យន្តហោះ​ចម្បាំង​របស់​ចិន​ជាង​២០​គ្រឿង​​ហោះ​ចូល​ដែន​អាកាស​របស់​តៃវ៉ាន់​

រូបថត​បញ្ចេញ​ដោយ​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​នេះ​បង្ហាញ​ពី​យន្តហោះ​ចម្បាំង​ចិន PLA J-16 ហោះ​នៅ​​ក្នុង​ដែន​អាកាស​ដែល​មិន​មាន​ការ​បញ្ជាក់​ទីតាំង។ តៃវ៉ាន់​​អះអាង​​ថា​យន្តហោះ​ចម្បាំង​ចិន​​២៨​គ្រឿង​បាន​​ហោះ​ចូល​ក្នុង​ដែន​អាកាស​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១។

រដ្ឋមន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់​បាន​និយាយ​ថា​យន្តហោះ​ចម្បាំង​ចិន ​២៨​គ្រឿង​បានហោះ​ចូល​ក្នុង​ដែន​អាកាស​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។​

រដ្ឋមន្ត្រី​រូប​នេះ​បន្ថែម​ថា​ក្បួន​យន្តហោះ​ចម្បាំង​និង​យន្ត​ហោះ​ទម្លាក់​គ្រាប់បែក​ជា​ច្រើន​គ្រឿង​បាន​ហោះ​ចូល​ភាគ​និរតី​នៃ​តំបន់​ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់។​ទ័ព​អាកាស​តៃវ៉ាន់​បាន​បញ្ជូន​យន្តហោះ​ជា​ច្រើន​គ្រឿង​និង​បាន​បើក​ប្រព័ន្ធ​ការពារ​ផ្លូវ​អាកាស​ជា​ការ​ឆ្លើយតប។​

ម្ដង​ហើយ​ម្ដង​ទៀត​ប្រទេស​ចិន​បានដាក់​ពង្រាយយន្តហោះ​ចម្បាំង​និង​នាវា​ចម្បាំង​ជិត​កោះ​តៃវ៉ាន់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការដាក់​សម្ពាធ​លើ​កោះ​តៃវ៉ាន់។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ជូន​យន្ត​ហោះ​ចម្បាំង​២៥​គ្រឿង​ចូល​ក្នុង​តំបន់​ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់​ម្ដង​ហើយ​កាល​ពី​ខែ​មេសា។

អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ចិន​បាន​និយាយ​ថា​ខ្លួន​បាន​បើក​ប្រតិបត្តិការនេះ​ដើម្បី​ឆ្លើយ​តប​នឹង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស​G-7ដែល​មាន​ប្រទេស​កាណាដា​បារាំង ​អាល្លឺម៉ង់​ អុីតាលី​ជប៉ុន ចក្រភព​អង់គ្លេស​និង​អាមេរិក​កាលពី​ថ្ងៃ​អាទិត្យអំពាវ​នាវមាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​សម្រាប់​ភាពតានតឹង​តាម​ច្រក​សមុទ្រ​តៃវ៉ាន់។​អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​ចោទ​ប្រកាន់​ថា​មេដឹក​នាំ​នៃ​ក្រុម​ប្រទេស ​G-7​ បាន​ជ្រៀត​ជ្រែក​កិច្ចការផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន។

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ទោះបី​ជា​កោះ​នេះ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​តាំង​ពី​ចប់​សង្គ្រាម​ស៊ីវិលក្នុង​ប្រទេស​ចិន​ក្នុង​ឆ្នាំ​១៩៤៩​នៅ​ពេល​ដែល​កម្លាំង​ជាតិ​និយម​របស់​លោក ​Chiang ​Kai-sheks​ ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​ទ័ព​កុម្មុយនីស្ត​ម៉ៅសេទុង។​ប្រទេស​ចិន​បាន​ប្តេជ្ញា​ថា​នឹង​ដាក់​តៃ​វ៉ាន់​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន​តាម​គ្រប់មធ្យោបាយ​ចាំបាច់​ទំាងអស់​រួម​ទាំង​ការ​ប្រើប្រាស់​យោធា​ផង​ដែរ។​

រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ផ្លាស់​ប្ដូរ​ទំនាក់​ទំនង​ការ​ទូត​ផ្លូវការ​ពី​ទីក្រុង​តៃប៉ិ​ទៅ​ទីក្រុង​ប៉េកំាង​ក្នុង​ឆ្នាំ​១៩៧៩​ប៉ុន្តែ​រដ្ឋបាល​លោក​អតីត​ប្រធានាធិបតី​ Donald Trump ​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​ខឹង​សម្បារដោយ​សារ​រដ្ឋបាល​របស់​លោកស្និទ្ធ​នឹង​តៃវ៉ាន់​ខ្លាំង​ឡើងៗ​ទំាង​ផ្នែក​ការទូត ​និង​យោធា​បន្ទាប់​ពី​លោក​ចូល​កាន់​តំណែង​ក្នុង​ឆ្នាំ​២០១៧​រហូត​ដល់​ចប់​អាណត្តិ​រយ:​ពេល​បួន​ឆ្នាំ៕