទស្សនៈសាធារណជនអាមេរិកាំង»។
អ្នកចូលរួមក្នុងការស្ទង់មតិនេះប្រមាណ ១៣% មិនយល់ស្របលើរឿងនេះ ខណៈអ្នកចូលរួមផ្សេងទៀតនៅមិនច្បាស់ឬមិនបានឆ្លើយនឹងសំណួរតែម្ដង។
អ្នកគាំទ្រគណបក្សសាធារណរដ្ឋទំនងជាជឿខ្លាំងជាងអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យថា ចិនកំពុងប្រើប្រាស់កម្មវិធីនេះដើម្បីជះឥទ្ធិពលលើទស្សនៈពលរដ្ឋអាមេរិកាំង។
ក្រុមហ៊ុន TikTok បានបញ្ជាក់ថា ខ្លួនបានចំណាយប្រាក់ជាង ១.៥០០ លានដុល្លារអាមេរិកលើកិច្ចប្រឹងប្រែងធ្វើឱ្យមានសន្តិសុខលើប្រព័ន្ធទិន្នន័យនៃកម្មវិធីរបស់ខ្លួន ហើយថាខ្លួននឹងមិនចែករំលែកទិន្នន័យអ្នកប្រើប្រាស់ដែលជាពលរដ្ឋអាមេរិកាំងចំនួន ១៧០ លាននាក់ជាមួយរដ្ឋាភិបាលចិននោះឡើយ។ ក្រុមហ៊ុននេះបានបញ្ជាក់នៅចំពោះមុខសភាអាមេរិកកាលពីឆ្នាំមុនថា ខ្លួន «មិនគាំទ្រឬដកចេញនូវវីដេអូណាមួយតាមការចង់បានរបស់រដ្ឋាភិបាលចិននោះទេ»។
ក្រុមហ៊ុន TikTok មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំអត្ថាធិប្បាយនោះឡើយ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើច្បាប់មួយ ដោយទុកពេល ២៧០ ថ្ងៃឱ្យក្រុមហ៊ុន ByteDance ដែលគ្រប់គ្រង TikTok នេះឱ្យលក់សិទ្ធិកាន់កាប់ TikTok ដល់សហរដ្ឋអាមេរិក បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងការហាមឃាត់។
ក្រុមហ៊ុន TikTok បានសន្យាថានឹងប្រឆាំងនឹងបម្រាមនេះដោយចាត់ទុកបម្រាមនេះថាជាការរំលោភបំពានទៅលើការការពារសេរីភាពនៃការបញ្ចេញមតិដែលមានចែងក្នុងវិសោធនកម្មទីមួយនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ហើយអ្នកប្រើប្រាស់ TikTok នេះត្រូវគេរំពឹងថានឹងចាត់វិធានការផ្លូវច្បាប់ម្ដងទៀតប្រឆាំងទៅនឹងបម្រាមនេះ។
ចៅក្រមថ្នាក់ជាតិមួយរូបរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋ Montana កាលពីខែវិច្ឆិកាឆ្នាំមុនបានរាំងខ្ទប់ការដាក់បម្រាមរបស់រដ្ឋនេះលើការប្រើប្រាស់ TikTok ដោយលើកឡើងអំពីក្តីបារម្ភទាក់ទិននឹងសេរីភាពនៃការបញ្ចេញមតិ។
ក្រុមហ៊ុនស្ទង់មតិ Reuters/Ipsos បានរកឃើញថា ពលរដ្ឋអាមេរិកាំងចំនួន ៥០% គាំទ្រឱ្យមានការដាក់បម្រាមលើ TikTok ៣២% ប្រឆាំងនឹងបម្រាមនេះ ហើយក្រៅពីនេះគឺមិនច្បាស់លើបញ្ហានេះ។
ការស្ទង់មតិនេះបានធ្វើឡើងតែលើក្រុមមនុស្សពេញវ័យនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយមិនបានឆ្លុះបញ្ចាំងអំពីទស្សនៈរបស់ពលរដ្ឋអាមេរិកាំងដែលមានអាយុក្រោម ១៨ ឆ្នាំនោះទេ ដែលក្រុមពលរដ្ឋនេះច្រើនគួរសមគឺជាអ្នកប្រើប្រាស់ TikTok នៅក្នុងសហរដ្ឋអាមេរិក។
