ដោយមានចំនួនករណីនៃជំងឺកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិកឡើងជិត៣លាន៥សែនករណីនិងកំពុងកើនឡើងបន្តទៀត រដ្ឋ តំបន់ និងទីកន្លែងពាណិជ្ជកម្មជាច្រើនទៀតកំពុងតម្រូវឲ្យពលរដ្ឋនិងអតិថិជនពាក់ម៉ាស់។
លោក Kay Ivey អភិបាលរដ្ឋអាឡាបាម៉ាភាគខាងត្បូងសហរដ្ឋអាមេរិក បានបញ្ជាឲ្យពលរដ្ឋទាំងអស់ចាប់ផ្តើមពាក់ម៉ាស់ដែលចូលជាធរមាននៅថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលរដ្ឋនេះបានរាយការណ៍ថា ចំនួនស្លាប់ថ្មីមានជិត៥០នាក់កាលពីថ្ងៃពុធម្សិលមិញ។ លោក Steve Bullock អភិបាលរដ្ឋម៉ុងតាណា បានតម្រូវឲ្យពាក់ម៉ាស់នៅក្នុងកន្លែងសាធារណៈទាំងអស់នៅក្នុងសង្កាត់នានាដែលមនុស្ស៤នាក់ទៀតបានធ្វើតេស្តមានជំងឺកូវីដ១៩វិជ្ជមាន។
Walmart ដែលជាហាងលក់ទំនិញរាយដ៏ធំបង្អស់របស់អាមេរិក នៅពេលថ្មីៗនេះ បានតម្រូវឲ្យអតិថិជនពាក់ម៉ាស់នៅហាងលក់ដូរទំនិញទាំងអស់របស់ខ្លួនជាង៥ពាន់ ហើយក៏ដូចជា ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក្រុមហ៊ុនលក់កាហ្វេ Starbucks ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិករាយ Best Buy និងក្រុមហ៊ុនលក់ទំនិញរាយថោក Costco ដែរ។
ក៏ប៉ុន្តែមេដឹកនាំរដ្ឋមួយចំនួនតូចបានបដិសេធពុំព្រមបញ្ជាឲ្យតម្រូវពាក់ម៉ាស់ ថ្វីបើមានការកើនឡើងជាមធ្យមនូវចំនួនមេរោគកូរ៉ូណាជាង៦ម៉ឺនករណីក្នុងមួយថ្ងៃនៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីដើមខែមិថុនាក៏ដោយ។ លោក Kevin Stitt អភិបាលរដ្ឋអូក្លាហាម៉ាដែលបានប្រកាសកាលពីថ្ងៃពុធថា លោកបានធ្វើរោគវិនិច្ឆ័យមានមេរោគកូរ៉ូណា។ លោក Stitt ជាអ្នកសាធារណរដ្ឋដែលបានចូលរួមយុទ្ធនាការឃោសនារបស់លោកប្រធានាធិបតីដូណាល់ ត្រាំនៅក្នុងទីក្រុងទល់ស្លាកាលពីខែមុនដែលពួកអ្នកជំនាញខាងសុខាភិបាលជឿថា ទំនងបានធ្វើឲ្យការឆ្លងជំងឺកូវី១៩ឡើងខ្លាំងនៅទីកន្លែងនោះ៕