ការរញ្ជួយដីដែលមានកម្រិត៥,៦រិជ្ជទ័រ បានវាយប្រហារលើខេត្តជ្វាខាងលិច ឬ West Java របស់ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះ ដោយសម្លាប់មនុស្សជាង៦០នាក់នាក់។ នេះបើតាមការឱ្យដឹងរបស់ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ ខណៈពេលដែលក្រុមអ្នកជួយសង្គ្រោះនិងអាជ្ញាធរ កំពុងធ្វើការកំណត់ពីការវាយតម្លៃនៃការខូចខាតទាំងមូល។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
គ្រោះរញ្ជួយដីនេះកើតមានឡើងនៅក្នុងទីប្រជុំជន Cianjur ដែលមានចម្ងាយប្រមាណ៧៥គីឡូម៉ែត្រ ភាគអាគ្នេយ៍រដ្ឋធានី Jakarta ហើយដែលការរញ្ជូយនេះកើតក្នុងជម្រៅដីប្រមាណ១០គីឡូម៉ែត្រ។ នេះបើតាមការឱ្យដឹងរបស់ទីភ្នាក់ងារភូមិសាស្រ្តនិងអាកាសធាតុ BMKG របស់ឥណ្ឌូណេស៊ី។ ទីភ្នាក់ងារនេះក៏បានបន្ថែមផងដែរថា គ្រោះរញ្ជួយដីនេះមិនបណ្តាលឱ្យមានរលកយក្សស៊ូណាមិកនោះទេ។
លោក Herman Suherman មន្ត្រីរដ្ឋាភិបាលក្នុងទីប្រជុំជន Cianjur បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មានមនុស្សមួយចំនួនកំពុងនៅជាប់នៅក្នុងគំនរថ្មបាក់បែករបស់អគារនៅឡើយ។ បណ្តាញព័ត៌មានទូរទស្សន៍ Metro TV បានបង្ហាញពីអ្វីដែលទំនងជាជនរងគ្រោះជាច្រើនរយនាក់ ដែលកំពុងទទួលបានការព្យាបាលនៅកន្លែងចតឡានរបស់មន្ទីរពេទ្យមួយកន្លែង។
មានផ្ទះជាច្រើនខ្នង និងសាលារៀនឥស្លាមមួយកន្លែង ទទួលរងការខូចខាត ស្របពេលដែលភ្លើងអគ្គិសនីនៅក្នុងតំបន់គ្រោះរញ្ជួយដីនោះ បានដាច់ និងធ្វើឱ្យរាំងស្ទះដល់ការធ្វើទំនាក់ទំនងផងដែរ។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ី៕