អ្នកចូលរួមក្នុងការស្ទង់មតិនេះចំនួន ៦ នាក់ក្នុងចំណោម ១០ នាក់ដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅបានគាំទ្របម្រាមនេះ បើធៀបទៅនឹងចំនួនប្រមាណ ៤ នាក់ក្នុងចំណោម ១០ នាក់ដែលមានអាយុចន្លោះពី ១៨ ឆ្នាំដល់ ៣៩ ឆ្នាំ។
ការស្ទង់មតិនេះបានបង្ហាញថា ពលរដ្ឋអាមេរិកាំងចំនួន ៤៦% យល់ស្របដោយលើកឡើងថា ប្រទេសចិនកំពុងប្រើប្រាស់កម្មវិធីនេះដើម្បី «ឈ្លបយកការណ៍លើពលរដ្ឋអាមេរិកាំងទូទៅ» ដែលជាការចោទប្រកាន់ដែលរដ្ឋាភិបាលចិនបានបដិសេធ។
កម្មវិធី TikTok មានការពេញនិយមជាខ្លាំងនៅគ្រប់កន្លែងទាំងអស់ក្នុងសហរដ្ឋអាមេរិក។ សូម្បីតែក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden ក៏កំពុងប្រើប្រាស់កម្មវិធីនេះដើម្បីទាក់ទាញអ្នកបោះឆ្នោតនៅមុនការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះផងដែរ។
ប៉ុន្តែសម្រាប់បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋលោក Donald Trump ដែលជាគូប្រជែងរបស់លោក Biden វិញបានរិះគន់លើបម្រាមនេះនិងមិនបានប្រើប្រាស់ TikTok នោះទេ។ លោកគឺជាអ្នកកាន់កាប់ភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុនដែលគ្រប់គ្រងលើបណ្តាញសង្គមអនឡាញ Truth Social របស់លោក។
ពលរដ្ឋអាមេរិកាំងភាគច្រើនប្រមាណ ៦០% បាននិយាយថា វាមិនត្រឹមត្រូវឡើយដែលបេក្ខជននយោបាយអាមេរិកប្រើប្រាស់កម្មវិធី TikTok ដើម្បីផ្សព្វផ្សាយលើកកម្ពស់យុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន។
ការចុះហត្ថលេខាលើច្បាប់របស់លោក Biden នេះបានកំណត់យកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ធ្វើជាកាលបរិច្ឆេទចុងក្រោយសម្រាប់ឱ្យ TikTok លក់កម្មសិទ្ធិទៅឱ្យសហរដ្ឋអាមេរិក គឺតែមួយថ្ងៃប៉ុណ្ណោះមុនពេលអាណត្តិប្រធានាធិបតីបច្ចុប្បន្នរបស់លោក Biden នឹងត្រូវបញ្ចប់ ប៉ុន្តែលោកអាចពន្យារកាលបរិច្ឆេទនេះ ៣ ខែបន្ថែមទៀត ប្រសិនបើលោកមើលឃើញថាក្រុមហ៊ុន ByteDance ដែលគ្រប់គ្រង TikTok នេះកំពុងធ្វើការទៅមុខលើការផ្លាស់ប្តូរសិទ្ធិកាន់កាប់ TikTok នេះ។
ការស្ទង់មតិដែលបានធ្វើឡើងអនឡាញនេះទទួលបានការឆ្លើយតបពីពលរដ្ឋអាមេរិកាំងពេញវ័យចំនួន ១.០២២ នាក់នៅទូទាំងសហរដ្ឋអាមេរិក ហើយមានអត្រាខុសគ្នាប្រមាណ ៣ ពិន្ទុភាគរយប៉ុណ្ណោះ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